ភ្នំពេញ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា គ.ជ.ប បានចំណាយថវិកាសរុបជាង៥០លានដុល្លារ សម្រាប់ចំណាយលើការរៀបចំបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ។ ក្នុងនោះរួមទាំង ការបោះពុម្ពសន្លឹកឆ្នោត ជាង១៣លានសន្លឹក ចំណាយថវិកាជាង ២លានដុល្លារ និងបានបញ្ជាទិញទឹកខ្មៅជ្រលក់ដៃ ពីឥណ្ឌាជាង៥ម៉ឺន ២ពាន់ដប បានដឹកមកដល់កម្ពុជាហើយ។
សូមជម្រាបថា គ.ជ.ប បានអញ្ជើញតំណាងគណបក្សនយោបាយ ចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោត អង្គការសង្កេតការណ៍បោះឆ្នោត និងអ្នកសារព័ត៌មាន ដើម្បីចូលរួមពិនិត្យមើល ដំណើរការបោះពុម្ពសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅព្រឹកនេះ ក្រោមអធិបតីភាព លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប។
ដំណើរការរៀបចំបោះពុម្ពសន្លឹកឆ្នោត បានប្រព្រឹត្តទៅជាប្រក្រតី។
លោក ហង្ស ពុទ្ធា បានបន្ថែមថា សន្លឹកឆ្នោតដែលនឹងបោះពុម្ព ចំនួនសន្លឹកជាង១៣លានសន្លឹក គឺចែកចេញជា ២ប្រភេទ ដោយប្រភេទទី១ គឺជាប្រភេទសន្លឹកឆ្នោត ដែលនឹងបញ្ជូនទៅការិយាល័យបោះឆ្នោត ជាង២៣០០ការិយាល័យ និងប្រភេទទី២ សន្លឹកឆ្នោតជាង១លាន២សែនសន្លឹក សម្រាប់តម្កល់ទុក នៅគណៈកម្មការរាជធានី-ខេត្ត រៀបចំការបោះឆ្នោត ត្រៀមបម្រុង ដើម្បីដោះស្រាយបញ្ហាជាយថាហេតុណាមួយ ដែលអាចនឹងកើតឡើង។
លោកបន្តថា សន្លឹកឆ្នោតបោះពុម្ពរួចរាល់ បាន១១ខេត្តហើយ ខណៈការបោះពុម្ពសន្លឹកឆ្នោតទាំងអស់ នឹងរួចរាល់នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣នេះ។ សន្លឹកឆ្នោត ដែលបានបោះពុម្ពរួច នឹងដឹកទៅរក្សាទុកនៅឃ្លាំងរបស់គ.ជ.ប ស្ថិតនៅគីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។
កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២៣ គំរូសន្លឹកឆ្នោត សម្រាប់បោះពុម្ព បានបញ្ជូនទៅដក់រោងពុម្ព ហើយនៅថ្ងៃទី១ ខែមិថុនាកន្លងទៅ រោងពុម្ពបានចាត់ចែងជាពុម្ព។
សូមជម្រាបថា៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានគណបក្សនយោបាយចំនួន១៨ ចូលរួមប្រកួតប្រជែង៕