Alynana Media Cambodia
Icon Collap
clinic narit

កិច្ចប្រជុំ​អគ្គមេបញ្ជាការ​កងទ័ព​អាស៊ាន​លើក​ទី​២០ នៅ​កោះ​បាលី មិនបាន​សម្រេច​រឿង​ធ្វើ​សមយុទ្ធ​យោធា​រួម​របស់​អាស៊ាន​ឡើយ​

Media LNN | Jun 10, 2023
កិច្ចប្រជុំ​អគ្គមេបញ្ជាការ​កងទ័ព​អាស៊ាន​លើក​ទី​២០ នៅ​កោះ​បាលី មិនបាន​សម្រេច​រឿង​ធ្វើ​សមយុទ្ធ​យោធា​រួម​របស់​អាស៊ាន​ឡើយ​
Clinic narith

​នៅក្នុង​កិច្ចប្រជុំ​អគ្គមេបញ្ជាការ​កងទ័ព​អាស៊ាន​លើក​ទី​២០ ដែល​ធ្វើឡើង​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ពុំទាន់​សម្រេច​ក្នុង​ការធ្វើ​សមយុទ្ធ​យោធា​រួម​របស់​អាស៊ាន​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែល​កំពុងមាន​ជម្លោះ ដែល​ស្នើឡើង​ដោយ​ភាគី​ម្ចាស់ផ្ទះ​ឥណ្ឌូនេស៊ី នោះទេ​។ ការសម្រេច​មិនទាន់​ធ្វើ​សមយុទ្ធ​យោធា​នៅ​សមុទ្រ​ចិន​ខាងត្បូង​នេះ​ត្រូវបាន​អ្នកតាមដាន​នយោបាយ​តំបន់ ចាត់ទុកថា​ជា​រឿង​ត្រឹមត្រូវ ដើម្បី​បញ្ចៀស​ជម្លោះ​រវាង​ចិន និង​អាស៊ាន​ទាំងមូល​។​

​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ នៅ​យប់​ថ្ងៃទី ​០៨ ខែមិថុនា ឆ្នាំ​ ២០២៣ ​នេះ បានចេញ​សេចក្ដីថ្លែងការណ៍​បញ្ជាក់​ថា កិច្ចប្រជុំ​អគ្គមេបញ្ជាការ​កងទ័ព​អាស៊ាន លើក​ទី​២០ នៅ​កោះ​បាលី ពុំបាន​និយាយ​អំពី​ការធ្វើ​សមយុទ្ធ​យោធា​រួម​របស់​អាស៊ាន នៅ​សមុទ្រ​ចិន​ខាងត្បូង​នោះទេ​។​

​សេចក្ដីថ្លែងការណ៍​នេះ ធ្វើឡើង​ក្រោយ​ឥណ្ឌូនេស៊ី បានប្រកាសថា អាស៊ាន​នឹង​រៀបចំ​ធ្វើ​សមយុទ្ធ​យោធា​រួម​ដំបូង​បំផុត​របស់ខ្លួន នៅឯ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​។​

​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​រៀបរាប់ថា​៖« លទ្ធផល​នៃ​កិច្ចប្រជុំ​អគ្គ​មេ​បញ្ចា​ការ​កងទ័ព​អាស៊ាន​លើក​ទី​២០ សម្រេចបាន​នូវ​សេចក្ដីថ្លែងការណ៍​រួមមួយ ហើយ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​នេះ ពុំបាន​និយាយ​អំពី​ការធ្វើ​សមយុទ្ធ​យោធា​រួម​របស់​អាស៊ាន​នៅ​សមុទ្រ​ចិន​ខាងត្បូង​នោះទេ​»​។​

​ក្រោយពេល​បញ្ចប់​កិច្ចប្រជុំ អគ្គមេបញ្ជាការ​កងទ័ព​ឥណ្ឌូនេស៊ី​ដែលជា​ប្រធាន​កិច្ចប្រជុំ​ប្តូរ​វេន បានលើកឡើង​អំពី​គោល​គំនិត​របស់​អគ្គមេបញ្ជាកា​រ​កងទ័ព​ឥណ្ឌូនេស៊ី ដើម្បី​ធ្វើ​សមយុទ្ធ​យោធា​រួម​នៅ​សមុទ្រ​ចិន​ខាងត្បូង ហើយ​បាន​សុំ​យោបល់​ពី​អគ្គមេបញ្ជាការ​កងទ័ព​ទាំង​ ៩ ​ប្រទេស​។​

 

​ក្នុងនោះ អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ រួមទាំង​អគ្គមេបញ្ជាការ​នៃ​ប្រទេស​ជាច្រើន​ទៀត មិនបាន​ឆ្លើយតប​ទេ​។​

​ដោយឡែក​ក្នុង​កិច្ចប្រជុំ​ទ្វេភាគី អគ្គមេបញ្ជាការ​កងទ័ព​ឥណ្ឌូនេស៊ី បានស្នើ​សុំ​យោបល់​ពី​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​ម្តងទៀត ក្នុងនោះ​អគ្គ​មេ​បញ្ញា​ការ​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ឆ្លើយតប​២​ចំណុច​។ ដោយ​ចំណុច ទី​១ នៅពេល​ទទួលបាន​លិខិតអញ្ជើញ​របស់​អគ្គមេបញ្ជាកា​រ​កងទ័ព​ឥណ្ឌូនេស៊ី កម្ពុជា​នឹង​ចាត់តាំង​ក្រុមការងារ​ដើម្បី​សិក្សា​អំពី​សមយុទ្ធ​យោធា​រួម​នោះ​។ ទី២ ក្រោយពេល​សិក្សា​ចប់ អគ្គបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ នឹង​ស្នើសុំ​គោលការណ៍​សម្រេច​ពី​ក្រសួងការពារជាតិ​កម្ពុ​ជា​។​នេះ​បើតាម​សេចក្តីថ្លែងការណ៍​អគ្គបញ្ជាការដ្ឋាន​បញ្ជាក់​បន្ថែម​។

​ជុំវិញ​លទ្ធផល​កិច្ចប្រជុំ​នោះ អគ្គលេខាធិការ​រាជបណ្ឌិត្យសភាកម្ពុជា​លោក យង់ ពៅ ដែល​តាមដាន​ព្រឹត្តិការណ៍​នយោបាយ​តំបន់ បានឱ្យដឹងថា នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​នេះ ជា​តំបន់​ដែលមាន​ជម្លោះ នៅតែ​បន្ត​កើត​រវាង​ប្រទេស​ចិន និង​បណ្តា​ប្រទេស​អាស៊ាន​ពាក់ព័ន្ធ​មួយចំនួន​ដូចជា ម៉ាឡេស៊ី ហ្វីលីពីន ព្រុយ​ណេ និង​វៀតណាម ជាដើម​ដែល​នៅ​បន្ត​ទាមទារ​។

​លោក​បន្តថា​៖ «​អ៊ីចឹង​! បើសិន​ជាមាន​សមយុទ្ធ​រវាង​បណ្តា​រដ្ឋ​អាស៊ាន​ទាំងអស់​ធ្វើ​សមយុទ្ធ​នៅ​សមុទ្រ​ចិន​ខាងត្បូង​នេះ ហាក់ដូច​បានប្រកាសថា​តំបន់​នេះ​ជា​តំបន់​ដែល​គ្មាន​ជម្លោះ​គឺ​ផ្តាច់មុខ​របស់​អាស៊ាន ដូច្នេះ​ហាក់ដូចជា​អូស​សមាជិក​អាស៊ាន​ទាំងអស់​ទៅឱ្យ​ពាក់ព័ន្ធ​នឹង​ជម្លោះ​នោះ ដែលនាំឱ្យ​បញ្ហា​នេះ ដុត​រោល​ក្តៅគគុក ដែលជា​បញ្ហា​តំបន់​រវាង​អាស៊ាន និង​ប្រទេស​ចិន​តែម្តង​»​។

​លោក​បន្តថា ព្រោះ​កន្លងទៅ​ថ្នាក់ដឹកនាំ​អាស៊ាន​បាន​គិតថា នោះ​មិនមែនជា​រឿង​បញ្ហា​រវាង​សមាគម​អាស៊ាន​ជាមួយ​ប្រទេស​ចិន​ទេ គឺជា​បញ្ហា​រវាង​រដ្ឋ​ភាគី​ជម្លោះ​ជាមួយ​ចិន​។ លោក​ថា​៖​​«​ប្រសិនបើ​យើង​បោកបោះ​បញ្ហា​អាស៊ាន​ចិន នឹងធ្វើ​ឱ្យ​កម្តៅ​ភូមិសាស្ត្រ​នយោបាយ​នឹង​ឡើង​ក្តៅ​ពាសពេញ​អាស៊ាន ហើយនឹង​ធ្វើឱ្យ​ខាត​ធ្ងន់ធ្ងរ​រវាង​ទំនាក់ទំនង​អាស៊ាន និង​ចិន ព្រោះ​ពាក់ព័ន្ធ​ផលប្រយោជន៍​ផ្សេងទៀត​។ អ៊ីចឹង​! ការសម្រេច​មិន​ធ្វើ​សមយុទ្ធ​របស់​អាស៊ាន​នៅក្នុង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នេះ​គឺជា​ការត្រឹមត្រូវ​។​

​យ៉ាងណាមិញ​សម្រាប់​លោក យង់ ពៅ យល់ថា កិច្ចប្រជុំ​អគ្គ​មេ​បញ្ជ​ការ​កងទ័ព​អាស៊ាន​នេះ មាន​សារៈសំខាន់​ក្នុងការ​ប្លា​ស់​ប្តូរ​យោបល់​គ្នា ផ្គូផ្គង​យោបល់​គ្នា​ទៅលើ​បញ្ហា​សន្តិសុខ​តំបន់ ចៀសវាង​សន្តិសុខ​ឡើងក​ម្តៅ​ដោយ​មិនបាន​ផ្លាស់​ប្តួ​រ​យោបល់​គ្នា​។

លោក​ថា​៖«​ឧទាហរណ៍ ការប្រជុំ​លើក​នេះ​បានសម្រេច​មិន​ធ្វើ​សមយុទ្ធ​នៅ​សមុទ្រ​ចិន​ខាងត្បូង នេះ​គឺជា​ផលប្រយោជន៍​ដែល​បានមកពី​កិច្ចប្រជុំ​នេះ បើសិនជា​មិនមាន​កិច្ចប្រជុំ​ទេ ហើយ​ធ្វើឱ្យមាន​សមយុទ្ធ​នោះ​កើតឡើង កម្តៅ​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាច​កើតមានឡើង​»៕