ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានអះអាងថា ក្រៅពីរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងរោងចក្រឧស្សាហកម្មកែច្នៃមួយចំនួន ខេត្តកំពង់ស្ពឺនឹងមានរោងចក្រផលិតស៊ីម៉ង់ត៍ដ៏ធំមួយ ដែលមានសមត្ថភាពផលិតស៊ីម៉ង់ត៍បានរហូត២លានតោនក្នុង១ឆ្នាំនាពេលអនាគត។ តាមរយៈរោងចក្រឧស្សាហកម្មធុនធ្ងន់នេះ វានឹងជួយឲ្យខេត្តដែលមានរោងចក្រច្រើនជាងគេលំដាប់ទីពីរបន្ទាប់ពីរាជធានីភ្នំពេញមួយនេះ ក្លាយជាខេត្តផ្គត់ផ្គង់ស៊ីម៉ង់ត៍ដ៏ធំជាងគេមួយនៅកម្ពុជា។ក្រៅពីគម្រោងនេះ កាលពីពេលថ្មីៗក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)ទើបអនុម័តឲ្យក្រុមហ៊ុនមួយបង្កើតរោងចក្រផលិតស៊ីម៉ង់ត៍ ដែលមានតម្លៃវិនិយោគប្រមាណ៩៥លានដុល្លារ និងបង្កើតការងារបាន៩៧៩កន្លែងនៅស្រុករនតមណ្ឌល ខេត្តបាត់ដំបង។ បច្ចុប្បន្នរោងចក្រផលិតស៊ីម៉ង់ត៍នៅកម្ពុជាមានសមត្ថភាពអាចផលិតស៊ីម៉ង់ត៍បានជាង៩លានតោន ខណៈកម្ពុជាមានតម្រូវការស៊ីម៉ង់ត៍ប្រមាណ១៤លានតោនក្នុង១ឆ្នាំ។
នាពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតជាង១ម៉ឺន៩ពាន់នាក់នៅខេត្តកំពង់ស្ពឺនាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអះអាងថា ក្រៅពីរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងវាយនភណ្ឌ ខេត្តកំពង់ស្ពឺនឹងមានរោងចក្រផលិតស៊ីម៉ង់ត៍ដ៏ធំមួយ ដែលមានសមត្ថភាពអាចផលិតស៊ីម៉ង់ត៍បានប្រមាណ២លានតោនក្នុង១ឆ្នាំនាពេលខាងមុខនេះ។ វត្តមានរោងចក្រនេះ វានឹងជួយឲ្យខេត្តនៅភាគខាងលិចរាជធានីភ្នំពេញមួយនេះក្លាយជាខេត្តផ្គត់ផ្គង់ និងចែកចាយស៊ីម៉ង់ត៍ដ៍ធំមួយរបស់កម្ពុជា បន្ទាប់ពីខេត្តកំពត។ សម្តេចតេជោបានសង្កត់ធ្ងន់ថា រោងចក្រផលិតស៊ីម៉ង់ត៍នៅខេត្តកំពង់ស្ពឺនេះនឹងប្រើប្រាស់ថ្មវត្ថុធាតុដើម ដែលកប់នៅក្នុងដី អាចខុសប្លែកពីរោងចក្រដែលកំពុងមានប្រតិបត្តិការនៅកម្ពុជាបច្ចុប្បន្ន។ បើតាមការលើកឡើងរបស់សម្តេចគម្រោងរោងចក្រផលិតស៊ីម៉ង់ត៍ខេត្តកំពង់ស្ពឺទទួលបានការអនុញ្ញាតសម្រាប់ការវិនិយោគរួចហើយ។តែយ៉ាងណាប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាមិនបានបញ្ជាក់លម្អិតទេថា គម្រោងរោងចក្រផលិតស៊ីម៉ង់ត៍នេះមានទុនវិនិយោគប៉ុន្មាន អាចផ្តល់ការងារជូនប្រជាពលរដ្ឋបានប៉ុន្មាន ហើយគ្រោងចាប់ផ្តើមសាងសង់ និងបញ្ចប់នៅពេលណានោះទេ។ ទន្ទឹមនឹងកំណើនហូរចូលនៃគម្រោងការវិនិយោគ ខេត្តកំពង់ស្ពឺកំពង់ប្រឈមនឹងបញ្ហាកង្វះកម្លាំងពលកម្ម ដែលបច្ចុប្បន្នខេត្តនេះខ្វះកម្លាំងពលកម្មបម្រើឲ្យវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ និងវាយនភណ្ឌប្រមាណ៥ពាន់នាក់។ នេះបើតាមការគូបញ្ជាក់បស់ម្តេចតេជោ ហ៊ុន សែន ដែលបានបន្ថែមថា កំពង់ស្ពឺដែលជាខេត្តមានរោងចក្រច្រើនជាងគេលំដាប់ទីពីរបន្ទាប់ពីរាជធានីភ្នំពេញ នៅតែមានសក្តានុពលខ្ពស់ក្នុងការទាក់ទាញការវិនិយោគ។
ក្រៅពីគម្រោងរោងចក្រផលិតស៊ីម៉ង់ត៍ខាងលើ កាលពីពេលថ្មីៗក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទើបអនុម័តឲ្យក្រុមហ៊ុន DONGFANG JUNMA CEMENT បង្កើតរោងចក្រផលិតស៊ីម៉ង់ត៍ ដែលមានទុនវិនិយោគ៩៥លានដុល្លារ និងបង្កើតការងារចំនួន៩៧៩កន្លែង ដែលមានទីតាំងស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបងមួយបន្ថែមទៀតផងដែរ។ បច្ចប្បន្នកម្ពុជាមានរោងចក្រផលិតស៊ីម៉ង់ត៍ចំនួន៥ ដែលមានសមត្ថភាពអាចផលិតស៊ីម៉ង់ត៍បានជាង៩លានតោនក្នុង១ឆ្នាំ ខណៈកម្ពុជាមានតម្រូវការប្រើប្រាស់ស៊ីម៉ង់ត៍ប្រមាណ១៤លានតោនក្នុង១ឆ្នាំ ដែលបង្ខំឲ្យកម្ពុជាត្រូវនាំចូលស៊ីម៉ង់ត៍ពីក្រៅប្រទេស ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុក៕