នៅក្នុងរយៈពេល៥ ខែដោយគិតចាប់ពីខែមករា រហូតដល់ខែឧសភាឆ្នាំ២០២៣ ក្រុមហ៊ុនជាច្រើន ដែលមានវត្តមាននៅក្នុងប្រទេសវៀតណាមជាង៨៨០០ ក្រុមហ៊ុនបានប្រកាសបិទទ្វារក្ស័យធន ខណៈក្រុមហ៊ុនទាំងនោះភាគច្រើនគឺជាក្រុមហ៊ុនអភិវឌ្ឍន៏ និងលក់អចលនទ្រព្យ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័ Xinhua កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅនេះ។ប្រភពដែលបានឱ្យដឹងថា ក្នុងត្រីមាសទីមួយ ប្រទេសវៀតណាមបានកត់ត្រាការធ្លាក់ចុះ៦៣ភាគរយនៃចំនួនក្រុមហ៊ុនថ្មីនៅក្នុងវិស័យអចលនទ្រព្យធៀបនឹងឆ្នាំមុន ខណៈដែលការបិទអាជីវកម្មជាអចិន្ត្រៃយ៍ក្នុងវិស័យនេះបានកើនឡើង៣០ភាគរយ ហើយចំនួនក្រុមហ៊ុនដែលបិទជាបណ្តោះអាសន្នបានកើនឡើង៦១ភាគរយ។
ទន្ទឹមនិងនោះដែរ លោក Nguyen Chi Dung រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ បានឱ្យដឹងថា “ វិស័យអចលនទ្រព្យនៅតែបន្តរងផលប៉ះពាល់ខ្លាំងបំផុត ដោយសារចំនួនក្រុមហ៊ុនអចលនទ្រព្យបិទទ្វារបានកើនឡើងយ៉ាងខ្លាំងក្នុងអត្រា៤២,៤ភាគរយក្នុងឆ្នាំ២០២២ ធៀបនឹងឆ្នាំ២០២១ និងកើនឡើង៤៧,១ភាគរយក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំនេះ”។គួរបញ្ជាក់ផងដែរថា វិស័យអចលនទ្រព្យរបស់ប្រទេសវៀតណាមបានជួបការលំបាកទាក់ទងនឹងប្រាក់កម្ចីពីធនាគារ ក៏ដូចជាមូលបត្របំណុលសាជីវកម្ម យូរមកហើយ ដែលនាំឱ្យគម្រោងជាច្រើនជាប់គាំងចាប់តាំងពីឆ្នាំមុន។ ហើយលើសពីនេះទៀត អ្នកអភិវឌ្ឍន៍អចលនទ្រព្យវៀតណាមជាច្រើនកំពុងលក់ទ្រព្យសកម្ម ក្នុងការបញ្ចុះតម្លៃ ខណៈដែលពួកគេស្ថិតនៅក្រោមភាពតានតឹងផ្នែកសាច់ប្រាក់យ៉ាងធ្ងន់ធ្ងរ ស្របពេលមានស្ថានភាពទីផ្សារដ៏លំបាក៕