“ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព” ដែលសហការរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO ) បានចាប់ផ្តើមហើយនាព្រឹកថ្ងៃទី១៣ ខែមិថុនា នេះ ដោយផ្តល់ឱកាសការងារសរុបប្រមាណ ៤៥០០ កន្លែង ពីក្រុមហ៊ុនធំៗចំនួន ២៥ នៅអគារ Kampus ជិតស្ពានអាកាសក្បាលថ្នល់ ចាប់ពីម៉ោង ៨ ព្រឹក ដល់ ៥ ល្ងាច។
ក្រុមហ៊ុនធំៗចំនួន ២៥ ដែលចូលរួមក្នុង “ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព” រយៈពេលពីរថ្ងៃនេះ គឺមកពីវិស័យសំខាន់ៗដូចជា ធនាគារ និងធានារ៉ាប់រង, លក់ដុំ និងលក់រាយ, ព័ត៌មានវិទ្យា និងទំនាក់ទំនង, អេឡិចត្រូនិច, ផលិតទុយយោ, ផលិតចំណីសត្វ, បណ្តុះបណ្តាល និងសេវាកម្មផ្សេងៗ។ គោលបំណងសំខាន់នៃពិព័រណ៍ការងារនេះ គឺការបង្កើតជាវេទិកាប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់នៅមួយកន្លែង ដើម្បីស្វែងយល់ពីតម្រូវការងារ, ការជ្រើសរើសកម្លាំងពលកម្ម និងការដាក់ពាក្យស្នើសុំការងារ សម្ភាសការងារ ជូនដល់សាធារណជនដើម្បី កាន់តែងាយស្វែងរក, ងាយចូលរួម, ឆ្លើយតបឆាប់រហ័ស និងចំគោលដៅ។
នៅក្នុងពិធីបើកពិព័រណ៍នាព្រឹកនេះលោកស្រី ឌី ចង្កុលណី អនុប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ លើកឡើងថាពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព នេះ គឺជាការអនុវត្តស្របតាម គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការពង្រីកការបើកចំហឱកាសការងារ ឱ្យបានទៅ ដល់សាធារណជនគ្រប់រូបប្រកបដោយតម្លាភាព និងសមធម៌ សំដៅប្រែក្លាយឱកាសការងារ ទាំងអស់ទៅជាមុខរបរកាន់តែប្រសើរសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសការជួយតម្រង់ទិស ការងារ និងមាគ៌ាអាជីពសម្រាប់យុវជន ដែលជាកម្លាំងពលកម្មវ័យក្មេងរបស់យើង។ ព្រឹត្តិការណ៍នេះ នឹងបង្កើតនូវបរិយាកាសប្រកបដោយ ភាពសកម្ម និងភាពឆ្លើយតបទាន់ ពេលវេលា សំដៅពង្រីកវិសាលភាពការងារ និងការស្រូបយកកម្លាំងពលកម្មដែលមាន សក្តានុពល និងជំនាញគ្រប់ប្រភេទចូលទៅក្នុងឱកាសការងារទំនេរគ្រប់វិស័យនៅមួយ កន្លែងដោយងាយស្រួល។
លោក លីវ យូតុង តំណាងអង្គការអន្តរជាតិខាងការងារ (ILO) ចាត់ទុកថាពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពនេះ គឺជាឱកាសយ៉ាងល្អប្រសើរសម្រាប់អ្នកស្វែងរកការងារធ្វើ ពិសេសយុវជន។ លោកបន្ថែមថាការងារ និងអាជីព គឺជាសមាសធាតុដ៏មានសារសំខាន់សម្រាប់ មនុស្សគ្រប់រូប ហើយក៏ជារឿងដ៏សំខាន់ដែលអង្គការ ILO កំពុងយកចិត្តទុកដាក់ និងគាំទ្រយ៉ាងខ្លាំងផងដែរ។
លោក សុំ មនោរម្យ ប្រធានលេខាធិការដ្ឋានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ទីផ្សារការងារកម្ពុជាបច្ចុប្បន្នកំពុងត្រូវការកម្លាំងពលកម្មជាច្រើនជាក់ស្តែងក្នុងរយៈពេលពីរថ្ងៃនេះ NEA និងសហភាពសហព័ន្ធកម្ពុជារាជធានីភ្នំពេញបានសហការគ្នារៀបចំពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពនេះឡើងដោយនាំយកឱកាសការងាររហូតដល់ ៤៥០០ កន្លែងសម្រាប់ផ្តល់ជូនយុវជន។ ដូច្នេះ យុវជន ត្រូវខិតខំសិក្សារៀនសូត្រក្រេបយក ចំណេះជំនាញឱ្យបានច្បាស់លាស់ដើម្បីចាប់យកឱកាសការងារដែលមានច្រើនសំបូរបែប។
ក្រៅពីទទួលបានឱកាសការងាររាប់ពាន់កន្លែងក្នុងមុខតំណែងខុសៗជាច្រើន យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ ក៏អាចទទួលបាននូវគន្លឹះអំពីការត្រៀមខ្លួនចូលទីផ្សារការងារ នៅក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ ដែលមានការចូលរួមពី សំណាក់វាគ្មិនជំនាញជាច្រើនរូបទៀតផង។
កញ្ញា មុន្នី វាចាសា អ្នកគ្រប់គ្រងកិត្តិនាមនិយោជកធនាគារ ABA លើកឡើងថាពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព នឹងផ្តល់ឱកាសកាងារល្អៗ និងផ្តល់នូវគន្លឹះសំខាន់ៗដើម្បីត្រៀមខ្លួន ចូលទីផ្សារការងារនៅក្នុងសិក្ខសាលាទៀតផង។ កញ្ញា បន្ថែមថា ធនាគារ ABA មានឱកាសការងារជាច្រើនក្នុងមុខតំណែងផ្សេងៗគ្នាសម្រាប់ផ្តល់ជូន យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើនៅក្នុងពិព័រណ៍រយៈពេលពីរថ្ងៃនេះ។
យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារដែលមានបំណងចូលរួមដើម្បីស្វែងរកការងារ ឬចង់ផ្លាស់ប្តូរការងារ សូមត្រៀម CV ដើម្បីដាក់ពាក្យតាមមុខតំណែងក្នុងក្រុមហ៊ុន ដែលខ្លួនពេញចិត្ត៕