Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជា​ប្រមូល​ផល​នេសាទ​ទូទាំងប្រទេស​ជាង​ ៣១ ​ម៉ឺន​តោន​

Media LNN | Jun 21, 2023
កម្ពុជា​ប្រមូល​ផល​នេសាទ​ទូទាំងប្រទេស​ជាង​ ៣១ ​ម៉ឺន​តោន​
Clinic narith

ភ្នំពេញៈ របាយការណ៍​ពី​រដ្ឋបាល​ជលផល បានឱ្យដឹងថា ក្នុង​រយៈពេល​ ៥ ​ខែ គឺ​ចាប់ពី​ខែមករា ដល់​ឧសភា ឆ្នាំ​ ២០២៣ កម្ពុជា​ប្រមូល​ផល​នេសាទ​ទឹកសាប ទឹកប្រៃ និង​វារីវប្បកម្ម បាន​ចំនួន​ជាង​ ៣១ ម៉ឺន​តោន ដោយ​ក្នុងនោះ ផល​នេសាទ​ទឹកសាប អនុវត្តបាន​ចំនួន ១០៤ ៤៤០ ​តោន ទឹកប្រៃ ៦៦ ៤០០​ តោន និង​ផល​វារីវប្បកម្ម ចំនួន ១៤៥ ៣០០ ​តោន​។ របាយ​​ការណ៍​ដដែល​បានបង្ហាញ​ទៀតថា រដ្ឋបាល​ជលផល បាន​អនុវត្ត​ការងារ​ជាច្រើន​ទាក់ទង​នឹង​ការអភិវឌ្ឍ​វា​រី​វប្ប​កម្ម ការប្រើប្រាស់​បច្ចេកវិទ្យា​កែច្នៃ និង​គុណភាព​ជលផល ការអភិរក្ស​ជលផល ការអភិវឌ្ឍ​សហគមន៍​នេសាទ ការស្រាវជ្រាវ និង​អភិវឌ្ឍ​ជលផល​ទឹកសាប ការស្រាវជ្រាវ និង​អភិវឌ្ឍ​ជលផល​សមុទ្រ និង​ការ​ផលិត​កូន​ត្រី​ពូជ​ជាដើម​។​

​លោក ឌិ​ត ទីណា រដ្ឋមន្ត្រីក្រសួង​​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅក្នុង​ពិធី​បើក​សន្និបាត​សហគមន៍​នេសាទ និង​សហគមន៍​ស្រះ​ជម្រក​ត្រី កាលពី​ថ្ងៃទី​ ១៩ ខែមិថុនា ឆ្នាំ​ ២០២៣ បាន​ថ្លែង​ណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ពិនិត្យ​លើ​បញ្ហា​ប្រឈម​ជាក់ស្តែង និង​រួមគ្នា​រក​វិធី​ដោះស្រាយ ដើម្បី​ការពារ​ធនធាន​នេសាទ​ឱ្យបាន​ប្រសើរ តាមរយៈ​ការចូលរួម​ទប់ស្កាត់​បទល្មើស​នេសាទ​ខុសច្បាប់ និង​តម្រង់ទិស​ជនខិលខូច​ឱ្យ​ប្រព្រឹត្ត​ត្រូវ​វិញ​។

លោក​ក៏បាន​ថ្លែង​លើកទឹកចិត្ត​ដល់​សហគមន៍​ឱ្យមាន​ភាពម្ចាស់ការ​ធ្វើការ​ងារ​នេះ​ដោយ​បេះដូង​ដើម្បី​ប្រយោជន៍​រួមគ្នា​តែ​ ១​ ទាំង​ប្រជាជន​សហគមន៍ និង​ធនធានធម្មជាតិ ដែល​ទាក់ទង​នឹង​ការងារ​នេះ គឺ​ចាំបាច់​ត្រូវ​ពង្រឹងសមត្ថភាព ផ្តល់​ចំណេះដឹង​ដល់​សហគមន៍​ឱ្យ​យល់​ពី​បច្ចេកទេស និង​បទដ្ឋាន​ច្បាប់​ឱ្យបាន​ច្បាស់លាស់ ព្រមទាំង​តុល្យភាព​នៃ​ការអភិរក្ស និង​អភិវឌ្ឍ​ធនធាន​ជលផល​។

​លោក ឌិ​ត ទីណា បាន​បញ្ជាក់ថា​៖ «​ការកំណត់​ដែន​នេសាទ គឺ​ត្រូវយក​ចិត្ត​ទុកដាក់​គិតគូរ​ឱ្យមាន​លក្ខណៈ​វិទ្យាសាស្ត្រ សេដ្ឋកិច្ច និង​និរន្តរភាព​ពិតប្រាកដ​ដើម្បី​បង្កើន​បរិមាណ​ភោគផល​នេសាទ ភាគី​ពាក់ព័ន្ធ​ទាំងអស់ ទាំង​សហគមន៍​នេសាទ មន្ត្រីរដ្ឋបាល​ជលផល និង​អាជ្ញាធរ​មូលដ្ឋាន រួមគ្នា​ទប់ស្កាត់​បទល្មើស​នេសាទ​ឱ្យបាន​ម៉ឺងម៉ាត់​»​។​

​លោក ឡែ​ម​ផូ​រ វរិ​ទ្ធិ មន្ត្រី​អភិវឌ្ឍន៍​សមាគម និង​ជា​អ្នកនាំពាក្យ​សមាគម​វា​រី​វប្បករ​កម្ពុជា បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ២០ ខែមិថុនា ថា ការធ្វើ​វា​រី​វប្ប​​កម្ម មានការ​ធ្លាក់ចុះ​ច្រើន នៅ​ដើម​ឆ្នាំនេះ ដោយសារ​ចំនួន​អ្នក​ចិញ្ចឹម​ក៏​ធ្លាក់ចុះ និង​ចំនួន​នៃ​ការលក់​កូន​ត្រី​របស់​អ្នក​ចែកចាយ​កូន​ត្រី ក៏បាន​ធ្លាក់ចុះ​ពី​ ១ លាន​កូន​មក​នៅត្រឹម​ ៣០ ​ទៅ ​៤០ ​ម៉ឺន​កូន​។​

 

​លោកថ្លែងថា​៖ «​ការចិញ្ចឹម​មិនសូវ​ចំណេញ ទើប​វា​រី​វប្បករ​បោះបង់​ការ​ចិញ្ចឹម​។ បោះបង់​ការចិញ្ចឹម​ព្រោះតែ ចំណី និង​ធាតុ​ចូល​ផ្សេងៗ មាន​ឡើងថ្លៃ ទើប​មាន​វា​រី​វប្បករ​ខ្លះ​ផ្អាក​ចិញ្ចឹម និង​ខ្លះទៀត​កាត់បន្ថយ​ការចិញ្ចឹម​»​។​

​លោកថ្លែងថា​៖ «​តម្លៃ​ត្រី​លើ​ទីផ្សារ​នាពេល​បច្ចុប្បន្ននេះ មានការ​ចុះថ្លៃ ដោយសារ​រដូវ​នេះ​មាន​ត្រី​ស្រែ​ច្រើន និង​មានការ​នាំចូល​ត្រី​ពី​ក្រៅ​មក​ច្រើន​ដែរ ដែល​សមាគម​មាន​កង្វល់​ចំពោះ​បញ្ហា​នេះ ព្រោះ​ការផ្អាក​ចិញ្ចឹម និង​កាត់បន្ថយ​ការចិញ្ចឹម​របស់​វា​រី​វប្បករ អាច​នឹង​ធ្វើឱ្យ​កង្វះ​ការផ្គត់ផ្គង់​ត្រី​សម្រាប់​ដើមឆ្នាំ​ក្រោយ​»​។​

​លោកថ្លែងថា កន្លងទៅ​សមាគម តែងតែ​ធ្វើការ​ណែនាំ​ដល់​វា​រី​វប្បករ ពី​បច្ចេកទេស​ចិញ្ចឹម​ថ្មីៗ ដែល​អាច​កាត់​បន្ថយ​ថ្លៃដើម ដូចជា​ការកាត់បន្ថយ​ចំណី និង​កូន​ត្រី​ជាដើម ប៉ុន្តែ​មាន​កសិករ និង​វា​រី​វប្បករ មិន​ច្រើន​ទេ ដែល​អនុវត្តតាម​ការ​ណែនាំ ដោយ​ពួក​គាត់​យល់ថា វា​មិនសូវ​បាន​ផល​។​

​យោងតាម​របាយការណ៍​ពី​រដ្ឋបាល​ជលផល កាលពី​ឆ្នាំ​ ២០២២ ស្ថិតិ​ផល​នេសាទ និង​ផល​វារីវប្បកម្ម​អនុវត្តបាន​ចំនួន ៨៦២ ២០០ ​តោន កើន ៥ ៨០០​ តោន ក្នុងនោះ​មាន ផល​នេសាទ​ទឹកសាប ៤០៦ ៤០០​ តោន កើន ២៣ ៣៥០​ តោន ផល​នេសាទ​សមុទ្រ​ ១២៥ ២០០​ តោន កើន​ ២០០​ តោន ខណៈដែល​ផល​វារីវប្បកម្ម ៣៣០ ៦០០ ​តោន ថយ ​១៧ ៧៥០​ តោន​។​

​ដោយឡែក​ការនាំចេញ​ផលិតផល​ជលផល​មាន​ចំនួន ២ ៩៤៣​ តោន ការនាំ​ចូល ផលិតផល​ជលផល​មាន​ចំនួន ៥៧ ៨២៦​ តោន និង​ការនាំ​ឆ្លងកាត់ ផលិតផល​ជលផល​មាន​ចំនួន ៥ ២១៦​ តោន​៕