យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា រោងចក្រស៊ីម៉ងត៍ថ្មីមួយ ដែលមានទុនវិនិយោគសរុប ៩៥លានដុល្លារអាមេរិក នឹងត្រូវសាងសង់នៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
វិនិយោគដោយក្រុមហ៊ុន Dongfang Junma Cement Co., Ltd. គម្រោងរោងចក្រស៊ីម៉ងត៍នេះ ត្រូវបានគេរំពឹងថានឹងបង្កើតការងារថ្មីចំនួន ៩៨០កន្លែង សម្រាប់ពលរដ្ឋក្នុងស្រុក។ជាមួយគ្នានេះ CDC ក៏បានអនុម័តគម្រោងវិនិយោគចំនួន៥ផ្សេងទៀតលើការកែច្នៃដំឡូងមី ការផលិតសម្ភារៈវេជ្ជសាស្រ្ត កែច្នៃចំណីអាហារ រោងចក្រកាត់ដេរ និងរោងចក្រការផលិតទុយោគ្រប់ប្រភេទ។
គម្រោងវិនិយោគថ្មីចំនួន៥ដែលទើបអនុម័តមានតម្លៃសរុប៣៣ លានដុល្លារមានទីតាំងនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ស្រុកបរសេដ្ឋ និងស្រុកសំរោងទង នៃខេត្តកំពង់ស្ពឺ ស្រុកកំពង់សីលាខេត្តព្រះសីហនុ និងខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
ប្រភពដដែលបានអោយដឹងថា គម្រោងថ្មីទាំង៥ត្រូវបានគេរំពឹងថានឹងបង្កើតឱកាសការងារសរុបចំនួន ៣,៧៤៨ កន្លែង។