Alynana Media Cambodia
Icon Collap
clinic narit

រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់ បានជំរុញឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើការចិញ្ចឹមឃ្មុំជាសហគមន៍

Media LNN | Jun 08, 2023
រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់ បានជំរុញឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើការចិញ្ចឹមឃ្មុំជាសហគមន៍
Clinic narith

ភ្នំពេញៈ រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន​លោក​ សាយ សំ​អាល់ បាន​ជំរុញឱ្យ​មាន​ការ​យ​កចិត្ត​ទុក​ដាក់​ខ្ពស់​លើ​ការចិ​ញ្ចឹម​ឃ្មុំ​ជា​សហ​គមន៍​និង​ការធ្វើ​ពិពិ​ធ​កម្ម​ផលិត​ផល​ពី​ឃ្មុំ ដើម្បី​លើក​ស្ទួយ​ជីវភាព​នៅ​មូល​ដ្ឋាន ពិសេស​ជា​ផ្នែក​មួយ​ជួយ​អភិរក្ស​ជីវ​ចម្រុះ ​តាមរយៈ​ការផ្លាស់​ប្តូរ​ឥរិយាបថ​របស់​ប្រជា​ពលរដ្ឋ​ពី​ការ​កាប់​ព្រៃឈើ​និង​បរ​បាញ់​សត្វ​ជា​ដើម​។​

​ការ​ជំរុញ​នេះធ្វើឡើង​នៅក្នុង​កិច្ច​ពិគ្រោះ​យោ​បល់​លើ​ផែនទី​បង្ហាញ​ផ្លូវក្នុ​ងការ​រៀបចំ​ផែន​ការ​ជាតិ​សម្រាប់​ការ​ចិញ្ចឹម​ឃ្មុំ​ប្រកប​ដោយ​និរន្ត​រភាព និង​ការ​អភិរក្ស​ឃ្មុំ​ព្រៃ​នៅ​កម្ពុជា​ នៅ​ថ្ងៃទី​៧ ​ខែមិថុនា ឆ្នាំ​២០២៣ ​ដែល​កិច្ច​ពិគ្រោះ​យោ​បល់​នេះ ​ក៏មាន​ការចូល​រួម​ពី​លោក ​សា​ដា អ៊ូ​ម៉ា អា​ឡា​ម អ្នក​តំណាង​អង្គការ​យូណេ​ស្កូ​ប្រចាំ​កម្ពុជា ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​ក្រសួង​បរិ​ស្ថាន ​តំណាង​ស្ថា​ប័ន និង​អង្គ​ការ​ដៃគូ ជា​ច្រើន​រូប​ទៀត​។​

​យោង​តាម​ក្រសួង​បរិស្ថាន ​លោក សាយ សំ​អាល់ បាន​ថ្លែង​ថា ការ​លើក​ស្ទួយ​ជីវភាព​សហ​គមន៍​មូល​ដ្ឋាន ​គឺជា​កិច្ច​ការ​អាទិ​ភាព​មួយ​របស់​ក្រសួង​បរិស្ថាន​។ ជាក់​ស្តែង ការ​អភិរក្ស​ឃ្មុំ​ព្រៃ ការ​ចិញ្ចឹម​ឃ្មុំ ការ​យក​ទឹក​ឃ្មុំ ​និង​ផលិត​ផល​ផ្សេងៗ​ពី​ឃ្មុំ ​ផ្ដល់​គុណ​ប្រយោជន៍​ជាច្រើន​ដល់​សហ​គមន៍​ពិសេស​ការលើក​កម្ពស់​ជី​វ​ភាព​សហ​គមន៍​ និង​ការ​ផ្ដល់​ជម្រើស​មុខ​របរ​ជូន​ប្រជា​សហ​គមន៍​។​

​លោក​បាន​បញ្ជាក់​ថា​៖«​កិច្ច​ការពារ​ធន​ធាន​ធម្ម​ជាតិ ​និង​អភិរក្ស​ជីវ​ចម្រុះ ​ទទួល​បាន​ជោគ​ជ័យ​លុះ​ត្រាតែ​ប្រជា​សហ​គមន៍​មូល​ដ្ឋាន​មាន​ប្រភព​ចំណូល​ជា​ប្រចាំ​និង​មាន​ជីវ​ភាព​ធូរ​ធារ​»​។​

​ជា​មួយ​គ្នា​នេះ​លោក​បាន​ជំរុញឱ្យ​មាន​ការយក​ចិត្ត​ទុកដាក់​ខ្ពស់​លើ​ការ​ចិញ្ចឹម​ឃ្មុំ​ជា​សហ​គមន៍​ការធ្វើ​ពិពិធ​កម្ម​ផលិត​ផល​ពី​ឃ្មុំ និង​ការធ្វើ​ស្លាក​យីហោ​ផលិត​ផល​ពី​ឃ្មុំ​ប្រចាំ​សហ​គមន៍​ ដោយ​ផ្តោត​លើ​ការ​សិក្សា​ថា​តើ​ដើម​ឈើ​ប្រភេទ​ណា ​ព្រៃ​ប្រភេទ​ណា ​ផ្កា​ប្រភេទ​ណា​ ដែល​ផ្ដល់​ផលិត​ផល​ពី​ឃ្មុំ ជា​ពិសេស​ទឹក​ឃ្មុំ ​មាន​គុណ​ភាព​ខ្ពស់​និង​ទាក់​ទាញ​។

 

​លោក​បាន​បន្ត​ថា​៖«​ទឹកឃ្មុំ​ត្រូវបាន​ប្រជា​ពលរដ្ឋ​ទូទៅ​ចាត់​ទុកជា​ឱសថ ប៉ុ​ន្តែ​ទឹកឃ្មុំ​គួរតែ​ត្រូវបាន​ចាត់​ជា​អាហារ​ប្រចាំ​ថ្ងៃដើម្បី​ជា​ប្រភព​ប្រូតេ​អ៊ីន ​និង​អាហា​រូប​ត្ថម្ភ​ដ៏​សំខាន់ សម្រាប់​ការ​លូត​លាស់​នៃ​សារ​ពាង្គកា​យ ហើយ​ផលិត​ផល​ពី​ឃ្មុំ​របស់​ខ្មែរ ត្រូវ​បំពេញ​តម្រូវ​ការ​ក្នុងស្រុ​ក​ផង​និង​មាន​វត្ត​មាន​នៅ​លើ​ទីផ្សារ​អន្តរជា​តិ​»​។​

​លោក​សា​ដា អ៊ូ​ម៉ា អា​ឡា​ម តំណាង​អង្គការ​យូណេស្កូ​​ប្រចាំ​កម្ពុជា​បានលើ​កឡើង​តាម​រយៈ​ក្រសួង​បរិស្ថាន​ថា ខ្សែ​ចង្វាក់​តម្លៃ​ទឹក​ឃ្មុំផ្តល់​ប្រភព​នៃ​ការ​លើក​កម្ពស់​ជីវភាព​រស់​នៅ​ដ៏​សំខាន់​សម្រាប់​សហ​គមន៍​កម្ពុជា​ជាច្រើ​ន ដែល​ពឹង​ផ្អែក​លើ​ធន​ធាន​ធម្មជាតិ​។ ប្រទេស​កម្ពុ​ជា​មាន​សក្តា​នុព​ល​ខ្ពស់​ក្នុង​ការ​អភិវឌ្ឍ​ខ្សែ​ចង្វាក់​តម្លៃ​ទឹកឃ្មុំ ​និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ចូល​ទៅ​កាន់​ទីផ្សារ ដែល​មាន​តម្លៃ​ខ្ពស់​នៅ​បណ្តា​ប្រទេស​ផ្សេងៗ​។

​លោក​ថា​៖ «​វា​គឺជា​ការ​ចាំបា​ច់​ត្រូវ​ពង្រឹង​ចំណេះ​ដឹង​បច្ចេក​ទេស ​និង​សមត្ថ​ភាព​ស្ថាប័ន ​ដើម្បី​អភិវឌ្ឍ​ទិន្ន​ន័យ​វិទ្យា​សាស្ត្រ​និង​ការ​ស្រាវ​ជ្រាវ និង​លើក​កម្ពស់​ការ​ចិញ្ចឹម​ឃ្មុំ​ប្រកប​ដោយ​ចីរ​ភាព​»​។​

​បើ​តាម​លោក សាយ សំ​អាល់ ​ដើម្បី​សម្រេច​បាន​គោលដៅ​​បំពេញ​តម្រូវ​ការ​ទាំង​ក្នុង​ស្រុក ​និង​ទីផ្សារ​អន្តរ​ជាតិ កម្ពុជា​ត្រូវ​មាន​ការងារ​ជា​អាទិ​ភាព​ចំនួន៣សំខាន់ ក្នុង​នោះ​រួម​មាន​៖ ការរៀប​ចំ​ផែនកា​រ​ជាតិ​ចិញ្ចឹម ​និង​ការ​អភិរក្ស​ឃ្មុំ​ព្រៃ​,ស្វែងរក​ទីផ្សារ​ក្នុង​ស្រុក និង​សម្រាប់​នាំចេញ​ និង​ការ​ផ្សព្វ​ផ្សាយ​ពី​ផលិត​ផល​ទាំង​នេះ​ឱ្យបាន​ទូលំ​ទូលាយ​៕