(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ២កើត ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហាន ដែលជារោងចក្រផលិតទឹកស្អាតធំជាងគេនៅកម្ពុជា។
រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ ត្រូវបានបើកការដ្ឋានសាងសង់កាលពីខែកុម្ភៈ ឆ្នាំ២០២១ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។ រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ សាងសង់នៅលើផ្ទៃដី ១៥ហិកតា ដែលមានសមត្ថភាពផលិតសរុប ១៩៥,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។ រោងចក្រនេះ បានដាក់ដំណើរការសាកល្បងផលិតទឹក និងចែកចាយទឹកស្អាតចាប់តាំងពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ និងឈានដល់ការបញ្ចប់ការងារសាងសង់ជាស្ថាពរ នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ពោលគឺមានរយៈពេលសាងសង់ចំនួន៣៦ខែ។
រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ គឺជាគម្រោងធំជាងគេជាប្រវត្តិសាស្ត្រក្នុងវិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតកម្ពុជា ដែលអនុវត្តការងារសាងសង់ដោយក្រុមហ៊ុន Vinci Construction Grands Projets មកពីប្រទេសបារាំង ស្ថិតក្រោមការត្រួតពិនិត្យរបស់រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ និងការជួយផ្តល់យោបល់ពីទីប្រឹក្សាបច្ចេកទេស SAFEGE Consulting Engineers មកពីប្រទេសបារាំង។
រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ បានបន្ថែមលើសមត្ថភាពផលិតទឹកស្អាត ដែលមានស្រាប់ចំនួន ៦៤០.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ នាំឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានសមត្ថភាពផលិត និងផ្គត់ផ្គង់ទឹកស្អាតសរុបបានប្រមាណ ៨៣៥,០០០ម៉ែត្រគូបក្នុងថ្ងៃ ព្រមទាំងបន្ថែមការផ្គត់ផ្គង់ជូនប្រជាពលរដ្ឋបានប្រមាណ ១៧០,០០០គ្រួសារ និងជួយដោះស្រាយបញ្ហាទឹកស្អាតរបស់ប្រជាជនរស់នៅតំបន់ជាយរាជធានីភ្នំពេញ និងសង្កាត់ចំនួន៣ នៅក្រុងតាខ្មៅ។
នៅដើមឆ្នាំ២០២៤ ក្រោយដាក់ដំណើរការរោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី២ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានសមត្ថភាពផលិត និងផ្គត់ផ្គង់ទឹកស្អាតសរុបបានជាង ១លានម៉ែត្រគូបក្នុងមួយថ្ងៃ។
ការណ៍នេះធ្វើឱ្យប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅជាយរាជធានីភ្នំពេញ ទទួលបានការផ្គត់ផ្គង់ទឹកស្អាតដែលធានាបាននូវសម្ពាធទឹកល្អប្រសើរ ព្រមទាំងបានបិទបញ្ចប់នូវទិន្នាការកង្វះខាតទឹកស្អាតក្នុងពេលបច្ចុប្បន្ន ត្រឹមដើមឆ្នាំ២០២៤។
រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង មានស្ថានីយបូមទឹកនៅស្ថិតនៅទន្លេមេគង្គ និងការដំឡើងបំពង់មេនាំទឹកដែលមានអង្កត់ផ្ចិតទំហំពីរម៉ែត្រ តាមបណ្ដោយមហាវិថីឈ្នះ-ឈ្នះ និងខួងដាក់បំពង់កាត់តាមបាតទន្លេសាប ដែលមានប្រវែង ៨០០ម៉ែត្រ។ គម្រោងខ្នងដាក់បំពង់នៅបាតទន្លេសាបនេះ គឺជាគម្រោងធំបំផុតដែលនឹងត្រូវអនុវត្ត នៅកម្ពុជា។
រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង នឹងប្រើប្រាស់នូវបច្ចេកវិទ្យាទំនើប រួមមានការបញ្ចុះប្រតិបត្តិការដោយស្វ័យប្រវត្តិ ដែលនាំឱ្យអង្គភាពរក្សានូវឧត្តមភាពរបស់ខ្លួន ជាអង្គភាពគំរូក្នុងតំបន់លើវិស័យផលិត និងចែកចាយទឹកស្អាតដូចគ្នាទៅនឹងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតដទៃៗទៀតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលកំពុងដំណើរការផលិតទឹកស្អាតនាពេលបច្ចុប្បន្ន។ មិនតែប៉ុណ្ណោះ គុណភាពទឹកស្អាត អនុលោមតាមស្ដង់ដារអន្តរជាតិ អត្រាទឹកបាត់បង់ស្ថិតក្នុងកម្រិតក្រោម ១០ភាគរយ (កម្រិតនៃអត្រាទឹកបាត់បង់នេះ បើប្រៀបធៀបជាមួយនឹងបណ្ដាប្រទេស កំពុងអភិវឌ្ឍមួយចំនួន គឺទាបជាងគេ)។
គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង ទទួលបានហិរញ្ញប្បទានសម្បទានពីរដងពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) សម្រាប់ការងារសាងសង់រោងចក្រព្រឹត្តកម្មទឹកស្អាតបាក់ខែងទាំងពីរជំហាន។
សម្រាប់ជំហានទី១ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) មានថវិកាចំនួន ៨៥លានដុល្លារអាម៉េរិក ធនាគារវិនិយោគអឺរ៉ុប (EIB) ថវិកាចំនួន ១០០លានដុល្លារអាម៉េរិក និងហិរញ្ញប្បទានឥតសំណងពីសហភាពអឺរ៉ុប (EU) ចំនួន ១៥លានដុល្លារអាម៉េរិក។
សម្រាប់ជំហានទី២ ថវិការបស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ចំនួន ១០០លានដុល្លារអាម៉េរិក ដែលទាំងពីរជំហាននេះ មានថវិកាបដិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចំនួន ៨០លានដុល្លារអាម៉េរិក។
សរុបថវិកាវិនិយោគលើរោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ និងទី២ ចំណាយថវិកាសរុបជិត ៤០០លានដុល្លារអាមេរិក។
កំណើនប្រជាពលរដ្ឋ កំណើនអាជីវកម្មនានា ជាហេតុនាំឱ្យរាជធានីភ្នំពេញ មានតម្រូវការផ្គត់ផ្គង់កាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ រាជរដ្ឋាភិបាល ក៏បានបង្កើនសមត្ថភាពនៃការផ្គត់ផ្គង់ទឹកស្អាតនេះជាបន្តបន្ទាប់ផងដែរ។ នៅដើមឆ្នាំ២០២៤ ក្រោយពេលដាក់ឱ្យដំណើរការរោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី២ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងមានសមត្ថភាពផលិត និងផ្គត់ផ្គង់ទឹកស្អាតសរុបបានជាង ១លានម៉ែត្រគូបក្នុងមួយថ្ងៃ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កំពុងដំណើររោងចក្រផលិតទឹកស្អាតចំនួន៥រួមមាន៖ រោងចក្រជ្រោយចង្វារ, រោងចក្រភូមិព្រែក, រោងចក្រចំការមន, រោងចក្រនិរោធ និងរោងចក្របាក់ខែងជំហានទី១ ខណៈរោងចក្របាក់ខែងជំហានទី២ គ្រោងដាក់ដំណើរការនៅដើមឆ្នាំ២០២៤៕