វៀតណាម៖មន្ត្រីប៉ូលិស ៤ នាក់ បានស្លាប់ និង ២ នាក់ ផ្សេងទៀត បានរងរបួសនៅក្នុងករណីបាញ់ប្រហារមួយ ដែលបានកើតឡើងនៅទីស្នាក់ការប៉ូលិស២ កន្លែង ស្ថិតនៅតំបន់ភូមិភាគកណ្ដាលប្រទេសវៀតណាម កាលពីថ្ងៃទី១១ ខែមិថុនាឆ្នាំ២០២៣។
យោងតាមគេហទំព័រផ្លូវការរបស់ក្រសួងសន្តិសុខសាធារណៈវៀតណាម បានឱ្យដឹងថា មនុស្ស ១៦ នាក់ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការបាញ់ប្រហារនៅក្នុងស្រុកឈូឃូន (Cu Kuin) ខេត្តដាឡាក (Dak Lak)។
សេចក្តីរាយការណ៍ខាងលើបានបន្ថែមថា មនុស្ស ២ នាក់ ដែលត្រូវបានចាប់ជាចំណាប់ខ្មាំងដោយខ្មាន់កាំភ្លើងត្រូវបានដោះលែង ខណៈដែលចំណាប់ខ្មាំងម្នាក់ទៀតដែលត្រូវបានខ្មាន់កាំភ្លើងចាប់ឃុំឃាំង បានរំដោះខ្លួនបានដោយខ្លួនឯង។ គួរដឹងដែរថា ហេតុការណ៍បាញ់ប្រហារទៅលើទីស្នាក់ការប៉ូលិសនៅទីតាំងទាំង២ ក្នុងនោះគឺនៅឃុំអៀទៀវ (Ea Tieu) និងឃុំអៀខ្ទើ (Ea Ktur) បានកើតឡើងកាលពីព្រឹកថ្ងៃអាទិត្យ។
ក្រសួងសន្តិសុខសាធារណៈ បានឱ្យដឹងថា មន្ត្រីប៉ូលិស ៤ នាក់ ដែលត្រូវបានបាញ់សម្លាប់ពេលកំពុងបំពេញតួនាទីត្រូវបានក្រសួងលើកតម្កើងពួកគេថាជាវីរៈបុរសយ៉ាងពិតប្រាកដ។ យោងតាមការរាយការណ៍បន្ថែមពីទីតាំងកើតហេតុបានឱ្យដឹងថា មន្ត្រីផ្សេងទៀតក្នុងតំបន់ និងជនស៊ីវិលមួយចំនួន ក៏ត្រូវបានរងគ្រោះពីការវាយប្រហារនេះផងដែរ ប៉ុន្តែមិនទាន់មានការផ្តល់តួលេខអំពីអ្នកស្លាប់និងរងរបួសនៅឡើយទេ។
ប្រភពដដែលបានបន្ថែមថាក្រុមមន្ត្រីស៊ើបអង្កេតកំពុងស្វែងរកជនសង្ស័យបន្ថែមទៀត ខណៈដែលប៉ូលិសមិនអាចទាក់ទងសុំការបំភ្លឺបាននៅឡើយ។ គួរដឹងដែរថា តំបន់ខ្ពង់រាបកណ្តាលនៅប្រទេសវៀតណាម នេះគឺជាកន្លែងរស់នៅរបស់ជនជាតិភាគតិចជាច្រើននិងត្រូវបានចាត់ទុកថាជាតំបន់ដ៏រសើបសម្រាប់រដ្ឋាភិបាលផ្តាច់ការរបស់វៀតណាម ដោយសារតែពលរដ្ឋនៅតំបន់នេះមិនសប្បាយចិត្តជាយូរណាស់មកហើយ ជុំវិញបញ្ហាជាច្រើន ក្នុងនោះរួមមានបញ្ហាពាក់ព័ន្ធនឹងសិទ្ធិដីធ្លីជាដើម។
សូមរំឭកថា ក្រុមកុលសម្ព័ន្ធមួយចំនួននៅក្នុងតំបន់នេះ ត្រូវបានគេស្គាល់ថាជាក្រុមម៉ុងតាញ៉ា (Montagnards)។ ក្រុមកុលសម្ព័ន្ធនេះធ្លាប់ចូលរួមជាមួយវៀតណាមខាងត្បូងដែលគាំទ្រដោយសហរដ្ឋអាមេរិកក្នុងអំឡុងពេលសង្រ្គាម វៀតណាម។ អ្នកខ្លះបាននិងកំពុងអំពាវនាវទាមទារស្វ័យភាពតំបន់របស់ខ្លួនទៀតផង ខណៈអ្នកផ្សេងទៀតដែលកំពុងរស់នៅបរទេស ក៏កំពុងតស៊ូមតិទាមទារឯករាជ្យសម្រាប់តំបន់នេះផងដែរ។
កាលពីថ្ងៃអាទិត្យ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមមួយចំនួន បានលុបចោលការរាយការណ៍របស់ពួកគេពីឧប្បត្តិហេតុនេះ ប៉ុន្តែក៏បានបោះពុម្ពផ្សាយឡើងវិញបន្ទាប់ពីប៉ុន្មានម៉ោងក្រោយ។ ជាការកត់សម្គាល់ ករណីហិង្សាបាញ់ប្រហារបែបនេះ គឺជារឿងដែលកម្រកើតមានបំផុតនៅក្នុងប្រទេសវៀតណាម ហើយវាក៏ខុសច្បាប់ផងដែរសម្រាប់ពលរដ្ឋណាម្នាក់ដែលមានអាវុធប្រើប្រាស់ ហើយទីផ្សារងងឹតសម្រាប់ជួញដូរអាវុធខុសច្បាប់ក៏តូចចង្អៀតទៀត។
កាលពីខែមករា ឆ្នាំ២០២០ មនុស្សចំនួន ៤ នាក់ត្រូវបានបាញ់សម្លាប់នៅសង្វៀនជល់មាន់ខុសច្បាប់មួយកន្លែងនៅជាយក្រុងហូជីមិញ។ ក្រៅពីនោះ ក៏មានការបាញ់ប្រហារដ៏កម្រមួយផ្សេងទៀតក្នុងឆ្នាំ២០១៦ដោយមន្ត្រីជាន់ខ្ពស់ ២ នាក់ នៅខេត្តយេនប៉ាយ (Yen Bai) ភាគខាងជើងត្រូវបានសម្លាប់ ដោយសហការីនៅការិយាល័យ មុនពេលដែលខ្មាន់កាំភ្លើងបានបាញ់សម្លាប់ខ្លួនឯងតាមក្រោយ៕