ស្ទឹងត្រែង៖ លោក ហង់ កុង ប្រធានគណៈកម្មការរៀបចំការបោះឆ្នោត ខេត្តស្ទឹងត្រែង បានថ្លែងថា មានប្រជាពលរដ្ឋសរុបចំនួន៩៧.៤៥២នាក់ មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២៣នេះ ពួកគាត់មានសិទ្ធគ្រប់គ្រាន់ អាចអញ្ជើញទៅបោះបាន។ លោកហង់ កុង ថ្លែងបែបនេះ កាលពីថ្ងៃទី១៦ ខែមិថុនា នៅក្នុងការិយាល័យ នៃលេខាធិការដ្ឋានរៀបចំការបោះឆ្នោត ក្នុងគ្រាដែលលោករៀបចំ បើកវគ្គបណ្តុះបណ្តាលដល់ក្រុមការងារ ស្តីពីច្បាប់បោះឆ្នោតរយៈ២ថ្ងៃ។
លោកហង់ កុង បានបន្តថា វគ្គបណ្តុះបណ្តាលស្តីពីច្បាប់បោះឆ្នោត ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ថ្ងៃទី១៥ ដល់ទី១៦ ខែមិថុនា ហើយវគ្គបណ្តុះបណ្តាលនេះ បានផ្តោតសំខាន់ទៅលើមុខជំនាញដូចជា ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត ការបូកសរុបផ្ទៀងផ្ទាត់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផលសន្លឹកឆ្នោតបឋម។
ជានេះទៅទៀត លោក ហង់ កុង បានបន្ថែមថា ការបោះឆ្នោតឆ្នាំ២០២៣នេះ មានគណបក្សនយោបាយចំនួន១០ នៅខេត្តស្ទឹងត្រែង គណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សធម្មាធិបតេយ្យ គណបក្សសញ្ជាតិកម្ពុជា គណបក្សខ្មែរតែមួយ គណបក្សហ្វុនស៊ីនប៉ិច គណបក្សស្ត្រីដើម្បីស្ត្រី គណបក្សខ្មែរឈប់ក្រ និងគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា។
លោកហង់ កុង បានបន្តថា ចំពោះការិយាល័យបោះឆ្នោតទូទាំងខេត្តស្ទឹងត្រែង មានចំនួន២៤៥ការិយាល័យ គឺនៅជិតៗផ្ទះប្រជាពលរដ្ឋតែម្តង ងាយស្រួលពួកគាត់អញ្ជើញទៅបោះឆ្នោត៕