ទីផ្សារគោ នៅតែបន្តធ្លាក់ចុះតម្លៃ ធ្វើឱ្យអ្នកចិញ្ចឹមលក្ខណៈគ្រួសារ កាត់បន្ថយការចិញ្ចឹម ដោយសារការចំណាយលើសចំណូល។លោក ហួត លាង ម្ចាស់កសិដ្ឋានចិញ្ចឹមគោស្រុកតំបែ ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា បច្ចុប្បន្ននេះអ្នកចិញ្ចឹមគោខ្នាតតូច ឬលក្ខណៈគ្រួសារ បានកាត់បន្ថយការចិញ្ចឹមជាបន្តបន្ទាប់ ដោយនៅឈរជើងបានតែអ្នកចិញ្ចឹមលក្ខណៈកសិដ្ឋានធំៗប៉ុណ្ណោះ។ លោកបានបន្តថា តម្លៃគោរស់នៅលើទីផ្សារបានធ្លាក់ចុះពី ១,៥០០០ រៀល មកត្រឹមត្រឹម ១០,០០០ រៀល ក្នុងមួយគីឡូក្រាម។
ម្ចាស់កសិដ្ឋានចិញ្ចឹមគោរូបនេះ បានឱ្យដឹងដូច្នេះថា «មួយរយៈពេលចុងនេះ កសិករចិញ្ចឹមគោ មានកសិដ្ឋានតូចៗមួយចំនួន ត្រូវឈប់ចិញ្ចឹម ដោយតម្លៃទីផ្សារគោរស់មានការធ្លាក់ចុះយ៉ាងខ្លាំង, បញ្ហាចម្បងនោះ គឺថ្លៃចំណាយទៅលើការចិញ្ចឹម លើសចំណូលដែលទទួលបាន»។សព្វថ្ងៃកសិដ្ឋានលោក ហួត លាង ចិញ្ចឹមគោប្រមាណជិត ៨០០ក្បាល ស្ថិតនៅក្នុងភូមិតារាម ឃុំចុងជាច ស្រុកតំបែ ខេត្តត្បូងឃ្មុំ។ លោកបានចាប់របរចិញ្ចឹមគោនេះ តាំងឆ្នាំ ២០១៣ មកម្លេះដោយចាប់ផ្ដើមត្រឹមតែគោចំនួន ៧ ក្បាលប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងបញ្ហាទីផ្សារគោនេះ លោក ស្រ៊ុន ពៅ ប្រធានសមាគមចិញ្ចឹមសត្វនៅកម្ពជា បានប្រាប់កម្ពុជាថ្មីថា វិស័យចិញ្ចឹមសត្វនៅកម្ពុជា នាពេលបច្ចុប្បន្នជួបប្រទះបញ្ហាប្រឈមទីផ្សារស្ទើរទាំងអស់ មិនថាតែទីផ្សារគោនោះទេ។លោកបានបន្តថា ការផ្គត់ផ្គង់សាច់គោមិនមានបញ្ហានោះឡើយ ប៉ុន្តែអ្វីដែលជាបញ្ហានោះ គឺពុំសូវមានតម្រូវការ។ ពុំសូវមានតម្រូវការ ដោយសារពលរដ្ឋមិនសូវចាយលុយ។ ប្រធានសមាគមរូបនេះ សង្កេតឃើញថា បច្ចុប្បន្នពលរដ្ឋហាក់ដូចជាមិនសូវចំណាយលុយទៅលើការទិញរបស់របរក៏ដូចជា ត្រីសាច់ប៉ុន្មានទេ ដែលកត្តានេះ នាំឱ្យអ្នកចិញ្ចឹមជាប់គាំងពិបាកនៅក្នុងការបញ្ចេញទៅលើទីផ្សារ។
លោក ស្រ៊ុន ពៅ បានអំពាវនាវដល់ប្រជាកសិករទាំងអស់ ដែលមានមុខរបរចិញ្ចឹមសត្វ ឬចិញ្ចឹមគោ កុំបោះបង់ចោលអាជីពនេះ ត្រូវជម្នះបន្តការខិតខំប្រឹងប្រែងចិញ្ចឹម តាមស្តង់ដារបច្ចេកទេស វិជ្ជាជីវៈឱ្យបានត្រឹមត្រូវ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងត្រៀមនាំចេញនៅពេលខាងមុខ៕