Alynana Media Cambodia
Icon Collap
clinic narit

ឆាគ្រាប់ក្រួស មុខម្ហូបកំពុងល្បីខ្លាំង អង្រួនបណ្ដាញសង្គមចិន

Media LNN | Jun 27, 2023
ឆាគ្រាប់ក្រួស មុខម្ហូបកំពុងល្បីខ្លាំង អង្រួនបណ្ដាញសង្គមចិន
Clinic narith

(ចិន)៖ តូបអាហារមួយចំនួននៅក្នុងប្រទេសចិន បានដាក់ចេញនូវមុខម្ហូបយ៉ាងថ្មីសន្លាងមួយ ដែលកំពុងតែអង្រួននៅលើបណ្ដាញសង្គមចិន ជាមួយនឹងគ្រឿងផ្សំបែបធម្មជាតិពិតៗ ហើយអាចកែច្នៃបានថែមទៀត នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNN។ មុខម្ហូប​នោះ មាន​ដើម​កំណើត​ចេញពី​ខេត្ត Hubei និងមានឈ្មោះថា​ suodiu ដែលមានន័យថា «បឺតចោល» ហើយគ្រឿងផ្សំសំខាន់របស់វា គឺជាគ្រាប់ក្រួស។ អតិថិជនគ្រាន់តែបឺតជញ្ជក់គ្រាប់ក្រួស ដើម្បីស្រួបយករសជាតិហឹរដ៏ឆ្ងាញរបស់វា ហើយបោះគ្រាប់ក្រួសទាំងនោះចោល ជាការស្រេច។ វីដេអូរបស់មុខម្ហូបនេះ កំពុងត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅក្នុងបណ្ដាញសង្គមចិន ក្នុងសប្ដាហ៍កន្លងមកនេះ។

មុខម្ហូបនេះក៏មិនស្មុគស្មាញក្នុងការធ្វើនោះដែរ ដោយចុងភៅគ្រាន់តែធ្វើការ​ចាក់​ប្រេងម្ទេសទៅ​លើ​ដុំ​ក្រួស ស្រោច​ទឹក​ខ្ទឹម​ឱ្យ​សព្វ រួច​កូរ​ឱ្យ​សព្វ​ជាមួយ​ខ្ទឹម​ស និង​ម្ទេស​ហាន់​ជា​បន្ទះៗ នេះបើយោងតាមវីដេអូនៅលើបណ្ដាញ Xiaohongshu ដែលដូចនឹង Instagram នៅក្នុងប្រទេសចិន។

ចុងភៅម្នាក់ដែលបានចម្អិនម្ហូបនេះ បាននិយាយថា គ្រឿងផ្សំរបស់វាគឺជាមូលហេតុដែលមុខម្ហូបនេះមានប្រជាប្រិយភាពខ្លាំង ហើយវាកំពុងល្បីខ្លាំងដូចជាស្រា។ តម្លៃរបស់វាក៏មិនកបពពកនោះដែរ ដោយក្នុងមួយចានតូចមានតម្លៃប្រហែល ១៦ យ័ន (២.៣០ ដុល្លារអាមេរិក) ប៉ុណ្ណោះ។

ប្រភេទក្រួសដែលពួកគេបានយកមកចម្អិន ក៏អាចយក​វា​ទៅទុកនៅ​ផ្ទះ​ធ្វើជា​វត្ថុ​អនុស្សាវរីយ៍បានផងដែរ ប្រសិនបើអ្នកទិញមិនដឹងថា ត្រូវចោលនៅទីណា។

គួរឱ្យដឹងដែរថា Suodiu ត្រូវបានគេជឿថា មានអាយុកាលរាប់រយឆ្នាំមកហើយនៅប្រទេសចិន។ វាត្រូវបានបន្តជាច្រើនជំនាន់ដោយអ្នកប្រកបរបរតាមទូក នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ កាល​ពី​សម័យ​ដើម អ្នក​ចុះ​ទូក​អាច​ជាប់​គាំង​នៅកណ្តាល​ទន្លេ ហើយអាចនឹង​អស់​អាហារ​ ទើបបានជាពួកគេយកក្រួសធ្វើជាម្ហូប៕