ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជាបានគូសបញ្ជាក់ថា បន្ទាប់ពីភ្ជាប់ការទូទាត់ជាមួយថៃបានជោគជ័យ ឥឡូវនេះធនាគារជាតិនៃកម្ពុជាកំពុងរៀបចំនីតិវិធី ដើម្បីភ្ជាប់ការទូទាត់ប្រាក់រៀលតាមប្រព័ន្ធបាគងជាមួយប្រទេសឡាវ និងវៀតណាម ដើម្បីពង្រីកការប្រើប្រាស់ប្រាក់រៀលឲ្យកាន់តែទូលំទូលាយបន្ថែមទៀត។ ថ្នាក់ដឹកនាំធនាគារជាតិអះអាងថា ការភ្ជាប់ការទូទាត់ប្រាក់រៀលតាមប្រព័ន្ធបាគងជាមួយប្រទេសឡាវ និងវៀតណាម នឹងអាចដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់មកកម្ពុជានឹងពង្រីកការទូទាត់ប្រាក់រៀលទៅប្រទេសក្នុងតំបន់អាស៊ានផ្សេងៗបន្ថែមទៀត។ការប្រើប្រាស់ប្រាក់រៀលវាមាសសំខាន់ខ្លាំងណាស់សម្រាប់អធិបតេយ្យភាពរបស់កម្ពុជាតាមរយៈការជួយពង្រឹងភាពធន់សេដ្ឋកិច្ចជាតិ រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងជំរុញកំណើន ក៏ដូចជាជួយគ្រប់គ្រងសេដ្ឋកិច្ចក្នុងគ្រាមានវិបត្តិ។
លោកជំទាវ ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជាបានគូសបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជានឹងភ្ជាប់ការទូទាតប្រាក់រៀលតាមប្រព័ន្ធបាគងជាមួយប្រទេសឡាវ និងវៀតណាមបន្ថែមទៀត បន្ទាប់ពីទទួលបានជោគជ័យលើការភ្ជាប់ការទូទាត់ជាមួយប្រទេសថៃកាលពីកន្លងទៅថ្មីៗ។ ថ្នាក់ដឹកនាំរូបនេះអះអាងថា ការភ្ជាប់ការទូទាត់ប្រាក់រៀលជាមួយប្រទេសទាំងពីរនេះនឹងអាចដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ។ ក្រោយគម្រោងនេះត្រូវបានដាក់ឲ្យដំណើរការ ប្រជាជនកម្ពុជាដែលមានគណនីបាគងអាចទូទាត់ថ្លៃទំនិញ និងសេវាកម្មបានគ្រប់ទីកន្លែងនៅទូទាំងប្រទេសទាំងពីរ តែទាមទារឲ្យមានគណនីជាប្រាក់រៀល ហើយប្រជាជននៃប្រទេសទាំងពីរក៏អាចទូទាត់ថ្លៃទំនិញ និងសេវាកម្មជាប្រាក់រៀលបាននៅគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជាដូចគ្នាផងដែរ។ ក្រៅពីប្រទេសទាំងបីនេះ កម្ពុជាក៏មានគម្រោងពង្រីកការទូទាត់ប្រាក់រៀលតាមប្រព័ន្ធបាគងជាមួយប្រទេសក្នុងតំបន់អាស៊ានផ្សេងៗបន្ថែមទៀតផងដែរ។
ថ្លែងនាពិធីផ្សព្វផ្សាយពីប្រាក់រៀល ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងប្រព័ន្ធបាគង ក្នុងឱកាសខួបលើកទី៤៣ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញនៅខេត្តកំពង់ធំកាលពីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ លោកជំទាវ ជា សិរី បានគូសបញ្ជាក់ថា គោលបំណងនៃការភ្ជាប់ការទូទាត់ប្រាក់រៀលជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាននេះ គឺដើម្បីលើកតម្លៃ និងពង្រីកការចាយប្រាក់រៀលរបស់កម្ពុជាឲ្យកាន់តែទូលំទូលាយបន្ថែមទៀត ក៏ដូចជាដើម្បីបង្កភាពងាយស្រួលក្នុងការទូទាត់សម្រាប់ប្រជាជនកម្ពុជាពេលធ្វើដំណើរកម្សាន្តនៅប្រទេសទាំងនោះ។
សម្រាប់លោកជំទាវ ជា សិរី ការប្រើប្រាស់រូបិយបណ្ណជាតិមិនត្រឹមតែ ដើម្បីរក្សាអធិបតេយ្យជាតិប៉ុណ្ណោះទេ ថែមទាំងបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់សង្គម និងសេដ្ឋកិច្ចកម្ពុជា តាមរយៈការជួយពង្រឹងភាពធន់សេដ្ឋកិច្ច រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងជំរុញកំណើន ជាពិសេសជួយគ្រប់គ្រងសេដ្ឋកិច្ចក្នុងគ្រាមានវិបត្តិឲ្យស្ថិតក្នុងស្ថានភាពប្រសើរមួយ។ ជាក់ស្តែងនៅមានវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុកើតឡើងម្តងៗ ប្រទេសដែលមានការចាយរូបិយបណ្ណជាតិរបស់ទូលំទូលាយតែងតែដំឡើងអត្រាការប្រាក់ ឬបន្ទាបអត្រាការប្រាក់ដើម្បីជួយរក្សាលំនឹងសេដ្ខកិច្ច កាត់បន្ថយការកើនឡើងអតិផរណា ក៏ដូចជាស្តារ និងជំរុញកំណើនសេដ្ឋកិច្ចជាដើម។
ទេសាភិបាលរងធនគារជាតិនៃកម្ពុជារូបនេះបានសង្កត់ធ្ងន់ថា ការប្រែក្លាយសេដ្ឋកិច្ចកម្ពុជាឲ្យងាកពីប្រាក់ដុល្លារមកពឹងផ្អែកលើប្រាក់រៀល គឺវាទាមទារឲ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធទាំងស្ថាប័នសាធារណៈ ស្ថាប័នឯកជន និងប្រជាពលរដ្ឋកម្ពុជាទទៅ។ យ៉ាងណាមិញ ការជំរុញការប្រើប្រាស់ប្រាក់ឲ្យកាន់តែទូលំទូលាយគឺមិនមែនតែយកឈ្នះប្រាក់ដុល្លារអាមេរិក ឬដកប្រាក់ដុល្លារអាមេរិកចេញពីកម្ពុជាតែមួយពព្រិចភ្នែកនោះទេ គឺទាមទារឲ្យប្រជាជនកម្ពុជាមានស្មារតីក្នុងការប្រើប្រាស់ប្រាក់រៀលជាប្រចាំដើម្បីសម្រេចគោលដៅ ទោះបីជាត្រូវការពេលវេលាយូរបន្តិចក្តី។
គួរបញ្ជាក់ថា កម្ពុជាបានបោះពុម្ភប្រាក់រៀសសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនដំបូងនៅឆ្នាំ១៩៥៥ ដោយព្រះបាទសម្តេចព្រះបរមរតនកោដ នរោត្តម សីហនុ ដើម្បីបង្ហាញពីអធិបតេយ្យភាព និងឯករាជ្យជាតិ។ កាលណោះសេដ្ឋកិច្ចកម្ពុជាមានការអភិវឌ្ឍន៍ និងរីកចម្រើនស្ទើរគ្រប់វិស័យ ហើយប្រាក់រៀលរបស់កម្ពុជាទទួលបានទំនុកចិត្ត និងប្រើប្រាស់យ៉ាងទូលំទូលាយ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ និងគ្រប់គ្រងសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព។ ប៉ុន្តែជាអកុសលស្ថិរភាព និងជំនឿទុកចិត្តលើរូបិយបណ្ណជាតិត្រូវបានបង់ដោយសាររដ្ឋប្រហាររបស់សេនាប្រមុខ លន់ នល់ ដែលបានរុញច្រានឲ្យប្រទេសជាតិលិចលង់ក្នុងសង្គ្រាម ហើយតម្លៃប្រាក់រៀលបានធ្លាក់ថ្លៃយ៉ាងខ្លាំង។
ក្រោយមកកម្ពុជាបានធ្លាក់ចូលក្នុងរបបខ្មៅងងឹត ប៉ុល ពត ពេលនោះរបបនេះបានទម្លាក់គ្រាប់បែកកម្ទេចអគារធនាគារជាតិនៃកម្ពុជា និងបានបំបាត់ប្រាក់រៀលពីក្នុងចរាចរណ៍ក្រោមទស្សនៈលុយធ្វើឲ្យមានការបែងចែកវណ្ណៈ ដែលធ្វើឲ្យប្រជាជនបាត់ជំនឿទុកចិត្តទាំងស្រុងលើលុយរៀល។ បន្ទាប់មកនៅឆ្នាំថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ កម្ពុជាត្រូវបានរំដោះចេញពីរបបដ៏ខ្មៅងងឹតនេះ ហើយរាជរដ្ឋាភិបាលក៏បានសាងសង់អគារធនាគារជាតិឡើងវិញ និងបានបោះពុម្ពប្រាក់រៀលឡើងវិញនៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៨០។ ប៉ុន្តែដោយាសរការអូសបន្លាយនៃសង្គ្រាមស៊ីវិលបានធ្វើឱ្យលុយរៀលមានតួនាទីតិចតួចប៉ុណ្ណោះនៅក្នុងសេដ្ឋកិច្ចនាឆ្នាំ១៩៨០ ស្របពេលលុយដុល្លារបានហូរចូលមកកម្ពុជានៅឆ្នាំ១៩៩០ ប្រជាជនកម្ពុជាក៏បានចាប់យកប្រាក់ដុល្លារយ៉ាងឆាប់រហ័ស និងប្រើប្រាស់ប្រាក់នេះយ៉ាងទូលំទូលាយ៕