Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជា​បញ្ចេញ​ប្រាក់​ជាង $១៨០​ លាន​សងបំណុល​សាធារណៈ​

Media LNN | Jun 20, 2023
កម្ពុជា​បញ្ចេញ​ប្រាក់​ជាង $១៨០​ លាន​សងបំណុល​សាធារណៈ​
Clinic narith

ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ចេញ​ប្រាក់​ជាង ១៨០​ លាន​ដុល្លារ​កាលពី​ត្រីមាស​ទី ​១ ឆ្នាំ ​២០២៣ ដើម្បី​យកទៅ​សងបំណុល​សាធារណៈ ដោយ​ចំនួន​នេះ​ថយចុះ​បន្តិចបន្តួច​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ ​២០២២​។ នេះ​បើតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​ឯកសារ​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា​ (Cambodia Public Debt Statistical Bullentin) ដែល​ចេញផ្សាយ​កាលពី​សប្តាហ៍​មុន​ឱ្យដឹងថា នៅក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២៣ រដ្ឋាភិបាល​កម្ពុជា​បាន​ទូទាត់​សេវា​បំណុល​សរុប ១៨០,៦៨ ​លាន​ដុល្លារ​អាមេរិក ដើម្បី​ធ្វើ​ការទូទាត់​ក្នុង​ក្របខ័ណ្ឌ​បំណុល​សាធារណៈ​ក្រៅប្រទេស ដែលមាន​ប្រមាណ ១៨០,៥៨ លាន​ដុល្លារ​អាមេរិក ​(​ប្រាក់​ដើម ១៣៩,៩៨​ លាន​ដុល្លារ និង​ការ​​ប្រាក់ និង​កម្រៃ​ផ្សេងៗ ​៤០,៦០​ លាន​ដុល្លារ​) និង​​ ក្នុង​ក្របខ័ណ្ឌ​បំណុល​សាធារណៈ​ក្នុងប្រទេស ០,១០ ​លាន​ដុល្លារ ​(​ប្រាក់​ដើម ០ ដុល្លារ និង​ការប្រាក់ ០,១០​ លាន​ដុល្លារ​។ សម្រាប់​ចំនួន​ទឹក​ប្រាក់​ខាងលើ​ធៀប​រយៈពេល​ដូចគ្នា​ឆាំ្ន​២០២២ គឺ​ការទូទាត់​សេវា​បំណុល​ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២៣ ថយចុះ​ប្រមាណ ៣​ ភាគរយ​ពី​ចំនួន ១៨៧,០៣​ លាន​ដុល្លារ​។​

​លោក ហុង វណ្ណៈ អ្នក​សេដ្ឋ​កិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​១៨ មិថុនា​ថា ការសង​បំណុល​ទៅឱ្យ​ម្ចាស់​កម្ចី​គឺជា​កិច្ច​ការដែល​រដ្ឋាភិបាល​កម្ពុជា​យកចិត្ត​ទុក​​ដាក់ និង​គោរព​ខ្ជាប់ខ្ជួន​តាម​អ្វីដែល​សន្យា​មុនពេល​ទទួល​កម្ចី​ពី​គេ​។ ការ​បង្វែរ​ប្រាក់​សង​តាម​កាលកំណត់ គឺ​មិន​ត្រឹមតែ​ជួយ​លើកមុខ​មាត់​ប្រទេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បង្ហាញ​ពី​ភាពរឹងមាំ​នៃ​សេដ្ឋកិច្ចកម្ពុជា​ផងដែរ ព្រោះ​បើ​សេដ្ឋកិច្ច​ដំណើរការ​មិន​ល្អ រដ្ឋ​ប្រាកដជា​គ្មាន​ប្រាក់​យកទៅ​សង​គេ​តាម​កាលកំណត់​ទេ​។​

​លោក​ប្រាប់ទៀតថា ការសង​នេះ​ក៏​បង្ហាញ​ពី​ភាព​ប៉ិនប្រសប់​របស់​រាជរដ្ឋាភិបាល ជាពិសេស​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក្នុងការ​ប្រមូល​ថវិកា និង​សន្សំ​សំចៃ​ចំណូល​ជាតិ​ក្នុង​កាលៈ​ទេសៈ​ដែល​ពិភពលោក​កំពុង​ជួប​វិបត្តិ​ជា​បន្តបន្ទាប់​ក្នុង​រយៈ​​ពេល​ជាង ៣​ ឆ្នាំ​កន្លងមកនេះ​។ បច្ចុប្បន្ន​កម្រិត​នៃ​ការ​លេច​ជ្រាប​ថវិការដ្ឋ ក៏​ត្រូវបាន​កាត់បន្ថយ​ច្រើន​ដែរ តាមរយៈ​ការ​រឹតបន្តឹង​ប្រព័ន្ធ​ច្បាប់ និង​ការសម្រួល​នីតិវិធី​មួយចំនួន​តាមរយៈ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​។​

​លោក​ថ្លែងថា​៖ «​ទោះបី​ស្ថាន​ភាព​សេដ្ឋកិច្ចពិភពលោក​ពេលនេះ​កំពុង​ជួបនឹង​ភាពមិន​ច្បាស់​​លាស់ កំណើន​អតិផរណា និង​ការវិនិយោគ​ធ្លាក់ចុះ ប៉ុន្តែ​កម្ពុជា​គឺ​នៅតែ​គោរព​ខ្ជាប់ខ្ជួន​នូវ​ការ​សង​ប្រាក់​ទៅ​ម្ចាស់បំណុល​។ នៅពេល​ប្រទេស​យើង​គោរព​ការសន្យា និង​សេដ្ឋកិច្ច​ដំណើរ​ការ​ទៅមុខ​ល្អ លទ្ធភាព​សម្រាប់​ការស្នើសុំ​កម្ចី​នាពេលខាងមុខ​ក៏​ងាយស្រួល​ដែរ​»​។​

 

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បានឱ្យដឹងថា លទ្ធភាព​នៃ​ការសង​បំណុល​ទៅ​ម្ចាស់​កម្ចី​ក្នុងអំឡុង​ពេល​សេដ្ឋកិច្ចពិភពលោក​បន្ត​រង​ផលប៉ះពាល់​ពី​វិបត្តិ​នានា គឺ​បញ្ជាក់ថា កម្ពុ​ជាមាន​សមត្ថ​ភាព​គ្រប់គ្រាន់​ក្នុង​ការយក​កម្ចី​ទាំងអស់​ទៅប្រើ​ប្រាស់​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ចំ​គោល​​ដៅ ដែល​ជួយ​ឱ្យ​ចរន្ត​សេដ្ឋកិច្ច​ជាតិ​ដំណើរ​ការល្អ ហើយ​រដ្ឋា​ភិ​បាល​ក៏​អាច​ទាញយក​ចំណូល​ពី​កិច្ចការ​ទាំងអស់នោះ​ត្រឡប់មកវិញ ដើម្បី​សង​ត្រឡប់​ទៅឱ្យ​ម្ចាស់​កម្ចី​។

លោក​បន្តថា នៅពេល​រដ្ឋាភិបាល​អនុ​វត្ត​ការសង​ត្រឡប់​បានល្អ គឺ​នឹងមាន​ប្រ​ទេស ឬ​​ដៃគូ​ជាតិ និង​អន្តរជាតិ​ជាច្រើន​ទៀត​ចង់​ផ្តល់​កម្ចី​ឱ្យ​កម្ពុជា​។ ក្នុងនាម​ជា​អតិថិជន​ល្អ កម្ពុជា​នឹង​អាចមាន​លទ្ធភាព​កាន់តែច្រើន​ក្នុងការ​ស្វែងរក​កម្ចី​ប្រសិនបើ​មាន​តម្រូវការ​។​

​លោក​ប្រាប់ទៀតថា បើតាម​លោក​ដឹង​កម្ចី​ដែល​កម្ពុជា​កំពុងមាន​នៅពេលនេះ គឺ​ភាគច្រើន​ត្រូវបាន​រដ្ឋាភិបាល​ប្រើ​សម្រាប់​អភិវឌ្ឍ​ធនធានមនុស្ស អភិ​វ​ឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ បណ្តាញ​ចែកចាយ​ភ្លើងអគ្គិសនី​ទឹក និង​ក្នុង​វិស័យ​កសិកម្ម ជាដើម​។​

​លោក​បញ្ជាក់ថា​៖ «​ប្រាក់កម្ចី​ដែល​រដ្ឋាភិបាល​យកមក​ប្រើ​ដើម្បី​អភិវឌ្ឍ​នាពេល​កន្លងមក គឺ​ចាប់ផ្តើម​ផ្តល់​ផល​វិជ្ជមាន​ជា​បណ្តើរៗ​ហើយ តាមរយៈ​កំណើន​នៃ​ការ​ចូលមក​បណ្តាក់ទុន និង​ការនាំចេញ​ទំនិញ​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​»​។​

​បើតាម​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា គឺ​នៅក្នុង​ឆ្នាំ​ ២០២២ រដ្ឋាភិបាល​កម្ពុជា​បាន​សងបំណុល​ប្រមាណ ៤៦៤,២២​ លាន​ដុល្លារ​អាមេរិក កើន​ឡើង​ប្រមាណ ២១ ​ភាគរយ​ធៀប​ឆ្នាំ​ ២០២១៕