ក្រចេះ៖ អគ្គីភ័យមួយបានកើតឡើងបណ្ដាលឱ្យឆាប់ឆេះផ្ទះប្រជាពលរដ្ឋអស់ ៤ល្វែង និងបានខូចខាតទ្រព្យសម្បត្តិប្រមាណជាង ៣០ម៉ឺនដុល្លារ កាលពីវេលាម៉ោង០១និង ១០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិសែនអភិវឌ្ឍន៍ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។
នៅក្នុងហេតុការណ៍អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋខាងលើនេះ លោក សាម ណាល់ អភិបាលស្រុកស្នួល ក៏បានចុះទៅដល់ទីតាំងកើតហេតុ និងដឹកនាំកម្លាំងជួយអន្តរាគមន៍ បាញ់ពន្លត់អគ្គិភ័យ រហូតដល់រលត់អស់ទាំងស្រុង ប្រើរយៈពេល ៥ម៉ោង។
សមត្ថកិច្ច បានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ កែវ ឈាន ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាសមាជិកក្រុមប្រឹក្សាឃុំគ្រញូងសែនជ័យ និងប្រពន្ធឈ្មោះ ណៃ យាត មានផ្ទះធ្វើអំពីឈើលើ ថ្មក្រោម ប្រក់ដែកចំនួន៤ល្វែង ត្រូវបានខូចខាតទ្រព្យសម្បត្តិទាំងស្រុងសរុបជាទឹកប្រាក់ប្រហែល ៣០ម៉ឺនដុល្លារ មូលហេតុដែលបណ្តាលាលឲ្យមានអគ្គិភ័យឆាបឆេះនេះ ដោយសារផ្ទុះស្សេខ្សែភ្លើងចេញពីបន្ទប់ស្តុកអីវ៉ាន់។
ក្នុងករណីអគ្គីភ័យខាងលើ ពុំបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ ហើយក៏មិនបណ្តាលឲ្យមានការរាលដាលទៅដល់លំនៅដ្ឋានផ្សេងទៀតដែរ។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹងទៀតថា ក្នុងករណីនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ៥គ្រឿង ក្នុងនោះ រថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះចំនួន ២គ្រឿង រថយន្តរបស់អធិការដ្ឋាននគរបាលស្រុកស្នួលចំនួន១គ្រឿង រថយន្តរបស់អធិការដ្ឋាននគរបាលស្រុកកែវសីម៉ាចំនួន០១គ្រឿង និងរថយន្តរបស់អធិការដ្ឋាននគរបាលស្រុកមេមត់ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១២រថយន្ត ទើបអាចគ្រប់គ្រងស្ថានការណ៍បានជាស្ថាពរ នៅវេលាម៉ោង៤:៥៥នាទីទៀបភ្លឺ៕