ភ្នំពេញ: សភាពាណិជ្ជកម្មកម្ពុជា (CCC) សហការជាមួយអគ្គកុងស៊ុលកម្ពុជានៅរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិកនឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មកម្ពុជាលើកដំបូងក្នុងគោលបំណងពង្រីកផលិតផលផលិតក្នុងស្រុកទៅកាន់ទីផ្សារអាមេរិក ក៏ដូចជាលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគី និងទាក់ទាញការវិនិយោគមកកាន់កម្ពុជា។
យោងតាមសេចក្តីប្រកាសរបស់ អគ្គកុងស៊ុលកម្ពុជានៅរដ្ឋកាលីហ្វ័រនីញ៉ា នៅថ្ងៃទី ១ ខែមិថុនា «ពិព័រណ៍ធុរកិច្ចកម្ពុជា» ដែលគ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុងឡុងប៊ិច ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២៣។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដើម្បីបង្ហាញអំពីទិដ្ឋភាពធុរកិច្ចកម្ពុជាដ៏សម្បូរបែប នឹងប្រារព្ធឡើងនៅ Holiday Inn Long Beach Airport, រដ្ឋកាលីហ្វ័រនីញ៉ា។ ក្រុមហ៊ុនកម្ពុជាដែលមានឥទ្ធិពលជាង ១០០ ត្រូវបានគេរំពឹងថានឹងចូលរួមក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មផ្តាច់មុខនេះ។
ព្រឹត្តិការណ៍នេះនឹងបើកជាសាធារណៈចាប់ពីម៉ោង ១០:០០ នាទីព្រឹកដល់ម៉ោង ៣:០០ នាទីរសៀល និងអាចចូលរួមដោយសេរី។ មន្ត្រីក្រសួង ពាណិជ្ជកម្ម និងក្រសួងទេសចរណ៍កម្ពុជាត្រូវបានរំពឹងថា នឹងថ្លែងក្នុងព្រឹត្តិការណ៍នេះ។ ក្រុមហ៊ុនដែលចាប់អារម្មណ៍ក្នុងការចូលរួមក្នុងព្រឹត្តិការណ៍នេះត្រូវបានលើកទឹកចិត្តឱ្យចូលទៅកាន់គេហទំព័ររបស់សភាពាណិជ្ជកម្ម ដើម្បីចុះឈ្មោះ។
អគ្គកុងស៊ុលកិត្តិយសកម្ពុជា លោក គឹម ឆាហួត ប្រធានសភាកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រនីញ៉ា ថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានថា ពិព័រណ៍នេះនឹងបម្រើជាវេទិកាផ្សព្វផ្សាយផលិតផលរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ក៏ដូចជាការកសាងទំនាក់ទំនងដោយផ្ទាល់រវាងវិនិយោគិនកម្ពុជា និងអាមេរិក។
លោកបានថ្លែងថា៖ «ព្រឹត្តិការណ៍នេះបង្ហាញពីវេទិកាដ៏អស្ចារ្យមួយ ដើម្បីបង្ហាញពីផលិតផលចម្រុះរបស់ប្រទេសកម្ពុជា។ អ្នកចូលរួមនឹងមានឱកាសស្វែងយល់ និងបទពិសោធន៍ផលិតផល ដូចជាមុខម្ហូបខ្មែរប្លែកៗ រួមមានអង្ករ ម្រេច គ្រាប់ស្វាយចន្ទី និងផលិតផលប្លែកៗជាច្រើនទៀត»។
អគ្គកុងស៊ុលរូបនេះ បានបញ្ជាក់បន្ថែមថា សមាជិកគណៈប្រតិភូដែលបានជ្រើសរើសគឺបើកចំហក្នុងការពិភាក្សាអំពីឱកាសវិនិយោគដែលមានសក្តានុពលនៅក្នុងទីផ្សារអាមេរិក។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា សភាពាណិជ្ជកម្មកម្ពុជានឹងសហការជាមួយអគ្គកុងស៊ុលក្នុងការរៀបចំពិព័រណ៍នេះដើម្បីតាំងបង្ហាញផលិតផលរបស់កម្ពុជានៅក្នុងទីផ្សារសហរដ្ឋអាមេរិក ខណៈដែលទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំង ២ កំពុងរីកចម្រើន។
លោកលើកឡើងថា៖ «យើងរំពឹងថា ពិព័រណ៍នេះនឹងបម្រើជាវេទិកាមួយសម្រាប់ក្រុមហ៊ុនផលិតក្នុងស្រុករបស់យើងដើម្បីបង្ហាញផលិតផលរបស់ពួកគេ និងស្វែងរកដៃគូអាជីវកម្មនៅអាមេរិក យើងមើលឃើញថា កម្ពុជាគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយជាមួយអាមេរិក ដូច្នេះពិព័រណ៍នេះនឹងបង្កើតទំនុកចិត្តបន្ថែមទៀតក្នុងចំណោមអតិជិជនអាមេរិក»។
លោកថា សភាពាណិជ្ជកម្មកម្ពុជានឹងបើកស្ថាប័នតំណាងរបស់ខ្លួននៅរដ្ឋជាច្រើនក្នុងសហរដ្ឋអាមេរិកនាពេលឆាប់ៗនេះ។ពាណិជ្ជកម្មទំនិញរវាងកម្ពុជា និងអាមេរិកបានកើនឡើងដល់ ១,១៦៩ ពាន់លានដុល្លារក្នុងរយៈពេល ២ ខែដំបូងឆ្នាំ ២០២៣ ធ្លាក់ចុះ ២០,៣៧ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
នេះបើយោងតាមទិន្នន័យបណ្តោះអាសន្នរបស់ GDCE។ ក្នុងអំឡុងខែមករា ដល់ខែកុម្ភៈ ការនាំចូលរបស់កម្ពុជាពីអាមេរិកមានចំនួន ៣៩,០៥៦ លានដុល្លារធ្លាក់ចុះ ២៤,៤៥ ភាគរយ និងនាំចេញទៅអាមេរិក មានចំនួន ១,១៣០ ពាន់លានដុល្លារ ធ្លាក់ចុះ ២០,២២ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលធ្វើឱ្យអតិរេកពាណិជ្ជកម្មរបស់កម្ពុជារួមតូចមានចំនួន ២០,០៦ ភាគរយប្រចាំឆ្នាំដល់ ១,០៩១ ពាន់លានដុល្លារ។
ការនាំចូលសំខាន់ៗរបស់សហរដ្ឋអាមេរិកពីកម្ពុជារួមមានសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ ដែលផ្តល់ការងារដល់ប្រជាជនកម្ពុជាជាង ១ លាននាក់ ភាគច្រើនជាស្ត្រី ខណៈដែលការនាំចេញរបស់អាមេរិកមកកម្ពុជារួមមានយានយន្ត ចំណីសត្វ និងសេវាកម្មឌីជីថល៕