Alynana Media Cambodia
Icon Collap
clinic narit

រដ្ឋមន្ត្រីក្រសួងសាធារណការ បានបរិច្ចាគថវិកា ៤០០ លានរៀលទៅមូលនិធិគន្ធបុប្ផាកម្ពុជា

Media LNN | Jun 21, 2023
រដ្ឋមន្ត្រីក្រសួងសាធារណការ បានបរិច្ចាគថវិកា ៤០០ លានរៀលទៅមូលនិធិគន្ធបុប្ផាកម្ពុជា
Clinic narith

ភ្នំពេញ៖មូលនិធិគន្ធបុប្ផាកម្ពុជាបានទទួលថវិកាបរិច្ចាគចំនួន ៤០០ លានរៀល ពីឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ខណៈដែលថវិកាបរិច្ចាគនេះទទួលបានពីកម្មវិធីលក់ផ្លាកលេខពិសេសផ្ទាល់ខ្លួន របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាពេលពេលកន្លងមក។

នេះបើយោងតាមផេកផ្លូវការរបស់មូលនិធិគន្ធបុប្ផាកម្ពុជាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នេះ ។

ជាមួយគ្នានេះ មូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគំនិតផ្ដួចផ្ដើម និងទឹកចិត្តសប្បុរសធម៌ របស់ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងស្មារតី “ខ្មែរជួយខ្មែរ” ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា។

សូមជម្រាបជូនថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” សម្រាប់កុមារកម្ពុជា ដែលមានរយៈពេល១ខែពេញ ដោយបានចាប់ផ្ដើមពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ និងដោយគិតត្រឹម២សប្ដាហ៍ដំបូងនៃយុទ្ធនាការនេះ មានសប្បុរសជនជាង ២សែននាក់ បានចូលរួមបរិច្ចាគដោយទទួលបានថវិកាសរុបចំនួនប្រមាណ ២លានដុល្លារ ទាំងតាមរយៈការបរិច្ចាគដោយផ្ទាល់នៅមន្ទីរពេទ្យ និងការបរិច្ចាគតាមប្រព័ន្ធធនាគារចល័ត។

មូលនិធិគន្ធបុប្ផាកម្ពុជា គឺជាស្ថាប័នជាតិមួយដែលមានតួនាទីក្នុងការកៀរគរការបរិច្ចាគ ពីសប្បុរសជន ដើម្បីរួមគ្នារក្សានិរន្តរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង ខណៈចំណាយជាមធ្យមប្រចាំសប្ដាហ៍អស់ប្រមាណ ៨៤ ម៉ឺនដុល្លារអាមេរិក ឬស្មើនឹងជាង៤០លានដុល្លារក្នុង១ឆ្នាំៗ ឯណោះ។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមលើកទឹកចិត្តសប្បុរសជននានា បន្តរួមគ្នាជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងស្មារតី “ខ្មែរជួយខ្មែរ” ដើម្បីនាំមកនូវភាពញញឹមរបស់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា ទោះបីជានៅពេលយុទ្ធនាការ “១ម៉ឺនរៀល១ម៉ឺននាក់”សម្រាប់កុមារកម្ពុជា នឹងត្រូវបញ្ចប់នៅដំណាច់ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះក៏ដោយ៕