នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក បានទៅដល់កំពង់ផែនៅទីក្រុងប៊ូសាន នៃប្រទេសកូរ៉េខាងត្បូងហើយ។ នេះបើតាមការបញ្ជាក់ពីយោធាទីក្រុងសេអ៊ូល នៅថ្ងៃសុក្រទី១៦ខែមិថុនា។
នេះជាលើកទីមួយហើយ ដែលនាវាមុជទឹក SSGN ឬគេហៅថានាវាមុជទឹកនាំផ្លូវមីស៊ីល បានឈប់នៅប្រទេសកូរ៉េខាងត្បូង ខណៈវត្តមានរបស់នាវាមុជទឹកមួយនេះនៅកូរ៉េខាងត្បូង កើតឡើងបន្ទាប់ពីប្រទេសកូរ៉េខាងជើង បាញ់មីស៊ីលរយៈចម្ងាយជិត២គ្រាប់ នៅជិតឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ និងបន្ទាប់ពីទីក្រុងព្យុងយ៉ាង បរាជ័យក្នុងការបាញ់បង្ហោះផ្កាយរណបចារកម្ម កាលពីខែមុន។កាលពីខែមេសា ប្រធានាធិបតីកូរ៉េខាងត្បូងលោក យូន ស៊ុកយុល និងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានព្រមព្រៀងគ្នានៅទីក្រុងវ៉ាស៊ីនតោន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៅឧបទ្វីបកូរ៉េ។
មេដឹកនាំទាំងពីរ ក៏បានយល់ព្រមដែរថា នាវាមុជទឹកបំពាក់នុយក្លេអ៊ែររបស់អាមេរិក នឹងធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង ជាលើកដំបូងចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០មក ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ការពារកូរ៉េខាងត្បូង ពីការវាយប្រហាររបស់កូរ៉េខាងជើង៕