ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានជំរុញឱ្យពន្លឿនការរៀបចំក្របខណ្ឌច្បាប់ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីពន្លឿនដំណើរការតុលាការពាណិជ្ជកម្ម ដើម្បីធានាដល់ការដោះស្រាយវិវាទពាណិជ្ជកម្ម និងធុរកិច្ច និងជាការលើកកម្ពស់បរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អគារសាលាយុត្តិធម្ម» នៅព្រឹកថ្ងៃទី២៦ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ណែនាំក្រសួងយុត្តិធម៌ រៀបចំក្របខណ្ឌច្បាប់ លើការបង្កើតតុលាការពាណិជ្ជកម្ម ប្រកបដោយគុណភាព, តម្លាភាព និង ភាពជឿទុកចិត្តបាន សម្រាប់បង្កើនជំនឿទុកចិត្តលើការវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ប្រសាសន៍អះអាងថា« គប្បីពន្លឿនច្បាប់ទាក់ទងនឹងតុលារការពាណិជ្ជកម្ម។ ខ្ញុំស្នើ គួរតែខិតខំជំរុញឱ្យចេញនៅក្នុងនីតិកាលខាងមុខនេះ នូវច្បាប់ស្តីអំពីតុលាការពាណិជ្ជកម្ម។ រៀបចំតុលារការពាណិជ្ជកម្មនេះឡើង ដើម្បីកាត់ក្តីទៅលើរឿងនេះ ។
បើតាមក្រសួងយុត្តិធម៌ ការបង្កើតតុលាការឯកទេសមួយនេះ ដើម្បីបង្កើនជំនឿទុកចិត្ដ ពីអ្នកវិនិយោគ តាមរយៈបង្កើនគុណភាពនៃសេវា ក្នុងការដោះស្រាយសំណុំរឿងក្ដី ទៅតាមជំនាញនីមួយៗ ដែលចូលរួមកាត់បន្ថយការកកស្ទះសំណុំរឿងតុលាការ តាមរយៈដំណើរការនីតិវិធីបានលឿនជាងមុន។ ការដាក់ឲ្យដំណើរការតុលាការពាណិជ្ជកម្មនេះ គឺជំហ៊ានដំបូងធ្វើឡើងនៅរាជធានីភ្នំពេញ ក្នុងនោះមានទាំងសាលាដំបូង និងសាលាឧទ្ធរណ៍នៅជាមួយគ្នាតែម្ដង។ ជំហ៊ានបន្ទាប់ អាចគ្រោងបង្កើតនៅខេត្តព្រះសីហនុ ហើយជាពិសេសនៅតំបន់ណាដែលមានការធ្វើពាណិជ្ជកម្មច្រើន។
សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា ដំណើរការតែតុលាការព្រហ្មទណ្ឌ និងតុលាការរដ្ឋប្បវេណីប៉ុណ្ណោះ។ រាល់សំណុំរឿង ដែលពាក់ព័ន្ធនឹងវិវាទផ្នែកពាណិជ្ជកម្ម និងផ្នែកការងារ ត្រូវបញ្ជូនទៅឲ្យតុលាការរដ្ឋប្បវេណី កាត់ក្តី៕