នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ប្រទេសហុងឌូរ៉ាសបានបើកស្ថានទូតរបស់ខ្លួននៅទីក្រុងប៉េកាំងជាផ្លូវការ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន។ ប្រភពដដែលបានរាយការណ៍ថា ការបើកស្ថានទូតរបស់ប្រទេសហុងឌូរ៉ាសនេះ ធ្វើឡើងប៉ុន្មានខែបន្ទាប់ពីប្រទេសស្ថិតនៅ តំបន់អាមេរិកកណ្តាលមួយនេះ បានផ្តាច់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ ដើម្បីកសាងទំនាក់ទំនងជាមួយប្រទេសចិនជំនួសវិញ ។
ប៉ុស្ដិ៍ទូរទស្សន៍ CCTV ផ្លូវការរបស់ប្រទេសចិន បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសចិន លោក ឈីន កាង (Qin Gang) និងសមភាគីហុងឌូរ៉ាស លោក អេរីក រ៉េណា (Enrique Reina) បានចូលរួមនៅក្នុងពិធីសម្ពោធបើកស្ថានទូតនៅព្រឹកថ្ងៃអាទិត្យនេះជាផ្លូវការហើយ។ លើសពីនេះ រដ្ឋាភិបាលហុងឌូរ៉ាសក៏នឹងត្រូវកំណត់ទីតាំងអចិន្ត្រៃយ៍របស់ស្ថានទូតខ្លួន និងបង្កើនចំនួនបុគ្គលិកធ្វើការក្នុងស្ថានទូតបន្ថែមទៀត។