អចលនទ្រព្យនៅវៀតណាមនៅតែបន្តជាប់គាំងពីមួយថ្ងៃទៅមួយថ្ងៃ ដែលជាហេតុធ្វើឱ្យម្ចាស់ក្រុមហ៊ុនមួយចំនួនបង្ខំចិត្តកាត់ប្រាក់បៀវត្សរ៍របស់បុគ្គលិក ក្រុមហ៊ុនខ្លះកាត់បន្ថយបុគ្គលិក ហើយក្រុមហ៊ុនខ្លះឈានដល់ការបិទទ្វាតែម្តង។ ស្របពេលនោះក៏មានបុគ្គលិកមួយចំនួននាំគ្នាងាកទៅលក់កាហ្វេ និងគ្រឿងសង្ហារឹម ដើម្បីរកចំណូលចិញ្ចឹមជីវិតផងដែរ។ នេះបើយោងតាមចុះផ្សាយរបស់សារព័ត៌មានរបស់វៀតណាម vnexpress។
លោក Hoang Viet ដែលជាម្ចាស់ក្រុមហ៊ុន Dat Xanh Services បានឱ្យដឹងថា លោកបានបញ្ឈប់បុគ្គលិកពី ២០០ នាក់ មកនៅត្រឹមតែ ៣០ នាក់ប៉ុណ្ណោះ។ ទន្ទឹមនឹងនោះ លោកត្រូវលក់រថយន្តផ្ទាល់ខ្លួន បន្ទាប់មកត្រូវប្រគល់ការិយាល័យពីរភាគបីឱ្យម្ចាស់អគារ ហើយបញ្ឈប់បុគ្គលិក ដើម្បីកាត់បន្ថយការចំណាយ និងបង់ការប្រាក់ធនាគារជាប្រចាំផងដែរ។ បន្ថែមពីនេះក៏មានបុគ្គលិកមួយចំនួន ងាកទៅធ្វើការងារផ្សេងវិញដូចជាលក់ធានារ៉ាប់រង គ្រឿងសង្ហារឹម និងកាហ្វេ ដើម្បីរកដកដង្ហើមរស់បន្តក្នុងគ្រាមានវិបត្តិនេះផងដែរ។ ក្នុងនោះដែរក៏មាន ក្រុមហ៊ុនអចលនទ្រព្យខ្នាតធំជាច្រើន បញ្ចាក់ឲ្យដឹងថា ពួកគេបានកាត់បន្ថយបុគ្គលិកអស់ជាច្រើន រហូតដល់ជាង ៨០ ភាគរយនៃចំនួនបុគ្គលិកជាង ១ ម៉ឺននាក់ ស្របពេលក្រុមហ៊ុនខា្នតមធ្យមមួយចំនួន ត្រូវបានបិទទ្វាទាំងស្រុងតែម្តង ។
បើយោងតាមរបាយការណ៍ដែលបានចេញផ្សាយនៅដើមខែមិថុនា ដោយសមាគមអ្នកអចលនទ្រព្យរបស់វៀតណាមបានឱ្យដឹងថា មានអាជីវកម្មជាង ៩៥ ភាគរយនៅទូទាំងប្រទេស បានបញ្ឈប់បុគ្គលិករបស់ខ្លួន។ ដោយឡែកសម្រាប់ប៉ុន្មានខែចុងក្រោយនេះ ក្រុមហ៊ុនមួយចំនួនបានបញ្ជាក់ថា រកអាចរកចំណូលបានសូម្បីតែមួយកាកមួយសេន ៕