កំពង់ស្ពឺ៖ ស្ករត្នោតកំពង់ស្ពឺ ក្នុងឆ្នាំ២០២៣នេះ ប្រមូលបានទិន្នផលសរុបបានជាង ១២០តោន ជាមួយនឹងតម្លៃល្អប្រសើរជាងឆ្នាំមុន ធ្វើឲ្យផលិតស្ករត្នោតសប្បាយចិត្ត ។
លោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ បានថ្លែងលើកឡើងថា ជុំវិញការផលិតស្ករត្នោត ក្នុងឆ្នាំ ២០២៣ នេះ មានការធ្លាក់ចុះ បន្តិចបន្តួច គឺបណ្តាលមកពីកត្តាមួយចំនួនដូចជា ការប្រែប្រួលអាកាសធាតុ ដែលនៅក្នុងរដូវប្រាំងឆ្នាំនេះមានសភាពក្តៅខ្លាំង និងម្យ៉ាង ទៀតប្រជាកសិករខ្វះកំលាំងឡើងត្នោត និងមានបញ្ហាផ្សេងៗមួយចំនួនទៀតផងដែរ ដែលធ្វើឲ្យការប្រមូលផលឆ្នាំ ២០២៣នេះ បើធៀប ទៅនិងឆ្នាំ ២០២២ បានធ្លាក់ចុះក្នុងរង្វង់ប្រមាណជាប់ ៣០ តោន បើតាមទិន្នន័យបូកសរុបចុងក្រោយ។
លោក សំ សារឿន បន្តថា ទោះបីឆ្នាំនេះកសិករប្រមូលបានទិន្នផលទាបជាងឆ្នាំកន្លងមក ប៉ុន្តែថ្លៃនៃការលក់ចេញវិញ មានតម្លៃល្អប្រសើរជាងឆ្នាំមុន ដោយក្នុងមួយគីឡូក្រាម លក់បានក្នុងរង្វង់ជាង ៧ ពាន់រៀល ខណៈឆ្នាំកន្លងមក មានតម្លៃក្រោម ៧ ពាន់រៀល ក្នុងមួយគីឡូ, តែមិនទាន់ដល់កម្រិតដែលប្រជាពលរដ្ឋចង់បាននៅឡើយ ព្រោះថ្លៃដើមនៃការផលិត សព្វថ្ងៃនេះមានតម្លៃខ្ពស់។
សម្រាប់ការនាំចេញស្ករត្នោតវិញឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង នាយកក្រុមហ៊ុនខនហ្វីរេល ដែលនាំចេញផលិតស្ករត្នោតទៅក្រៅប្រទេស លើកឡើងថា ខនហ្វីរេលបានសហការជាមួយ សមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ ចាប់តាំងពីឆ្នាំ ២០០១ មកម្ល៉េះ ខណៈពេលនោះស្ករត្នោតមានតម្លៃត្រឹម ៥០០ រៀល ក្នុង មួយគីឡូក្រាម ប៉ុន្តែដោយសារការខិតខំប្រឹងប្រែងក្នុងស្វែងរកទីផ្សារនាំចេញ ស្ករត្នោតកំពង់ស្ពឺត្រូវបានបរទេសចាប់អារម្មណ៍ជាបន្តបន្ទាប់ មកដល់បច្ចុប្បន្នបានធ្វើឲ្យតម្លៃស្ករត្នោតហក់ឡើងជិត១ម៉ឺនរៀល ក្នុងមួយគីឡូក្រាម។
បច្ចុប្បន្នសមាគមមានដៃគូរប្រមូលទិញស្ករត្នោតជាច្រើន និងមានក្រុមហ៊ុននាំចេញទៅកាន់ទីផ្សារក្រៅប្រទេសជាង ១០ ក្រុមហ៊ុន ក្នុងនោះភាគច្រើនការនាំចេញស្ករសាច់ និងស្ករម៉្សៅម៉ត់។ ជុំវិញការនាំចេញនេះដែរ ក្រុមហ៊ុនខនហ្វីរេល បានប្រមូលទិញច្រើនជាងគេនៅក្នុងមួយឆ្នាំៗ ដែលកត្តាទាំងនេះបានបង្ហាញនូវការចូលរួមគាំទ្រ ដល់សហគមន៍មូលដ្ឋាន ដើម្បីលើកកម្ពស់កសិករអ្នកផលិតស្ករត្នោតខេត្តកំពង់ស្ពឺ មានលទ្ធភាព និងជីវភាពកាន់តែប្រសើរ៕