ចំពេលមានភាពតានតឹងកើនឡើងខ្លាំងជាមួយប្រទេសចិន សហរដ្ឋអាមេរិកកំពុងរៀបចំផែនការជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីកោះតៃវ៉ាន់ ព្រោះថា ប្រសិនបើជម្លោះកើតឡើងនៅលើកោះនេះមែននោះ ជនជាតិអាមេរិករាប់ម៉ឺននាក់អាចនឹងត្រូវជាប់គាំង។
យោងតាមមន្ត្រីចារកម្មអាមេរិកជាន់ខ្ពស់, ដំណើរការរៀបចំផែនការនេះ ត្រូវបានរៀបចំអស់រយៈពេលយ៉ាងហោចណាស់ប្រាំមួយខែមកហើយ ប៉ុន្តែបានបង្កើនល្បឿននៅពីរខែកន្លងមកនេះ។ មន្ត្រីដដែលបន្ថែមថា ដោយសារភាពតានតឹងកាន់តែខ្លាំងឡើង ទើបជំរុញឲ្យមានការរៀបចំនេះ។
ទន្ទឹមនោះ ប្រភពមួយទៀតបានលើកឡើងថា ប្រតិបត្តិការយោធារុស្ស៊ីនៅអ៊ុយក្រែន បានបង្ខំឲ្យសហរដ្ឋអាមេរិក ពិចារណាលើការរៀបចំរបស់ខ្លួននៅកោះតៃវ៉ាន់។សូមរម្លឹកជាថ្មី អាមេរិកបានជម្លៀសបុគ្គលិកស្ថានទូតរបស់ខ្លួនភាគច្រើន ចេញពីទីក្រុងកៀវ ពោលគឺពីរសប្តាហ៍មុនពេលទាហានរុស្ស៊ីចូលដល់អ៊ុយក្រែន។
ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងការបរទេសអាមេរិក មិនបានព្រមានជនជាតិរបស់ខ្លួន ប្រឆាំងនឹងការធ្វើដំណើរទៅកាន់កោះតៃវ៉ាន់ទេ។ យោងតាមប្រភពពីសារព័ត៌មាន The Messenger, ការរៀបចំផែនការជម្លៀស កំពុងរក្សាភាពស្ងប់ស្ងាត់ព្រោះវាជាប្រធានបទដ៏រសើបសម្រាប់រដ្ឋាភិបាលតៃវ៉ាន់។
គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ២០១៩ ជនជាតិអាមេរិកជាង៨ម៉ឺននាក់ កំពុងរស់នៅលើកោះតៃវ៉ាន់៕