ហ្វីលីពីនកំពុងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងយោធាជាមួយកម្ពុជា ដោយបានចូលរួមក្នុងកិច្ចប្រជុំថ្នាក់កំពូល និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តអនុវត្តនូវអ្វីដែលបានព្រមព្រៀងគ្នាកន្លងមក។
លោកឧត្តមសេនីយ Potenciano Camba អគ្គសេនាធិការកងទ័ពហ្វីលីពីនបានទទួលជួប លោកឧត្តមសេនីយ អ៊ុំ ឌីណា អគ្គសេនាធិការរងនៃកងយោធពលខេមរភូមិន្ទ ដែលបានមកចូលរួមកិច្ចប្រជុំក្រុមការងាររវាងកងទ័ពហ្វីឡីពីននិងកងយោធពលខេមរភូមិន្ទដំបូងបង្អស់ ( AWG) នៅប្រទេសហ្វីលីពីនកាលពីពេលថ្មីៗនេះ។លោក Col. Xerxes Trinidad អ្នកនាំពាក្យរបស់កងទ័ពហ្វីលីពីនបាននិយាយកាលពីថ្ងៃទី១៧ ខែមិថុនានេះធា “កិច្ចប្រជុំក្រុមការងារនេះត្រូវបានរៀបចំដោយកងទ័ពនៃប្រទេសហ្វីលីពីន និងកម្ពុជា ដើម្បី អភិវឌ្ឍទំនាក់ទំនងជាចម្បងតាមរយៈសកម្មភាពកសាងទំនុកចិត្តស្របតាមក្របខ័ណ្ឌអាស៊ាន។
លោកឧត្តមសេនីយ អ៊ុំ ឌីណា បានថ្លែងអំណរគុណចំពោះកងទ័ពហ្វីលីពីនដែលបាន “យកចិត្តទុកដាក់ និងប្តេជ្ញាចិត្តមិនងាករេ” របស់ខ្លួនក្នុងការរក្សា និងពង្រឹងភាពជាដៃគូយោធារវាងប្រទេសទាំងពីរ។
លោក Camba ក៏បានសង្កត់ធ្ងន់លើកឡើងពីតួនាទីរបស់កងយោធពលខេមរភូមិន្ទក្នុងការពង្រឹងទំនាក់ទំនង និងបង្កើនកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ តាមរយៈ “ការពិភាក្សាបើកចំហ និងការយោគយល់គ្នា”។