សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) ដែលចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ បានបង្កើនការនាំចេញរបស់ព្រះរាជាណាចក្រកម្ពុជាទៅកាន់ប្រទេសចិន។
លោកបានថ្លែងក្នុងសុន្ទរកថាក្នុងអំឡុងពេលជួបសំណេះសំណាលជាមួយកម្មករ កម្មការនីរោងចក្រកាត់ដេរជាង ១៨ ០០០នាក់នៅក្នុងខេត្តកំពង់ឆ្នាំងថា៖ “ផលិតផលកម្ពុជាកាន់តែច្រើនត្រូវបានគេដឹកជញ្ជូនទៅប្រទេសចិន”។ លោកបានបន្ថែមថា៖ “ផលិតផលកសិកម្មរបស់យើងដូចជាផ្លែស្វាយ ផ្លែមៀន ចេក និងត្រីដែលគ្មានទីផ្សារកាលពីអតីតកាលបានចូលទៅប្រទេសចិនក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA)” ។ នេះបើយោងតាមសម្រង់បន្តដោយប្រភពKHMER TIMES។
កន្លងមកថ្មីៗនេះ អគ្គរដ្ឋបាលគយចិនក៏បានអនុញ្ញាតឲ្យប្រទេសកម្ពុជានាំចេញម្រេច និងផលិតផលជលផលចំនួន ១២ ប្រភេទ រួមមានបង្គា ត្រី អន្ទង់ និងខ្យងទន្លេ ទៅកាន់ប្រទេសចិន។ លោកស្រី អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់កម្ពុជា មានប្រសាសន៍ថា ប្រទេសចិនគឺជាទីផ្សារដ៏ធំសម្រាប់ផលិតផលកសិកម្មដ៏មានសក្តានុពលរបស់កម្ពុជា រួមមានអង្ករ ចេកលឿង ស្វាយ និងផ្លែមៀន។
លោកស្រីបានប្រាប់ស៊ីនហួរថា “ការនាំចេញផលិតផលកសិកម្មរបស់យើងទៅកាន់ប្រទេសចិនបានជំរុញការអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជាយ៉ាងសំខាន់ និងនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់ប្រជាជនកម្ពុជា ជាពិសេសកសិករ”។ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ព្រះរាជាណាចក្រកម្ពុជាបាននាំចេញផលិតផលមានតម្លៃ ៤៣៩,៥ លានដុល្លារទៅកាន់ប្រទេសចិន ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ ២០២៣ កើនឡើង ៣,៧ ភាគរយពី ៤២៣,៧ លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕