បុរសស្រីលង្កាម្នាក់ បានបំបែកឯតទគ្គកម្មពិភពលោក ដោយមានក្រួសក្នុងតម្រងនោមធំបំផុត។បុរសម្នាក់នោះមានឈ្មោះ Canistus Coonghe ជាយុទ្ធជនចូលនិវត្ត ហើយក្រួសក្នុងតម្រង់នោមរបស់គាត់ មានទំហំប៉ុនខ្ទឹមបារាំង។
កំណត់ត្រាពិភពលោក Guinness បានអះអាងថា ក្រួសនោះមានបណ្តោយ៩១៣.៣៧ សង់ទីម៉ែត្រ, ទទឹង១០.៥៥សង់ទីម៉ែត្រ និងទម្ងន់៨០០ក្រាម។វេជ្ជបណ្ឌិត Kugadas Sutharshan ដែលយកក្រួសនេះចេញ ក្នុងអំឡុងពេលវះកាត់កាលពីថ្ងៃទី១ខែមិថុនានៅពេទ្យទាហានក្នុងទីក្រុង កូឡុំបូ បាននិយាយថា ទោះបីជាក្រួសនេះ ស្ថិតនៅក្នុងក្រលៀនខាងស្តាំរបស់គាត់ក៏ដោយ ប៉ុន្តែសរីរាង្គរបស់គាត់គឺដំណើរការដូចធម្មតា។
គួរបញ្ជាក់ថា កំណត់ត្រាចាស់ សម្រាប់ក្រួសក្នុងតម្រងនោមធ្ងន់បំផុត គឺមានទម្ងន់៦១៦ក្រាម របស់បុរសជនជាតិប៉ាគីស្ថាននៅឆ្នាំ២០០៨។
ទន្ទឹមនឹងនោះដែរ ក្រួសក្នុងតម្រងនោមវែងបំផុត គឺមានប្រវែង១៣សង់ទីម៉ែត្រ ដែលត្រូវបានវះកាត់យកចេញពីបុរសជនជាតិឥណ្ឌាម្នាក់នៅឆ្នាំ២០០៤៕