បច្ចុប្បន្នអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូន គឺពិតជាសំខាន់មែនទែន ជាពិសេសលើប្រព័ន្ធផ្លូវដែក ដោយសារផ្លូវដែកនេះអាចជួយសម្រួលការដឹកជញ្ជូនទំនិញ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋឲ្យបានភាពប្រសើរឡើង។
ជាក់ស្ដែងបច្ចុប្បន្នក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងធ្វើការសិក្សាគម្រោងផ្លូវរថភ្លើងទំនើបៗ ចំនួន២ខ្សែរ ដែលផ្លូវដែកធុនស្រាល តភ្ជាប់ទៅព្រលានយន្តហោះតែម្ដង ដែលមានព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ និងព្រលានយន្ដហោះអន្ដរជាតិតេជោក្រុងតាខ្មៅ។ នេះបើយោងតាមប្រសាសន៍របស់ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន។នៅក្នុងកិច្ចសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍BTV កាលពីថ្ងៃទី២១ មិថុនា ឆ្នាំ២០២៣ ឯកឧត្តមបានបានប្រសាសន៍យ៉ាងដូច្នេះថា “យើងកំពុងកសាងព្រលានយន្តហោះថ្មីពីរ មួយនៅសៀមរាប មួយនៅភ្នំពេញ អ៊ីចឹងយើងកំពុងសិក្សារផ្លូវរថភ្លើងធុនស្រាល ដើម្បីតភ្ជាប់ ពីព្រលានយន្តហោះថ្មីនៅសៀមរាប ទៅក្រុងសៀមរាប ពីភ្នំពេញទៅព្រលានយន្តហោះថ្មី ផងដែរ”។ លោកបានបន្តថា “ព្រលានយន្តហោះថ្មី នៅសៀមរាបនឹងបើកឆាប់នេះហើយ អ៊ីចឹងខាងអ្នកវិនិយោគគាត់ធ្វើផ្លូវ តភ្ជាប់ពីព្រលានយន្តហោះគាត់ មកផ្លូវលេខ៦ របស់យើង ហើយយើងក៏រៀបចំពង្រីកផ្លូវនោះពី២ គន្លងទៅ៦ គន្លង ទៅសៀមរាបតែម្ដង យើងមិនចង់ឱ្យមានការកកស្ទះ ទៅព្រលានយន្តហោះនោះដែរ”។
គួរជម្រាបផងដែរថា បច្ចុប្បន្ននេះកម្ពុជាកំពុងសិក្សាផ្លូវល្បឿនលឿនមួយខ្សែ តភ្ជាប់ពីភ្នំពេញទៅក្រុងប៉ោយប៉ែត ខណៈផ្លូវរថភ្លើងល្បឿនលឿននេះក៏ជាផ្លូវដំបូងបំផុតក្នុងប្រវត្ដិសាស្រ្ដកម្ពុជាផងដែរ។ គម្រោងរថភ្លើងល្បឿនលឿននេះមានប្រវែងសរុបប្រមាណ ៣៨២ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ ត្រូវការទុនវិនិយោគប្រមាណជាង ៤ ពាន់លានដុល្លារអាមេរិក ដោយរួមបញ្ចូលទាំងក្បាល និងទូរថភ្លើងសម្រាប់ដំណើរការ និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។ផ្លូវរថភ្លើងល្បឿនលឿននេះ មានខ្នាតទទឹងប្រវែង ១,៤៣៥ ម៉ែត្រ ល្បឿនសម្រាប់ធ្វើចរាចរណ៍ ១៦០ គីឡូម៉ែត្រក្នុង ១ ម៉ោង និងមានស្ថានីយសរុបចំនួន៣៣ សម្រាប់ដំណើរការ (ស្ថានីយចំនួន១៩ ក្នុងផែនការរយៈពេលខ្លី និងគ្រោងបន្ថែមចំនួន ១៤ទៀត ក្នុងផែនការរយៈពេលវែង)៕