អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានចោទប្រកាន់ពីបទ កាន់កាប់ឯកសារសម្ងាត់ ក្រោយពេលលោកចាកចេញពីសេតវិមាន។ស្របពេលជាមួយគ្នានោះ លោក ត្រាំ បានសរសេរនៅលើបណ្តាញ “សច្ចធម៌សង្គម” ថា “ខ្ញុំមិនដែលគិតថា វាអាចទៅរួចទេដែលរឿងបែបនេះ អាចកើតឡើងចំពោះអតីតប្រធានាធិបតីសហរដ្ឋអាមេរិកមួយរូប។ នេះពិតជាថ្ងៃដ៏ខ្មៅងងឹតសម្រាប់សហរដ្ឋអាមេរិក។ យើងជាប្រទេសដែលមានការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ និងឆាប់រហ័ស ប៉ុន្តែយើងរួមគ្នាធ្វើឲ្យអាមេរិកអស្ចារ្យម្តងទៀត!”។
គួរបញ្ជាក់ថា នេះគឺជាការចោទប្រកាន់លើកទីពីរចំពោះលោក Trump ដែលកំពុងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ សម្រាប់ការបោះឆ្នោតឆ្នាំ២០២៤។
យ៉ាងណាក្តី ព័ត៌មានលម្អិតនៃការចោទប្រកាន់នេះ មិនត្រូវបានគេបញ្ជាក់ច្បាស់នោះទេ។ប៉ុន្តែ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក រួមទាំង CNN និង ABC News ផងដែរនោះ បានផ្សាយថា លោក ត្រាំ បានរងការចោទប្រកាន់យ៉ាងហោចណាស់ប្រាំពីរ។
សូមរម្លឹកឡើងវិញ លោក ត្រាំ បានក្លាយជាអតីតប្រធានាធិបតីអាមេរិកដំបូងគេ ដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកាលពីខែមេសា បន្ទាប់ពីលោកមិនបានសារភាពទោសកំហុសចំពោះការចោទប្រកាន់៣៤ករណី ពាក់ព័ន្ធការក្លែងបន្លំកំណត់ត្រាអាជីវកម្មជុំវិញការបង់ប្រាក់បំបិទមាត់ដល់តារាអាសអាភាសម្នាក់។
លោកប្រឈមនឹងការកាត់ទោសក្នុងករណីនោះ នៅទីក្រុងញូវយ៉កនាឆ្នាំក្រោយ៕