ភ្នំពេញៈ តម្លៃប្រេងសាំង និងប្រេងម៉ាស៊ូត លក់រាយពីថ្ងៃទី ១១-២១ ខែមិថុនា ឆ្នាំ ២០២៣ បានកើនឡើងព្រមគ្នាចំនួន ៥០ រៀល ក្នុង ១ លីត្រ ខណៈប្រទេសផលិតប្រេងធំៗគ្រោងចាប់ផ្តើមកាត់បន្ថយការផលិតចាប់ពីដើមខែកក្កដា ខាងមុខតទៅ។
សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលផ្សព្វផ្សាយក្នុងថ្ងៃទី១១ ខែមិថុនា ឱ្យដឹងថា ចាប់ពីថ្ងៃទី១១-២១ ខែមិថុនា ប្រេងសាំងធម្មតា(EA92)លក់រាយនៅតាមស្ថានីយមានតម្លៃ ៤ ២០០រៀលក្នុង១លីត្រ និងប្រេងម៉ាស៊ូត ៣ ៩០០រៀល។ តម្លៃប្រេងទាំង ២ ប្រភេទបានកើនឡើង ៥០រៀលដូចៗគ្នា។
យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងសាំង និងម៉ាស៊ូត ក្នុងពេលនេះធៀបនឹងដើមឆ្នាំ២០២៣គឺធ្លាក់ចុះបន្តិចបន្តួច ដោយកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ប្រេងសាំងលក់រាយនៅតាមស្ថានីយ មានតម្លៃ ៤ ៥៥០រៀលក្នុងលីត្រ ខណៈប្រេងម៉ាស៊ូត មានតម្លៃ ៤ ២០០រៀល។
បណ្តាញព័ត៌មាន BBC កាលពីថ្ងៃទី៥ ខែមិថុនា បានសរសេរថា បន្ទាប់ពីធ្លាក់ចុះមួយរយៈ តម្លៃប្រេងលើទីផ្សារអន្តរជាតិបានចាប់ផ្តើមកើនឡើងបន្តិច ខណៈអារ៉ាប៊ីសាអ៊ូឌីត ដែលជាប្រទេសផលិតប្រេងធំជាងលើលើពិភពលោក កាលពីពេលថ្មីៗនេះបានឱ្យដឹងថា ខ្លួននឹងកាត់បន្ថយផលិតផលប្រេងចំនួនប្រេង ១លានបារ៉ែលក្នុង១ថ្ងៃ (bpd) នៅក្នុងខែកក្កដា ខាងមុខ។ បន្ថែមពីលើនេះ សមាជិកក្រុមប្រទេសផ្សេងទៀត នៃអង្គការOPec+ ដែលជាក្រុមប្រទេសផលិតប្រេងក៏បានយល់ព្រមបន្តកាត់បន្ថយផលិតកម្មក្នុងការប៉ុនប៉ងដើម្បីលើកទង់សម្រាប់តម្លៃ ខណៈOPec+ មានចំនួនប្រហែល ៤០ភាគរយនៃប្រេងឆៅរបស់ពិភពលោក។ការសម្រេចចិត្តនេះអាចមានឥទ្ធិពលយ៉ាងខ្លាំងទៅលើតម្លៃប្រេងសកល។
អ្នកជំនាញសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី១១ ខែមិថុនាថាទោះកន្លងមកកម្ពុជាធ្លាប់បានបូមយកប្រេងឆៅពីបាតសមុទ្រ ប៉ុន្តែប្រទេសកម្ពុជាគឺពឹងផ្អែកទាំងស្រុងលើការនាំចូលប្រេងពីទីផ្សារអន្តរជាតិមកបំពេញតម្រូវការក្នុងស្រុក។ តម្លៃប្រេងនៅកម្ពុជាគឺប្រែប្រួលតាមទីផ្សារអន្តរជាតិ។ លោកបន្តថា ដោយសារតម្លៃប្រេងតែងជាប់ទាក់ទងនឹងគ្រប់សកម្មភាពផលិតកម្ម ដូច្នេះបើវាកើនឡើងជាបន្តបន្ទាប់ក៏នឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ចង្វាក់ផលិតកម្មនៅកម្ពុជាដែរ។
លោកនិយាយថា៖«ក្នុងនាមជាប្រទេសនាំចូល គឺយើងចង់ឱ្យតម្លៃប្រេងនៅទាប ព្រោះតម្លៃថាមពលទាប វានឹងជួយឱ្យថ្លៃដើមផលិតកាន់តែទាបដែរ»។
កាលពីខែធ្នូ ឆ្នាំ២០២២ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា លោក តែ តាំងប៉ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា បច្ចុប្បន្នប្រទេសកម្ពុជាមានភាពទាក់ទាញច្រើនសម្រាប់ការបណ្តាក់ទុនផ្ទាល់ ហើយវានឹងកាន់តែពិសេសបន្ថែមទៀតប្រសិនបើកម្ពុជាអាចធ្វើយ៉ាងណាបញ្ចុះតម្លៃថាមពលឱ្យបានទាបជាជាង ឬប្រហាក់ប្រហែលនឹងប្រទេសជិតខាង។
លោកបានឱ្យភ្នំពេញប៉ុស្តិ៍កាលពីខែធ្នូ ឆ្នាំ២០២២ ថា៖«តម្លៃប្រេង និងតម្លៃអគ្គិសនី ជាកត្តាផ្គួបផ្សំដ៏សំខាន់ក្នុងការទាក់ទាញវិនិយោគិនក្រៅប្រទេស ព្រោះថា ប្រេង និងអគ្គិសនីជាធាតុផ្សំដ៏សំខាន់សម្រាប់ផ្នែកផលិតកម្ម ក្រៅពីការចំណាយទៅលើវត្ថុធាតុដើម និងកម្លាំងពលកម្ម។ កាលណាតម្លៃប្រេង រួមទាំងតម្លៃអគ្គិសនីមានស្ថិរភាព និងតម្លៃទាប អ្នកវិនិយោគក្រៅស្រុកនឹងមើលឃើញឱកាសផ្សេងៗចេញពីកត្តាទាំងអស់នោះ»៕