ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការ តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោក Marc Thayre ភារ:ធារី នៃស្ថានទូតអង់គ្លេសប្រចាំកម្ពុជា នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការដាក់ឱ្យដំណើរការជាផ្លូវការនៃកិច្ចសហប្រតិបត្តិការ ក្នុងការអនុវត្តមូលនិធិតំបន់ទេសភាពជីវៈចម្រុះ (BLF) នៅកម្ពុជា។
លោក Marc Thayre បានលើកឡើងថា “ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ មិនគោរពព្រំដែនទេ ហើយភាពជាដៃគូរឹងមាំ គឺមានសារៈសំខាន់ ក្នុងការការពារបរិស្ថាន ។ លោកភារ:ធារីនៃស្ថានទូតអង់គ្លេសប្រចាំកម្ពុជា បានបន្ថែមថា មូលនិធិតំបន់ទេសភាពជីវៈចម្រុះ នឹងក្លាយជាយន្តការដ៏សំខាន់មួយក្នុងការគាំទ្រ សហគមន៍មូលដ្ឋាន ដើម្បីពង្រឹងការអភិរក្សជីវចម្រុះ កាត់បន្ថយភាពក្រីក្រ និងកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ ។