អ៊ុយហ្គង់ដា៖ សមាជិកគ្រួសារជាច្រើនបានបញ្ចុះសាកសពមនុស្សជាទីស្រលាញ់របស់ពួកគេកាលពីថ្ងៃអាទិត្យ ទី១៨ ខែមិថុនា បន្ទាប់ពីអ្នកវាយប្រហារដោយក្រុមដែលមានទំនាក់ទំនងជាមួយក្រុមរដ្ឋអ៊ីស្លាមបានសម្លាប់សិស្សសាលាអនុវិទ្យាល័យយ៉ាងហោចណាស់ ៣៧ នាក់ នៅប្រទេសអ៊ុយហ្គង់ដា។សមាជិកនៃកងកម្លាំងប្រជាធិបតេយ្យសម្ព័ន្ធមិត្តរបស់ក្រុមឧទ្ទាម បានសម្លាប់សិស្សកាលពីល្ងាចថ្ងៃសុក្រ នៅសាលាអនុវិទ្យាល័យ Lhubirira ក្នុងទីក្រុងអឹមផន់វ៉េ(Mpondwe) ជិតព្រំដែនជាមួយសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។
យោធា និងនគរបាល បាននិយាយថា អ្នកវាយប្រហារក៏បានចាប់ពង្រាត់សិស្សចំនួន ៦ នាក់ ហើយបានរត់គេចខ្លួនទៅកាន់ឧទ្យានជាតិ Virunga ឆ្លងព្រំដែន។ ជោគវាសនារបស់សិស្សទាំង៦នាក់នៅពុំទាន់ដឹងនៅឡើយ។
អាជ្ញាធរបាននិយាយថា ទាហានកាន់តែច្រើនបានចូលរួមក្នុងការស្វែងរកនៅក្នុងតំបន់ដែលរួមមានភ្នំ Rwenzori ពីកន្លែងដែលកម្លាំងប្រជាធិបតេយ្យសម្ព័ន្ធមិត្តរបស់ក្រុមឧទ្ទាម (ADF) បានចាប់ផ្តើមការបះបោររបស់ពួកគេប្រឆាំងប្រធានាធិបតីអ៊ុយហ្គង់ដាលោក Yoweri Museveni ក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ។
អ្នកនាំពាក្យក្រសួងការពារជាតិលោក Felix Kulayigye បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា បុគ្គលិកយោធាបានឃើញសាកសពអ្នកស្លាប់នៅពេលពួកគេទៅដល់សាលារៀន។ នគរបាលនិយាយថា មនុស្សប្រាំបីនាក់ផ្សេងទៀតកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យដោយមានរបួសធ្ងន់ធ្ងរ បន្ទាប់ពីការវាយប្រហារ។
នគរបាលនិងយោធាបាននិយាយថា ក្រុមអ្នកវាយប្រហារមានចំនួនប្រហែលប្រាំនាក់ បានដុតបំផ្លាញអន្តេវាសិកដ្ឋាន និងលួចយកអាហារ៕