យោងតាមរបាយការណ៍របស់ក្រុមហ៊ុនទេសចរណ៍ផ្សងព្រេង Explore Worldwide ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានបង្ហាញថា រាជធានីភ្នំពេញនៃប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ៥ ក្នុងបញ្ជីជាទីក្រុងដែលកំពុងពេញនិយមនៅលើពិភពលោក សម្រាប់អ្នកទេសចរដែលចូលចិត្តធ្វើដំណើរតែម្នាក់ឯង ឬគេហៅថា Solo Trip ក្នុងឆ្នាំ២០២៣។
តាមរយៈការវិភាគទិន្នន័យស្វែងរកក្នុង Google សម្រាប់រយៈពេលពីរឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនបានរកឃើញថា ទីក្រុងភ្នំពេញ មានអ្នកស្វែងរកក្នុង Google ច្រើនលំដាប់ទី៥ បន្ទាប់ពីទីក្រុងសេអ៊ូល របស់ប្រទេសកូរ៉េខាងត្បូង។
ចំណែកចំណាត់ថ្នាក់លេខ១ គឺបានទៅលើទីក្រុងហាណូយ របស់ប្រទេសវៀតណាម, លេខ២គឺទីក្រុងបាងកក នៃប្រទេសថៃ និងលេខ៣បានទៅលើទីក្រុងតៃប៉ិ របស់កោះតៃវ៉ាន់។ក្រុមហ៊ុន Explore Worldwide និយាយថា “ប្រកបដោយសោភ័ណភាព និងពោរពេញដោយស្ថាបត្យកម្មបុរាណ ទីក្រុងហាណូយ បង្ហាញខ្លួនឯងថាជាកន្លែងដែលសម្បូរទៅដោយវប្បធម៌ ជាមួយនឹងសកម្មភាពជាច្រើន ដែលអាចនាំឲ្យអ្នកធ្វើដំណើរ Solo រីករាយបាន រាប់ចាប់ពីការទៅមើលកន្លែងលក់អាហារ និងទស្សនាប្រាសាទប្រវត្តិសាស្ត្រ រហូតដល់ដើរលេងតាមដងផ្លូវចម្រុះពណ៌”។
គួរបញ្ជាក់ថា ទីក្រុងហាណូយ ទទួលបានភ្ញៀវទេសចរបរទេសចំនួន ១.៥លាននាក់កាលពីឆ្នាំមុន ពោលគឺច្រើនជាងមួយភាគបួនបើប្រៀបធៀបទៅនឹងឆ្នាំ២០១៩។ រដ្ឋធានីវៀតណាមមួយនេះ គ្រោងនឹងទាក់ទាញភ្ញៀវទេសចរបរទេស ឲ្យបាន៣លាននាក់ក្នុងឆ្នាំ២០២៣នេះ៕