បុរាណវិទូប៉េរូ បានរកឃើញសាកសពម៉ាំមីដែលមានអាយុកាលប្រហែល ៣០០០ ឆ្នាំនៅក្នុងទីក្រុងលីម៉ាកាលពីថ្ងៃពុធទី ១៤ ខែមិថុនា ដែលជាការរកឃើញចុងក្រោយបំផុតនៅក្នុងក្រុមប្រទេស Andean ។
និស្សិតមកពីសាកលវិទ្យាល័យ San Marcos និងអ្នកស្រាវជ្រាវ បានរកឃើញសំណល់នៃសក់ និងលលាដ៍ក្បាលរបស់សាកសពម៉ាំមី កំលុងពេលជីកកកាយ មុនពេលរកឃើញសាកសពម៉ាំមីទាំងមូល។ អ្នកបុរាណវិទ្យា លោក មីហ្គែល អាហ្គូឡា (Miguel Aguilar) បាននិយាយថា សាកសពម៉ាំមីនេះប្រហែលជាមកពីវប្បធម៌ Manchay ដែលបានអភិវឌ្ឍនៅជ្រលងភ្នំលីម៉ាចន្លោះឆ្នាំ ១៥០០ និង ១០០០ មុនគ.ស ហើយត្រូវបានផ្សារភ្ជាប់ជាមួយនឹងការសាងសង់ប្រាសាទដែលសាងសង់ជារាងអក្សរ U ដែលចង្អុលទៅព្រះអាទិត្យរះ។
លោក អាហ្គូឡា បានបន្តថា សាកសពអាចត្រូវបានថ្វាយជាយញ្ញបូជា ក្នុងដំណាក់កាលចុងក្រោយនៃការសាងសង់ប្រាសាទនេះ។ វាមានអាយុកាលប្រហែល ៣០០០ ឆ្នាំ។ អ្នកបុរាណវត្ថុវិទូបានរកឃើញវត្ថុផ្សេងទៀតដែលកប់ជាមួយសាកសព រួមទាំងពោត ស្លឹកកូកា និងគ្រាប់ពូជដែលពួកគេជឿថាអាចជាផ្នែកមួយនៃការថ្វាយ៕