កណ្ដាល៖ ប្រធានក្រុមការងារថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះធំ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅព្រឹកថៃ្ងព្រហស្បតិ៍ ទី០៨ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុងសរសៃដែក ប្រវែង៧២ ម៉ែត្រ ទទឹង៦,៦០ម៉ែត្រ ស្ថិតនៅភូមិទួលស្លែង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល ដោយមានការចូលរួមពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះធំ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំគ្រប់ឃុំក្នុងស្រុក ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំលើកដែក ក្រុមប្រឹក្សាស្រុកកោះធំ សមាជិកក្រុមប្រឹក្សាក្រុងសំពៅពូន អភិបាលក្រុងសំពៅពូន អភិបាលស្រុកកោះធំ អង្គភាពជុំវិញស្រុក លោកមេឃុំគ្រប់ឃុំ និងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ៥០០នាក់។
នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបជូនពីសមិទ្ធផលសំខាន់ៗដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានខិតខំប្រឹងប្រែងអភិវឌ្ឍលើគ្រប់វិស័យ ពិសេសផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅក្នុងស្រុកកោះធំ ដែលបានធ្វើឱ្យស្រុកនេះបានកែប្រែមុខមាត់ប្រកបដោយមោទនភាព។
បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបង្ហាញពីសមិទ្ធផលថ្មីមួយក្នុងចំណោមសមិទ្ធផលដ៏ទៃទៀត នៃកិច្ចខិតខំរបស់រាជរដ្ឋាភិបាល សម្រាប់ស្រុកកោះធំនោះគឺ “មន្ទីរពេទ្យតេជោសែនកោះធំ” ដែលជាមន្ទីរពេទ្យទំនើបថ្មីមួយ ដែលបច្ចុប្បន្នបានសម្រេចការសាងសង់ប្រមាណជាង ៩៥% និងត្រៀមបើកឱ្យដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ។ អគារមន្ទីរពេទ្យនេះ មានចំនួន៣ខ្នង ទំហំសរុបស្មើនឹង ១២ ៥៤៤,៤ ម៉ែត្រក្រឡា ដែលអាចទទួលអ្នកជំងឺ ១៥០គ្រែ។
ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនពីវឌ្ឍនភាពនៃការអភិវឌ្ឍវិស័យហេដ្ឋានរចនាសម្ព័ន្ធធំៗក្នុងប្រទេសរួមមាន ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលជាគម្រោងផ្លូវល្បឿនលឿនប្រវត្តិសាស្ត្រលើកដំបូងក្នុងប្រទេសកម្ពុជា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលបានប្រារព្វពីធីបើកការដ្ឋានកាលពីព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ គម្រោងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ដែលក្រសួងសាធារណការ និងដឹកជញ្ជូនបានចុះហត្ថលេខាលើកិច្ចព្រងព្រៀងក្របខ័ណ្ឌ ជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) កាលពីរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ព្រមទាំងបានជម្រាបជូនប្រជាពលរដ្ឋពីគម្រោងព្រែកជីកហ្វូណនតេជោផងដែរ។
គួរកត់សម្គាល់ផងដែរថា ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងក្នុងស្រុកកោះធំ បានអនុញ្ញាតឱ្យស្រុកនេះកាន់តែមានសក្តានុពលផ្នែកសេដ្ឋកិច្ច ដែលអំណោយផលដល់ការរស់នៅ និងការប្រកបមុខរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ។ ផ្លូវសេដ្ឋកិច្ចសំខាន់ៗក្នុងស្រុកកោះធំមានដូចជា៖ ផ្លូវជាតិលេខ២១ ផ្លូវលេខ១១០ ផ្លូវលេខ១២៩ និងផ្លូវជាតិលេខ២៣ (ចាប់ពីផ្លូវលេខ១១០ សង្កាត់ជ្រោយតាកែវ ទៅស្រុកលើកដែក ប្រវែង ១៩,៨៣ គ.ម) ដែលគ្រោងនឹងបើកការដ្ឋាននាពេលឆាប់ៗនេះ។
ក្រៅពីផ្លូវសេដ្ឋកិច្ចសំខាន់ៗ រាជរដ្ឋាភិបាលក៏បានបន្តយកចិត្តទុកដាក់ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដ៏ទៃទៀតយ៉ាងច្រើនរួមមាន៖ ស្ពានឆ្លងទន្លេបាសាក់ (ស្ពានមិត្តភាពកម្ពុជា-ចិន) កីឡាដ្ឋានស្រុកកោះធំ និងអាងហែលទឹក ផ្លូវបេតុងតាមបណ្ដាឃុំនានាក្នុងស្រុក ស្ពាន ប្រឡាយទឹក មណ្ឌលសុខភាព វត្តអារាម ព្រមទាំងមានភ្លើងសូឡាបំភ្លឺសងខាងផ្លូវក្នុងឃុំ នៃស្រុកកោះធំផងដែរ៕