Alynana Media Cambodia
Icon Collap
clinic narit

ចិនលើកលែងពន្ធ ៧២ ពាន់លានដុល្លារ ចំពោះរថយន្តអគ្គិសនី និងរថយន្តមិនប៉ះពាល់បរិស្ថាន

Media LNN | Jun 23, 2023
ចិនលើកលែងពន្ធ ៧២ ពាន់លានដុល្លារ ចំពោះរថយន្តអគ្គិសនី និងរថយន្តមិនប៉ះពាល់បរិស្ថាន
Clinic narith

ប្រទេសចិនលើកលែងមិនយកពន្ធប្រមាណជាង ៧២ ពាន់លានដុល្លារ ក្នុងរយៈពេល ៤ ឆ្នាំ ចំពោះរថយន្តអគ្គិសនី (EVs) និងរថយន្តមិនប៉ះពាល់បរិស្ថានផ្សេងៗទៀត។ វាជាការអនុគ្រោះពន្ធដ៏ធំបំផុតសម្រាប់ឧស្សាហកម្មរថយន្តប្រភេទនេះ ខណៈដែលប្រទេសចិនកំពុងស្វែងរកការជំរុញកំណើនក្នុងការលក់រថយន្តដែលកំពុងតែមានសន្ទុះយឺត។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។ការធ្លាក់ចុះកំណើនក្នុងការលក់រថយន្តនៅប្រទេសចិនដែលជាទីផ្សាររថយន្តដ៏ធំបំផុតក្នុងពិភពលោក បានបង្កើនការព្រួយបារម្ភពីកំណើនសេដ្ឋកិច្ចចិន ខណៈដែលការគាំទ្រផ្នែកហិរញ្ញវត្ថុត្រូវគេរំពឹងទុកយ៉ាងទូលំទូលាយថានឹងជួយលើកកម្ពស់ឧស្សាហកម្មនេះ។ បន្ទាប់ពីរដ្ឋាភិបាលបានដាក់ចេញវិធានការមិនយកពន្ធចំពោះរថយន្តអគ្គិសនីនិងរថយន្តមិនប៉ះពាល់បរិស្ថានរួចមក ភាគហ៊ុននៅតាមក្រុមហ៊ុនផលិតរថយន្តធំៗបានកើនឡើង សូម្បីតែតម្លៃហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី អិនអាយអូ (NIO) ក៏បានកើនឡើង ៣,៥% ផងដែរ។

លោក សួ តុងស៊ូ (Cui Dongshu) អគ្គលេខាធិការសមាគមរថយន្តដឹកអ្នកដំណើរចិន បាននិយាយថា ការបន្តមិនយកពន្ធរយៈពេល ៤ ឆ្នាំទៀត ជាជំនួយលើសពីការរំពឹងទុករបស់ទីផ្សារ។យានជំនិះប្រើថាមពលថ្មី (NEVs) មួយគ្រឿង ដែលគេទិញពីឆ្នាំ២០២៤ដល់ឆ្នាំ២០២៥ នឹងត្រូវលើកលែងពន្ធដែលមានតម្លៃរហូតដល់ប្រហែលជាង៤ពាន់ដុល្លារក្នុងមួយគ្រឿង។ រថយន្តប្រើថាមពលថ្មីសំដៅដល់រថយន្តអគ្គិសនីប្រើអាគុយទាំងស្រុង រថយន្តប្រើអាគុយផងប្រើប្រេងផង និងរថយន្តប្រើថាមពលអ៊ីដ្រូសែន។ វិធានការថ្មីនេះនឹងបន្តលើកលែងពន្ធចំពោះការទិញរថយន្តប្រើថាមពលថ្មី (NEV) ដែលនឹងត្រូវផុតកំណត់នៅចុងឆ្នាំ២០២៣នេះ។

ក្រសួងហិរញ្ញវត្ថុចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការលើកលែងពន្ធទិញនេះនឹងកាត់បន្ថយពាក់កណ្តាលដោយកំណត់យកប្រហែល ២ ពាន់ដុល្លារសម្រាប់ការទិញរថយន្តពីឆ្នាំ២០២៦ ដល់ឆ្នាំ២០២៧។

ប្រទេសចិនក៏ធ្លាប់បានផ្តល់ការឧបត្ថម្ភធនសម្រាប់ការទិញរថយន្តអគ្គិសនីអស់រយៈពេលជាងមួយទសវត្សរ៍ផងដែរ ប៉ុន្តែកម្មវិធីនេះទើបតែបានបញ្ចប់កាលពីឆ្នាំមុន។អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក ស៊ូ ហុងសៃ (Xu Hongcai) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ការបន្ធូរបន្ថយពន្ធសម្រាប់រថយន្តប្រើថាមពលថ្មី ដែលបានបង្កើតជាលើកដំបូងក្នុងឆ្នាំ២០១៤ និងបានបន្តជាថ្មីចំនួន៣ដង ដែលចុងក្រោយធ្វើនៅឆ្នាំ២០២២នោះ មានទំហំលើសពី ១៧ ពាន់លានដុល្លារគិតត្រឹមឆ្នាំមុន។ លោក ស៊ូ បាននិយាយថា ការលើកលែងពន្ធនៅឆ្នាំនេះនឹងកើនឡើងដល់ជាង ១៦ ពាន់លានដុល្លារ៕