Alynana Media Cambodia
Icon Collap
clinic narit

គយ​កម្ពុជា​ និង​ចិន ​ឯក​ភាព​ធ្វើ​ទំនើប​កម្ម​រដ្ឋ​បាល​គយ​ប្រទេស​ទាំង​ ២ ​ឱ្យទៅ​ជា​រដ្ឋ​បាល​គយ​វៃ​ឆ្លាត

Media LNN | Jun 12, 2023
គយ​កម្ពុជា​ និង​ចិន ​ឯក​ភាព​ធ្វើ​ទំនើប​កម្ម​រដ្ឋ​បាល​គយ​ប្រទេស​ទាំង​ ២ ​ឱ្យទៅ​ជា​រដ្ឋ​បាល​គយ​វៃ​ឆ្លាត
Clinic narith

ភ្នំពេញៈ អគ្គ​នាយក​ដ្ឋាន​គយ ​និង​រដ្ឋា​ករ​កម្ពុជា និង​រដ្ឋបាល​គយ​នៃ​សា​ធារណ​រដ្ឋ​ប្រជាមា​និត​ចិន ​បាន​ឯកភា​ពគ្នា​លើ​ការធ្វើ​ទំនើប​កម្ម​រដ្ឋ​បាល​គយ​ជា​រដ្ឋ​បាល​វៃ​ឆ្លាត ​(Smart Customs) តាម​រយៈ​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ព័ត៌​មាន​ និង​ជំរុញ​ការ​រៀប​ចំ​សេចក្តី​ព្រាង​អនុ​ស្ស​រណៈ​យោគ​យល់​គ្នា​លើ​ការ​ងារ​ត​ភ្ជាប់​ប្រព័ន្ធ​បញ្ជរ​តែ​មួយ​ជាតិ ​(National Single Window) រវាង​រដ្ឋ​បាល​គយ​ទាំង​ ២​។​photo_2023-06-12_08-39-29-4

​ការ​ឯក​ភាព​គ្នា​នេះ បាន​ធ្វើ​ឡើង​នៅក្នុង​កិច្ចប្រជុំ​ទ្វេភាគី​រវាង​ថ្នាក់​ដឹក​នាំ​នៃ​អគ្គ​នាយក​ដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ​និង​ថា្នក់​ដឹកនាំ​រដ្ឋ​បាល​គយ​ ចិន កាល​ថ្ងៃទី​១០​ខែមិថុនា ឆ្នាំ​២០២៣​។ កិច្ចប្រជុំ​នេះ ក៏​មាន​គោល​បំណង​ពង្រឹង​និង​ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិការ​គ​យ​ស្រប​តាម​ខ្លឹម​សារ​អនុស្ស​រណៈ​យោគ​យល់​គ្នា(MOU)ស្តីពី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​និង​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​កិច្ចការ​គយ​ដែល​បាន​ចុះ​ហត្ថ​លេខា​នៅ​ទីក្រុង​ប៉េ​កាំង​ប្រទេស​ចិន​កាល​ពី​ថ្ងៃទី​២៨ ខែ​មេសា ឆ្នាំ២០១៩ ​ ​។

​តាម​រយៈ ​អគ្គ​នាយក​ដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​លោក ​គុណ ញឹម ​រដ្ឋ​មន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋ​មន្ត្រី ​និង​ជា​អគ្គនា​យក​នៃ​អគ្គ​នាយក​ដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​លើក​ឡើង​ថា ​ប្រទេស​ចិន​ជា​ដៃគូ​ពាណិជ្ជ​កម្ម​និង​វិនិ​យោគ​យ៉ាង​សំខាន់​របស់​កម្ពុជា ​ហើយ​តាម​រយៈ​នេះ រដ្ឋបាល​គយ​នៃ​ប្រទេស​ទាំង​២​ត្រូវ​សហ​ការ​គ្នា​ឱ្យ​បាន​សកម្ម ​ជាពិ​សេស​ក្នុងការ​អនុវត្ត​ឱ្យ​រលូន​ និង​មាន​ប្រសិទ្ធ​ភាព​នៃ​កិច្ចព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​ទ្វេ​ភាគី​កម្ពុជា​-​ចិន​ និង​កិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃ​សេដ្ឋកិ​ច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់ (RCEP)​។

​លោក​បាន​បញ្ជាក់​ថា​៖«​អគ្គ​នាយក​ដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ​បាន​ធ្វើ​ទម្រង់​និង​ទំនើប​កម្ម​រដ្ឋបាល​គយ​កម្ពុជា​ជា​បន្ត​បន្ទាប់​ផង​ដែរ​។ នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ ថ្នាក់​ដឹក​នាំ​នៃ​រដ្ឋបាល​គយ​ទាំង២​បាន​ពិភាក្សា​ផ្លាស់ប្តូរ​យោ​បល់ ​និង​បាន​ឯក​ភាព​គ្នា​លើ​របៀបវារៈ​សំខាន់ៗ​ដូច​ជា ការធ្វើ​ទំនើប​កម្ម​រដ្ឋ​បាល​គយ​ជា​រដ្ឋ​បាល​វៃឆ្លាត ​(Smart Customs) តាម​រយៈ​ការប្រើ​ប្រាស់ បច្ចេក​វិទ្យា​ព័ត៌មាន​ដើម្បី​ពង្រឹង​កិច្ច​សម្រួល​ពាណិជ្ជ​កម្ម និង​ការ​គ្រប់​គ្រង​តាម​ព្រំដែន »​។​

​ជា​មួយ​គ្នានោះ​ លោក​គុណ ​ញឹម បាន​​ជំរុញ​ឱ្យ​មាន​ការរៀប​ចំ​សេចក្តី​ព្រាង​អនុស្ស​រណៈ​យោគ​យល់​គ្នា​លើ​ការងារ​ត​ភ្ជាប់​ប្រព័ន្ធ​បញ្ជរ​តែ​មួយ​ជាតិ​(Nati​on​al Single Window) រវាង​រដ្ឋបាល​គយ​ទាំង២​ និង​សហកា​រ​ទប់​ស្កាត់​ និង​បង្ក្រាប​អំពើ​រត់​គេច​ពន្ធ ​និង​បទ​ល្មើស​ឆ្លង​ដែន​នានា ​ដូច​ជា​ការ​រត់​ពន្ធ​គ្រឿង​ញៀន ​ទំនិញ​ហាម​ឃាត់​ និង​ការ​ជួញ​ដូរ​សត្វ​ព្រៃ​ជិត​ផុត​ពូជ​ជាដើម(CITES) ដោយ​ត្រូវ​បង្កើត​ចំណុច​ទំនាក់​ទំនង​ ដើម្បី​ផ្លាស់​ប្តូរ​ព័ត៌​មាន​ឱ្យ​បាន​ទាន់​ពេល​វេលា​ផង​ដែរ​។​

 

«​ភាគី​ទាំង​២​នឹង​បន្ត​ជំរុញ​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ចនៃ​វិញ្ញាបន​បត្រ​បញ្ជាក់​ដើម​កំណើត​ទំនិញ ​(E-Certificate of Origin)ដើម្បី​ព​ន្លឿ​ន​ការ​បំពេញ​បែប​បទ​គយ​,​ការ​ពិភាក្សា​ពី​ការ​អនុវត្ត​រួមគ្នា​នូវ​កម្មវិធី​ប្រតិ​បត្តិ​ករ​សេដ្ឋ​កិច្ច​ទទួល​បាន​ការ​អនុញ្ញាត (AEO) ដើម្បី​បង្កើន​កិច្ច​សម្រួល​ពាណិជ្ជ​កម្ម​,​សហ​ការ​ផ្លាស់​ប្ដូរ​បទ​ពិសោធ​ន៍​នៃ​ការ​អនុវត្ត​ប្រព័ន្ធ​គ្រប់​គ្រង​ហានិ​ភ័យ ​រួមទាំ​ង​ការ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​កិច្ច​សហ​ការ​ប្រតិ​ប​ត្ត​ការ​គយ​ក្នុង​កម្រិត​តំបន់ ​និង​ពិភព​លោក​»​។​នេះ​បើតាម​ការ​បញ្ជាក់​បន្ថែម​ពី លោក​ គុណ ញឹម​។​

​ក្រៅពី​​នោះ​ខាង​គយ​កម្ពុជាក៏​បាន​ស្នើ​រដ្ឋបាល​គយ​ចិន​ផ្ដល់​ជំនួយ​បច្ចេក​ទេស​ក្នុង​ការ​កសាង​សមត្ថ​ភាព​ដើម្បី​បន្ត​អនុវត្ត​យុទ្ធ​សាស្ត្រ​កែ​ទម្រង់ និង​ទំនើប​កម្ម​រដ្ឋបា​ល​គយ​កម្ពុជា ​ខណៈដែល​​រដ្ឋបាល​គយ​ចិន ​បង្ហាញ​ពីការ​គាំទ្រ​ចំពោះ​សំណើ​នេះ និង​ស្នើ​ឱ្យ​គយ​កម្ពុជា​លើក​តម្រូវ​ការ​ជាក់​លាក់​តាម​រយៈ​នាយក​ដ្ឋាន​សហ​ប្រតិ​បត្តិ​ការ​គយ​អន្តរ​ជាតិ​នៃ​រដ្ឋ​បាល​គយ​ទាំង​២ ។

​ទាក់​ទិន​នឹង​កិច្ច​សហ​ប្រតិ​បត្តិការ​រ​វាង​ស្ថា​ប័ន​គយ​ទាំង​២​នេះដែរ​ អ្នក​ជំនាញ​សេដ្ឋ​កិច្ច​នៃ​រាជ​បណ្ឌិត្យ​សភាក​ម្ពុជា ​លោក​ ហុង​ វណ្ណៈ បាន​ថ្លែង​ថា ការ​បង្កើន​ភាព​ស្និទ្ធ​ស្នាល​បន្ថែម​ក្នុង​ការ​រឹត​ចំណង​សាមគ្គី​ភាព​រវាង​ប្រទេស​ទាំង២ ​នឹង​ជំរុញ​ការធ្វើ​ពាណិជ្ជក​ម្ម​រវាង​គ្នា​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត​។​

​លោក​បាន​បញ្ជាក់​ថា​៖«​ដូច​យើង​ដឹង​ស្រាប់​ហើយ​ ប្រទេស​ចិន​និង​កម្ពុជា មាន​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម​ជា​មួយ​គ្នា​យ៉ាង​ស្អិត​ល្មួត​ ក្នុងការ​នាំ​ចេញ​ផលិត​ផល​របស់​កម្ពុជា​យើង​ទៅ​ចិន​ក៏​មិន​តិច​ដែរ​ជា​ពិសេស​ផលិត​កសិកម្ម​។ហេតុ​ដូច​នេះនៅ​ពេលដែល​មាន​ការ​សម្របសម្រួល​គ្នា​លើ​លក្ខ​ខណ្ឌ​កាន់​តែច្រើ​ន ការ​នាំ​ចេញ​របស់​យើង​ទៅ​ចិន ក៏មាន​កំណើន​ទៅតា​ម​នោះ​ដែរ​»៕