Alynana Media Cambodia
Icon Collap
clinic narit

កិច្ចព្រមព្រៀងរវាងធនាគារអេស៊ីលីដា ភីអិលស៊ី ជាមួយក្រុមហ៊ុនក្រេឌីតប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី

Media LNN | Jun 08, 2023
កិច្ចព្រមព្រៀងរវាងធនាគារអេស៊ីលីដា ភីអិលស៊ី ជាមួយក្រុមហ៊ុនក្រេឌីតប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី
Clinic narith

នៅ​ថ្ងៃ​ព្រហស្បតិ៍ ៥ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃ​ទី ៨ ខែ​មិថុនា ឆ្នាំ ២០២៣ ធនាគារ អេស៊ីលីដា ភីអិលស៊ី (​ធនាគារ អេស៊ីលីដា​) ជា​ធនាគារ​ពាណិជ្ជ​ទី​មួយ ដែល​បាន​បោះផ្សាយ​មូលបត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​នៅ​កម្ពុជា បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ ក្រុមហ៊ុន ក្រេ​ឌី​ត ប្យួ​រ៉ូ (​ខេ​ម​បូ​ឌា​) ខូ អិ​ល​ធី​ឌី ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុងការ​ផ្តល់នូវ​សេវា​ចែករំលែក​ព័ត៌មាន​ឥណទាន នៅ​កម្ពុជា​។ កិច្ចព្រមព្រៀង​នេះ​ធ្វើឡើង ក្នុង​គោលបំណង​ដើម្បី​ដាក់​ឲ្យ​ដំណើរការ​សេវា​ពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​លើ​កម្មវិធី​ទូរស័ព្ទ អេស៊ីលីដា ម៉ូ​បាល។បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា បាន​មាន​ប្រសាសន៍​ថា “​ធនាគារ អេស៊ីលីដា បាន​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន ក្រេ​ឌី​ត ប្យួ​រ៉ូ (​ខេ​ម​បូ​ឌា​) ខូ អិ​ល ធី​ឌី (​ស៊ី​ប៊ី​ស៊ី​) ជា​ជំហាន​ដំបូង ក្នុង​ឆ្នាំ ២០១៩ ក្នុង​ការ​ផ្ដល់​សេវាកម្ម​ត្រួតពិនិត្យ សុខភាព​ហិរញ្ញវត្ថុ ជូន​ដល់​អតិថិជន និង​សាធារណជន តាមរយៈ​ការ​ស្នើសុំ​ឆែក​របាយការណ៍​ឥណទាន​ផ្ទាល់ខ្លួន​នៅតាម​បណ្តា​ការិយាល័យ​សាខា ធនាគារ អេស៊ីលីដា នៅ​រាជធានី​ភ្នំពេញ និង​គ្រប់​ខេត្ត​ក្រុង​។ វា​ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់ សម្រាប់​អតិថិជន​ធ្វើការ​ត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ មុន​ដាក់ពាក្យ​ស្នើសុំ​ទទួលបាន​ឥណទាន ដែល​លក្ខខណ្ឌ​នេះ​ជាការ​កំណត់ឡើង​ដោយ​ច្បាប់​ផង និង​ការជួយ​ការពារ​ដល់​អតិថិជន និង​វិស័យ​ហិរញ្ញវត្ថុ​ទាំងមូល​ពី​ហានិភ័យ​នានា​ផងដែរ​”។ឥឡូវនេះ វា​ជា​ជំហាន​ទី ២ សម្រាប់​ធនាគារ អេស៊ីលីដា និង ស៊ី​ប៊ី​ស៊ី បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​គ្នា ដើម្បី​ដាក់​ឲ្យ​ដំណើរការ​សេវា​ពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ តាមរយៈ អេស៊ីលីដា ម៉ូ​បាល ដោយមាន​មុខងារ ស៊ី​ប៊ី​ស៊ី លើ​កម្មវិធី​ទូរស័ព្ទដៃ អេស៊ីលីដា ម៉ូ​បាល ដែលជា​មធ្យោបាយ​កាន់តែ​ងាយស្រួល លឿន​ឆាប់រហ័ស​ជាង​មុន សម្រាប់​អតិថិជន​អាច​ស្នើសុំ​របាយការណ៍​ឥណទាន​របស់​ពួកគាត់​បាន​គ្រប់ពេលវេលា គ្រប់​ទីកន្លែង ជាមួយ​នឹង​ថ្លៃ​សេវា​សមរម្យ។ មុខងារ ស៊ី​ប៊ី​ស៊ី នៅ​ក្នុង​កម្មវិធី អេស៊ីលីដា ម៉ូ​បាល នឹងមាន បង្ហាញ​នូវ​ប្រវត្តិ​នៃ​ការខ្ចីប្រាក់ និង​ការសង​ប្រាក់​របស់​អតិថិជន ជាមួយ​នឹង​ធនាគារ អេស៊ីលីដា ឬ​គ្រឹះស្ថាន​ធនាគារ និង​ស្ថាប័ន​ហិរញ្ញវត្ថុ​ដទៃ​ទៀត។

លោក អឿ សុធា​រ័ត្ន ប្រធាន​នាយក​ប្រតិបត្តិ ក្រុមហ៊ុន ក្រេ​ឌី​ត ប្យួ​រ៉ូ (​ខេ​ម​បូ​ឌា​) ខូ អិ​ល​ធី​ឌី ក៏បាន​លើក​ឡើង​ថា “​យើង​បន្ត​សហការ​ជាមួយ​ធនាគារ​អេស៊ីលីដា ដែល​ជា​ដៃគូ​ដ៏​យូរអង្វែង​របស់​ស៊ី​ប៊ី​ស៊ី ក្នុង​គោលបំណង ដើម្បី​បន្ត​ពង្រីក​ការ​ផ្តល់​សេវា​ពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ ជូន​ដល់​ប្រជាជន​កម្ពុជា​ឲ្យ​បាន​កាន់តែ​ទូលំទូលាយ​នៅ​ទូទាំង​ប្រទេស។ វា​បាន​ឆ្លុះបញ្ចាំង​ដល់​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ផ្ដល់​នូវ​របាយការណ៍​ឥណទាន​ដែល​មាន​ភាព​សុក្រឹត និង​ឆាប់រហ័ស​ជូន​ដល់​អ្នក​ខ្ចី និង​ជួយ​ឲ្យ​ពួកគេ​អាចធ្វើ​ការសម្រេចចិត្ត​លើ​ហិរញ្ញវត្ថុ​បាន​កាន់តែ​ប្រសើរ ព្រមទាំង​ជា​ការ​គាំទ្រ​ដល់​បរិ​ញ្ញាប​ន្ន​ហិរញ្ញវត្ថុ ផងដែរ​។ ស្របពេល​ជាមួយនឹង​ការវិវត្តន៍​យ៉ាង​ឆាប់រហ័ស លើ​ផ្នែក​ឌីជីថល​ទាំង​នៅក្នុង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​ក៏​ដូច ជា​សង្គម​ទាំងមូល កម្មវិធី​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់ ហើយក៏​ជាការ​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​ចំណេះដឹង​ហិរញ្ញវត្ថុ​ឌីជីថល​នៅ​ទូទាំង​ប្រទេស​ផង”។របាយការណ៍​ឥណទាន​ផ្ទាល់ខ្លួន គឺជា​ការដាក់​បញ្ចូល​នូវ​ប្រវត្តិ​បង់​សង​ឥណទាន​របស់​អ្នក​ខ្ចី​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​ទាំងអស់ ដែលជា​សមាជិក​របស់​ស៊ី​ប៊ី​ស៊ី​។ អ្នកផ្តល់​កម្ចី​ទាំងអស់​ចាំបាច់​ត្រូវធ្វើ​ការ​ត្រួត​ពិនិត្យ​លើ​ប្រវត្តិ​ឥណទាន​របស់​អ្នក​ស្នើ​សុំ​កម្ចី ដើម្បី​ពិនិត្យមើល​លើ​លទ្ធភាព​ទទួល​បាន​ឥណទាន​របស់​អ្នក​ខ្ចី មុន​ពេល​សម្រេចចិត្ត​ផ្តល់​ប្រាក់​កម្ចី​។ ប្រវត្តិ​ឥណទាន​ល្អ នឹង​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​អ្នកស្នើ​សុំ​កម្ចី ដើម្បី​ទទួល​បាន​ប្រាក់កម្ចី។ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន​បួន (៤) គឺ ៖ ១) វិទ្យាស្ថាន​ពាណិជ្ជសាស្ត្រ អេស៊ីលីដា ២) អេស៊ីលីដា ស៊ី​ឃ្យួ​រឹ​ធី ភីអិលស៊ី ៣) ធនាគារ អេស៊ីលីដា ឡាវ លី​មី​ធី​ត និង ៤) ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មី​យ៉ាន់​ម៉ា ព្រមទាំង​មាន​ការិយាល័យ​តំណាង​នៅ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់ម៉ា​។ គិត​ត្រឹម​ដំណាច់ ខែមីនា ឆ្នាំ ២០២៣ នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យ​សកម្ម​សរុប​ចំនួន​ជាង ៩,៤៤ ប៊ី​លាន​ដុល្លារ​អាមេរិក សមតុល្យ​ឥណទាន​សរុប​ចំនួន ៦,៥៨ ប៊ី​លាន​ដុល្លារ​អាមេរិក និង​ប្រាក់​បញ្ញើ​សន្សំ​សរុប​ចំនួន ៦,៧៩ ប៊ី​លាន​ដុល្លារ​អាមេរិក និង​មាន​អតិថិជន​ប្រមាណ​ជាង ៤,០៧ លាន​នាក់។ ធនាគារ អេស៊ីលីដា មាន​ចំនួន​អ្នកប្រើប្រាស់ អេស៊ីលីដា​ម៉ូ​បាល ច្រើនជាង ២,៧៦ លាន​នាក់ និង​មាន​ដៃគូ​អាជីវកម្ម ច្រើនជាង ២៤០.០០០ ដៃគូ គិត​ត្រឹម​ដំណាច់​ខែ​មេសា ឆ្នាំ ២០២៣។photo_2023-06-07_07-27-14-18photo_2023-06-08_09-50-32