Alynana Media Cambodia
Icon Collap
clinic narit

ប្រតិបត្តិការ​វាយ​បក​និង​ការពារ​រំ​ដោះ​ទឹក​ដី​ពី​យោធា​រុស្ស៊ី​ បាន​កំពុងចាប់​ផ្ដើម​​ធ្វើ​ឡើង​នៅ​អ៊ុយក្រែន

Media LNN | Jun 12, 2023
ប្រតិបត្តិការ​វាយ​បក​និង​ការពារ​រំ​ដោះ​ទឹក​ដី​ពី​យោធា​រុស្ស៊ី​ បាន​កំពុងចាប់​ផ្ដើម​​ធ្វើ​ឡើង​នៅ​អ៊ុយក្រែន
Clinic narith

ប្រធានាធិបតី​អ៊ុយក្រែន​ លោក​ វ៉ុល​ឌីមៀរ ហ្សេលេនស្គី បាន​ថ្លែង​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ ប្រតិបត្តិការ​វាយ​បក​រំ​ដោះ​ទឹក​ដី​ពី​យោធា​រុស្ស៊ី​ បាន​ចាប់​ផ្ដើម​ហើយ​ ខណៈ​នាយករដ្ឋ​មន្រ្តី​កាណាដា​ លោក​ ចាស្ទីន​ ឌ្រូដូ​ ធ្វើ​ដំ​ណើរទស្សនកិច្ច​ទៅ​ទីក្រុង​កៀវ​។

​លោក​ ហ្សេលេនស្គី​ បាន​​និយាយ​​ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​នៅ​ទីក្រុង​កៀវ​​ជាមួយ​ លោក​ ឌ្រូដូ​ ថា​៖ «​ប្រតិបត្តិការ​វាយ​បក​ និង​ការពារ​កំពុង​ធ្វើ​ឡើង​នៅ​អ៊ុយក្រែន​។ ​​នៅ​ដំណាក់​កាល​នេះ​ ​ខ្ញុំ​នឹង​មិន​និយាយ​ឱ្យ​លម្អិត​​នោះ​ទេ​»​។ នេះ​បើ​តាម​ការ​ស្រង់​សម្ដី​របស់​ទីភ្នាក់ងារព័ត៌មាន​ AFP។

ការ​អះ​អាង​​យ៉ាង​ដូច្នេះ​របស់​លោក​ ហ្សេលេនស្គី​ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រធានាធិបតី​រុស្ស៊ី​ លោក​ វ្ល៉ាឌីមៀរ​ ពូទីន​ បាន​អះ​អាង​ថា​ ប្រតិបត្តិការ​វាយ​បក​ជុំ​ថ្មី​របស់​អ៊ុយក្រែន​ ដែល​​គ្រោង​ទុក​មក​យូរ​ហើយ​នោះ​ បាន​បរាជ័យ​រួច​ទៅ​ហើយ​។

យ៉ាង​ណា​មិញ​ រុស្ស៊ី​បាន​រាយការណ៍​ពី​ការ​ទប់​ទល់​នឹង​ការ​វាយ​ប្រហារ​របស់​អ៊ុយក្រែន​ ទាំង​នៅ​សមរភូមិ​ ភា​គ​​ខាង​​កើត​ និង​ខាង​ត្បូង​(អ៊ុយក្រែន​) ដែល​ការណ៍​នេះ ​ត្រូវ​បាន​អ្នក​សង្កេតការណ៍​ បក​ស្រាយ​ថា​ ជា​ការ​ចា​ប់​ផ្ដើម​នៃ​ការ​ប្រតិបត្តិការ​វាយ​បក​ទ្រង់​ទ្រាយ​ធំ​របស់​ក្រុង​កៀវ​។

ប្រតិកម្ម​ទៅ​នឹង​ការ​លើក​ឡើង​របស់​មេដឹក​នាំ​រុស្ស៊ី​ លោក​ ហ្សេលេនស្គី​ បាន​ថ្លែង​ផង​ដែរ​ថា​៖«​​​វា​គួរ​ឱ្យ​ចាប់​អារម្មណ៍​នូវ​អ្វី​ដែល​ពូទីន ​បាន​និយាយ​អំពី​ប្រតិបត្តិការ​វាយ​បក​របស់​យើង​។ ​​វា​ជា​ការ​សំខាន់​ណាស់​ដែល​រុស្ស៊ី​តែង​តែ​មាន​អារម្មណ៍​បែប​នេះ។ តាម​គំនិត​របស់​ខ្ញុំ​ ​ពួក​គេ​មិន​មាន​ពេល​យូរ​ទេ​»។

លោក​បន្ត​ថា​​​ លោក​​​ធ្វើ​ការ​​ទាក់​ទង​​​ជា​​រៀង​រាល់​ថ្ងៃ​ ​ជាមួ​យ​​មេ​​បញ្ជាការ​​យោធា​​អ៊ុយក្រែន​ រួម​​ទាំង​​ប្រធាន​​កង​​កម្លាំង​​ប្រដាប់​​អាវុធអ៊ុយក្រែន​​ លោក ​​Valery Zaluzhny ​ហើយថា​​​«​គ្រប់​គ្នា​សុទ្ធ​តែ​មើល​ឃើញ​ពី​ភាព​វិជ្ជ​មាន​​ឥឡូវ​​នេះ​ សូម​​ប្រាប់​ទៅ​លោក​ ពូទីន»។ ​​

ក៏​គួរ​កត់​សម្គាល់​ផង​ដែរ​ថា​ ការ​​​មេដឹក​នាំ​អ៊ុយក្រែន​ដដែល​ កើត​ឡើង​បន្ទាប់​ពី​​ទំនប់​វ៉ារីអគ្គីសនី កាខូវកា​ (​Kakh ovka) ដែល​ស្ថិត​នៅ​​លើ​ទន្លេនីរប៉ឺ ​ក្នុង​តំបន់ភាគ​ខាង​ត្បូង​ ​​​​ឃឺរសុន រង​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​អង្គារ​ សប្ដាហ៍​មុន​។

 

ភាគី​ជម្លោះ​ទាំង​សង​ខាង​ បាន​​ទម្លាក់​កំហុស​គ្នា​​ទៅ​វិញ​ទៅ​មក​ ប៉ុន្តែ​លោក​ខាង​លិច​ និង​អ៊ុយក្រែន​ បាន​ចោទប្រកាន់​រុស្ស៊ី​ ថា​ជា​អ្នក​ធ្វើ​ការ​វាយ​ប្រហារ​ទំនប់​ ដើម្បី​រារាំង​ទ័ព​អ៊ុយក្រែន​មិន​ឱ្យ​ឆ្លង​ទន្លេ​នីរប៉ឺ​​ក្នុង​ប្រតិបត្តិកា​រ​វាយ​បក​រំដោះ​ទឹក​ដី​ពី​រុស្ស៊ី​។

ក្នុង​​ជំនួប​ជាមួយ​លោក​ ហ្សេលេនស្គី កាល​ពី​ថ្ងៃ​សៅរ៍​ លោក​ ឌ្រូដូ​ បាន​​ថ្កោល​ទោស​តួនាទី​របស់​រុស្ស៊ី​ ក្នុង​ការ​វាយ​ប្រហារ​ទំបន់ ដែល​ធ្វើ​ឱ្យ​ទឹក​ជោរ​ជន់​ក្នុង​តំបន់​ភាគ​ខាង​ក្រោម​​ ហើយ​បាន​ប្រកាស​សន្យា​ផ្តល់​ថវិកា​​ចំនួន​ ១០លាន​ដុល្លារ​កាណាដា​ (៧,៥ លាន​ដុល្លារ​) ដល់​អ៊ុយក្រែន​ ​ដើម្បី​ជា​មូល​និធិ​ថ្មី​សម្រាប់​ជំនួយ​សង្គ្រោះ​​ទឹក​ជំនន់​។

​លោក​ ឌ្រូដូ​ បាន​ថ្លែង​ថា​៖ «​គ្មាន​អ្វី​គួរ​ឱ្យ​សង្ស័យ​នៅ​ក្នុង​ចិត្ត​របស់​យើង​ទេ​ ដែល​ថា​ ការ​បំផ្លិច​បំផ្លាញ​ទំនប់​នេះ​​ គឺ​ជា​ផល​វិបាក​ផ្ទាល់​នៃ​ការ​សម្រេច​ចិត្ត​របស់​រុស្ស៊ី»ក្នុង​ការ​ឈ្លាន​ពាន​អ៊ុយក្រែន​។ លោក​បន្ត​ថា​​ ​​​ក្រុង​​ម៉ូ​​ស្គូ​​នឹង​​ទទួល​​ខុស​​ត្រូវ​​ចំពោះ​​សកម្មភាព​​របស់​​ខ្លួន​​នៅ​​អ៊ុយក្រែន​។
​​
ជាមួយ​​គ្នា​នេះ​​​ លោក​ ឌ្រូដូ​ ​បាន​​ប្រកាស​ផ្តល់​​ជំនួយ​ផ្នែក​យោធាថ្មី​​​ដល់​អ៊ុយក្រែន​ ​ចំនួន​ ៥០០​លាន​ដុល្លារ ​កាណាដា​​​​ ​ខណៈ​សន្យា​ថា​ កាណាដា​ នឹង​ក្លាយ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ពហុជាតិ​សាសន៍​ក្នុង​ការ​បណ្តុះ​បណ្តាល​អ្នក​បើក​យន្តហោះ​ចម្បាំង​ដល់​ទាហាន​​​អ៊ុយក្រែន​។​

បន្ថែម​ពី​លើ​នេះ​ ​រដ្ឋាភិបាល​ទីក្រុង​អូតាវ៉ា​ ក៏​នឹង​ផ្តល់​គ្រាប់​រំសេវ​ចំនួន​ ១០ ០០០ គ្រាប់​ និង​មីស៊ីល​ប្រភេទ​​ AIM-7 ​ចំនួន​ ២៨៨ ដើម​ ​ដើម្បី​​ឱ្យ​​អ៊ុយក្រែន​ប្រើ​ប្រាស់​ក្នុង​ប្រព័ន្ធ​ការពារ​ដែន​អាកាស​ ផង​ដែរ​។

គួរ​បញ្ជាក់​ថា​ នេះ​ជា​លើក​ទី​២​ហើយ​ ដែល​លោក​ ឌ្រូដូ​ ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​ទីក្រុង​កៀវ​ ចាប់​តាំង​ពី​រុស្ស៊ី​បើក​ការ​ឈ្លាន​ពាន​អ៊ុយក្រែន​ទ្រង់​ទ្រាយ​ធំ​កាល​ពី​ចុង​ខែ​កុម្ភៈ ​ឆ្នាំ​មុន​។

តាម​ពិត​ទៅ កាណាដា​ គឺ​ជា​សម្ព័ន្ធ​មិត្ត​លោក​ខាង​លិច​ដ៏​សំខាន់​មួយ​របស់​អ៊ុយក្រែន​ ដោយ​ប្រទេស​​នេះ ​មិន​ត្រឹម​តែ​ផ្ដល់​ជំនួយ​យោធានិង​សេដ្ឋកិច្ច​ ​រាប់​ពាន់លាន​​ដុល្លារ​ដល់​ក្រុង​កៀវ​ប៉ុណ្ណោះ​ទេ​ ក៏​ប៉ុន្តែ​ក៏​ជា​ប្រទេស​មួយ​ ដែល​​ទទួល​ជន​ភៀស​ខ្លួន​​អ៊ុយក្រែន​ដ៏​ធំ​ផង​ដែរ​​ ​ស្រប​ពេល​ដែល​ប្រទេស​នេះ ​ក៏​​​ចូល​រួម​ជាមួយ​​លោក​ខាង​លិច​ផ្សេង​ទៀត​ រឹត​ក​រុស្ស៊ី​​តាម​រយៈ​ការ​ដាក់​​ទណ្ឌកម្ម​​​៕