រយៈពេល ៥ខែ ឆ្នាំ ២០២៣ កំណើនពាណិជ្ជកម្មរវាងកម្ពុជា-អេស្ប៉ាញ បានឈានដល់ ២៣១លានដុល្លារ កើនឡើងជាង ៣៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២២ មានចំនួនជាង ១៧០លានដុល្លារ។ នេះបើតាមរបាយការណ៍អគ្គដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច។សម្រាប់ការនាំចេញរបស់កម្ពុជា មានទឹកប្រាក់ជាង ១១លានដុល្លារ និងការនាំចូលពីអេស្ប៉ាញមកវិញមានចំនួនជាង ២១៩លានដុល្លារ ចាប់ពីខែមករា ដល់ឧសភា ឆ្នាំ ២០២៣។
ទំនិញដែលនាំចេញសំខាន់ៗរបស់កម្ពុជា រួមមាន សម្លៀកបំពាក់ ស្បែកជើង ទំនិញធ្វើដំណើរ កង់ អង្ករ គ្រឿងចក្រ និងអគ្គិសនី បន្លែ និងផ្លែឈើ ជាដើម។ ដោយឡែក ប្រទេសកម្ពុជាបាននាំចូលទំនិញភាគច្រើន ជាវត្ថុធាតុដើម សម្ភារសំណង់ រថយន្ត ផលិតផលឱសថ គ្រឿងអេឡិចត្រូនិក អគ្គិសនី ជី និងថ្នាំសម្លាប់សត្វល្អិត។ល។
សូមបញ្ជាក់ថា រយៈពេល ៥ខែ ឆ្នាំ ២០២៣នេះ កម្ពុជា មានទំហំពាណិជ្ជកម្មជាមួយអន្តរជាតិសរុបប្រមាណជាង ១៩ពាន់លានដុល្លារអាមេរិក។ ទីផ្សារដ៏ធំបំផុតរបស់កម្ពុជា រួមមាន ចិន សហរដ្ឋអាមេរិក វៀតណាម ជប៉ុន ថៃ សិង្ហបុរី ឥណ្ឌូណេស៊ី អាល្លឺម៉ង់ តៃវ៉ាន់ កាណាដា ចក្រភពអង់គ្លេស អេស្ប៉ាញ និងកូរ៉េខាងត្បូង ជាដើម៕