Alynana Media Cambodia
Icon Collap
clinic narit

កំណើនទឹកប្រាក់​កម្ពុជា​នាំ​ទំនិញ​ទៅ​សិង្ហ​បុរី​នា​រយៈពេល ៤ ​ខែ កើន​ជិត ៣៥០%

Media LNN | Jun 09, 2023
កំណើនទឹកប្រាក់​កម្ពុជា​នាំ​ទំនិញ​ទៅ​សិង្ហ​បុរី​នា​រយៈពេល ៤ ​ខែ កើន​ជិត ៣៥០%
Clinic narith

 

ភ្នំពេញៈ ទំនិញ​ដែលមាន​ទឹក​​ប្រា​ក់ជាង ២២៣​ លាន​ដុល្លារ ​ត្រូវបាន​កម្ពុជា​នាំទៅ​ប្រទេស​សិង្ហ​បុរី នៅក្នុង​រយៈពេល​ ៤​ ខែ​ដើមឆ្នាំ ២០២៣ កើនឡើង​ជិត ៣៥០ ​ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ខណៈ​ទឹកប្រាក់​នៃ​ទំនិញ​ដែល​សិង្ហ​បុរី​នាំមក​កម្ពុជា ធ្លាក់​ជិត ៨០​ ភាគ​រយ​។ នេះ​បើតាម​អគ្គនាយក​​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា​។​

​តួលេខ​បាន​បង្ហាញថា ចាប់ពី​ខែមករា​-​ខែមេសា ឆ្នាំ​ ២០២៣ កម្ពុជា​បាន​នាំ​ទំនិញ​ទៅ​សិង្ហ​បុរី ក្នុង​ទឹកប្រាក់ ២២៣,៨៤​ លាន​ដុល្លារ កើន ៣៤៥,៧ ​ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២២ ដែលមាន ៥០,២២ ​លាន​ដុល្លារ និង​ទំនិញ​សិង្ហ​បុរី នាំមក​កម្ពុជា ២៥៦,៩៥​ លាន​ដុល្លារ ធ្លាក់ចុះ ៧៧,៧ ​ភាគរយ​ពី​ចំនួន ១ ១៥១,៧៦ ​លាន​ដុ​ល្លារ​។ សម្រាប់​ជញ្ជីង​ពាណិជ្ជ​កម្ម​ទ្វេភាគី​រយៈពេល​ខាងលើ​គឺ​កម្ពុ​ជាមាន​ឱនភាព ៣៣,១​ លាន​ដុល្លារ​។​

​សម្រាប់​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ ២ គឺមាន​តម្លៃ​សរុប ៤៨០,៧៩ ​លាន​ដុល្លារ ធ្លាក់ចុះ ៦០​ ភាគរយ​ពី​ចំនួន ១ ២០១,៩៨ ​លាន​ដុល្លារ​។ សិង្ហ​​បុរី គឺជា​ដៃគូ​ពាណិជ្ជកម្ម​អន្តរ​ជាតិ​ធំជាងគេ​ទី​៦ របស់​កម្ពុជា បន្ទាប់ពី​ប្រទេស​ចិន អាមេរិក វៀតណាម ថៃ និង​ជប៉ុន​។​

​លោក ហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៧ ខែមិថុនា​ថា កំណើន​នៃ​បណ្តាក់ទុន​ផ្ទាល់​នៅ​កម្ពុជា គឺជា​សក្តានុពល​ដែល​ជួយ​ឱ្យ​ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​កើនឡើង​ជា​លំដាប់​។ កំណើន​ការនាំ​ចេញទៅ​សិង្ហ​បុរី គឺ​ពិតជា​ដើរតួនាទី​សំខាន់​ណាស់​ក្នុង​ការជួយ​ប៉ះ​​ប៉ូវ​នូវ​អ្វីដែល​កម្ពុជា​បាត់បង់​ពី​ការ​នាំទៅ​ប្រទេសមួយ​ចំនួន​ដូចជា អាមេរិក កាណាដា និង​តំបន់​អឺរ៉ុប ដែល​បណ្តាលមកពី​វិបត្តិ​សេដ្ឋកិច្ច​សកល​។​

​លោក​បន្តថា សម្រាប់​រយៈ​ពេលកន្លងមក​ដែល​កម្ពុជា​នាំ​ចូល​ទំនិញ​យ៉ាងច្រើន​ពី​សិង្ហ​បុរី​គឺ​មិនមែនជា​រឿង​ចម្លែក​នោះទេ ព្រោះ​គ្រប់គ្នា​សុទ្ធតែ​ដឹង​ហើយ​ថា ប្រទេស​សិង្ហ​បុរី​មិន​គ្រាន់តែ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​និង​មាន​កំពង់ផែ​សមុទ្រ​ឈានមុខ​គេ​ក្នុង​តំបន់ និង​ពិភពលោក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សិង្ហ​បុរី​ក៏​ជា​ប្រទេស​មាន​រោងចក្រ​ឧស្សាហ​កម្ម​ច្រើន​ផងដែរ​។​

 

​បើតាម​អ្នកជំនាញ​សេដ្ឋកិច្ច​រូបនេះ គឺ​កម្ពុជា​ក៏​គួរតែ​ពិភាក្សា​ជាមួយ​ប្រទេស​សិង្ហ​បុរី ដើម្បី​បង្កើតឱ្យមាន​កិច្ចព្រមព្រៀង​ពា​ណិ​ជ្ជ​កម្ម​សេរី​ទ្វេភាគី ព្រោះ​ក្រៅពី​ការនាំ​ទំនិញ​ទៅ​ដាក់លក់​នៅ​ទីផ្សារ​សិង្ហ​បុរី កម្ពុជា​ក៏មាន​ទំនិញ​នាំចេញ​របស់ខ្លួន​មួយ​ចំនួន​ត្រូវ​ឆ្លងកាត់​តាម​កំពង់ផែ​ប្រទេស​សិង្ហ​បុរី​ផងដែរ​។​

​លោក​បញ្ជាក់ថា​៖ «​បើសិន​ប្រទេស​ទាំង ២ អាចមាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេ​​ភាគី​ជាមួយគ្នា ខ្ញុំ​ជឿថា ​នឹង​ជួយ​ឱ្យ​ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​សិង្ហ​បុរី និង​ទីផ្សារ​អន្តរ​ជាតិ មាន​ទំហំ​កាន់តែ​ធំ​»​។​

​ទោះយ៉ាងណា លោក​ក៏បាន​ជំ​រុញឱ្យ​កម្ពុជា​ត្រូវតែ​ខិតខំ​ធ្វើ​ពិពិធ​កម្ម​ទំនិញ​របស់ខ្លួន​ឱ្យមាន​បរិមាណ​កាន់តែច្រើន និង​គុណភាព​កាន់តែ​ល្អ ដើម្បី​អាច​ឆ្លើយតបបាន​ទៅនឹង​គ្រប់​តម្រូវ​​ការ​របស់​ប្រទេស​នានា​លើ​ពិភពលោក​។​

​ក្នុង​ឆ្នាំ​ ២០២២ ការដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​សិង្ហ​បុរី មាន​ទឹកប្រាក់​សរុប ៣ ៣២២,៩៤​ លាន​ដុល្លារ ធ្លាក់ចុះ ៣៦,៣​ ភាគរយ​បើ​ធៀប​ឆ្នាំ ២០២១ ក្នុងនោះ​កម្ពុជា​នាំទៅ​សិង្ហ​បុរី ចំនួន ៩២,៥៧ ​លាន​ដុល្លារ ធ្លាក់ចុះ ២២,៨​ ភាគរយ និង​សិង្ហ​បុរី​នាំមក​វិញ​ចំនួន ៣ ២៣០,៣៧​ លាន​ដុល្លារ ធ្លាក់ចុះ ៣៦,៦ ​ភាគរយ​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​៕