ប្លុកអាស៊ីអាគ្នេយ៍ នឹងធ្វើសមយុទ្ធយោធារួមគ្នាជាលើកដំបូងមិនធ្លាប់មានសោះ នៅក្នុងសមុទ្រចិនខាងត្បូង ដែលនេះជាសមយុទ្ធសន្តិសុខពហុភាគីចុងក្រោយបង្អស់ ចំពេលមានភាពតានតឹងកើនឡើងខ្លាំងនៅក្នុងតំបន់។ នេះបើតាមការបញ្ជាក់ពីប្រធានអាស៊ាន គឺប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃព្រហស្បតិ៍ទី៨ខែមិថុនា។ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំរបស់មេបញ្ជាការយោធា នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលមានសមាជិក១០ប្រទេស នៅឥណ្ឌូណេស៊ី។
រដ្ឋាភិបាលទីក្រុង ហ្សាការតា ប្រកាសថា ខ្លួននឹងរៀបចំសមយុទ្ធនេះក្នុងដែនទឹក ណាទូណាខាងជើង នៃសមុទ្រចិនខាងត្បូង។
មេទ័ពឥណ្ឌូណេស៊ី ឧត្តមនាវីឯក Yudo Margono បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Antara ថា សមយុទ្ធនេះនឹងធ្វើឡើងក្នុងខែកញ្ញា ប៉ុន្តែនឹងមិនបូករួមការហ្វឹកហ្វឺនប្រតិបត្តិការប្រយុទ្ធណាមួយឡើយ។ គោលបំណងនៃសមយុទ្ធនេះ គឺពង្រឹងអព្យាក្រឹតភាព របស់អាស៊ាន។ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យយោធាឥណ្ឌូណេស៊ីលោក Julius Widjojono បាននិយាយថា សមយុទ្ធនេះគឺទាក់ទងទៅនឹងហានិភ័យខ្ពស់ នៃគ្រោះមហន្តរាយក្នុងតំបន់អាស៊ី ជាពិសេសអាស៊ីអាគ្នេយ៍។
គួរបញ្ជាក់ថា ស្ថានភាពនៅសមុទ្រចិនខាងត្បូង ត្រូវបានគេមើលឃើញថា កាន់តែតានតឹងឡើងៗ ព្រោះទីនោះជាកន្លែងមានសារសំខាន់ផ្នែកភូមិសាស្រ្ត ហើយមានប្រទេសជាច្រើនប្រកួតប្រជែងគ្នា ដណ្តើមផលប្រយោជន៍។
ក្នុងហេតុការណ៍ថ្មីបំផុត ប្រទេសវៀតណាម បានរិះគន់ចិន ចំពោះការដាក់ពង្រាយនាវាស្រាវជ្រាវនៅក្បែរកន្លែងរុករកឧស្ម័ន ក្នុងតំបន់សេចកិច្ចផ្តាច់មុខរបស់ខ្លួន៕