ភ្នំពេញៈជប៉ុន និងកម្ពុជា នឹងចុះហត្ថលេខារួមគ្នានៅថ្ងៃទី២០ ខែមិថុនា លើកិច្ចព្រមព្រៀងផ្តល់កម្ចី ដែលមានទឹកប្រាក់ចំនួនជាង ១៨០ លានដុល្លារអាមេរិក សម្រាប់កែលម្អការតភ្ជាប់ផ្លូវជនបទ និងពង្រីកសមត្ថភាព ផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប។ នេះបើយោងតាមក្រសួងការបរទេសកម្ពុជា។
ក្រសួងបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី១៨ ខែមិថុនា ថា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Ueno Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា កម្ចីដែលមានទឹកប្រាក់ចំនួនប្រមាណ ១៧២ លានដុល្លារ អាមេរិក គឺសម្រាប់ការអនុវត្តគម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ ហើយកម្ចីដែលមានទឹកប្រាក់ចំនួនប្រមាណ១៥លានដុល្លារអាមេរិក គឺសម្រាប់ការអនុវត្តគម្រោងពង្រីកសមត្ថភាព ផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប ដំណាក់កាលទី៣។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖ «ការផ្តល់ជំនួយខាងលើ បញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាកររបស់ជប៉ុនក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច»។
សេចក្តីប្រកាសព័ត៌មានបន្ថែមថា ការគាំទ្រនេះ ក៏នឹងរួមចំណែកផងដែរ ដល់ការពង្រឹងទំនាក់ទំនងយូរអង្វែង និងកិច្ចសហប្រតិបត្តិការ ដ៏ជិតស្និទ្ធរវាងប្រទេសទាំង២ ដែល នាពេលថ្មីនេះៗបានដំឡើងទំនាក់ទំនងទ្វេភាគី ទៅជាកម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ខណៈពេលដែលប្រទេសទាំង២កំពុងប្រារព្ធខួបលើកទី ៧០ ឆ្នាំ នៃទំនាក់ទំនងការទូត។
កាលពីខែមេសា លោក ប្រាក់ សុខុន និងលោក Ueno Atsushi បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ប្រាក់កម្ចី ដែលមានទឹកប្រាក់ចំនួនប្រមាណជាង ១៨ លានដុល្លារអាមេរិក សម្រាប់អនុវត្ត គម្រោងកែលម្អ និងស្ដារប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតី នៃរាជធានីភ្នំពេញ ដំណាក់កាលទី២៕