Alynana Media Cambodia
Icon Collap
clinic narit

​ម្រេច​កម្ពុជា​ នឹង​ឈាន​ជើង​ចូល​ទីផ្សារ​មជ្ឈិមបូព៌ា​នៅពេល​ឆាប់ៗ​នេះ​

Media LNN | Jun 28, 2023
​ម្រេច​កម្ពុជា​ នឹង​ឈាន​ជើង​ចូល​ទីផ្សារ​មជ្ឈិមបូព៌ា​នៅពេល​ឆាប់ៗ​នេះ​
Clinic narith

ភ្នំពេញៈ ផលិតផល​ម្រេច​កម្ពុជា​រំពឹង​នឹង​អាចមាន​វត្ត​មាននៅ​ទីផ្សារ​បណ្តា​ប្រទេស​នៅ​តំបន់​មជ្ឈិមបូព៌ា​នាពេល​ឆាប់ៗ​នេះ ខណៈ​រដ្ឋាភិបាល​កម្ពុជា កាលពីដើម​ខែមិថុនា​នេះ បាន​ចុះ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ជា​មួយ​ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ដែលជា​ប្រទេស​ស្ថិតក្នុង​តំបន់​មជ្ឈិមបូព៌ា​ផងដែរ​។​

​ថ្លែងប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៧ ខែមិថុនា លោក ម៉ាក់ នី ប្រធាន​សហព័ន្ធ​ម្រេច និង​គ្រឿង​​ទេស​កម្ពុជា​ (CPSF)​ បានឱ្យដឹងថា នៅពេលនេះ​សមាគម​របស់លោក​កំពុង​ស្វែងរក​ទីផ្សារ​នាំចេញ​ម្រេច​ទៅ​ប្រទេស​នៅ​តំបន់​មជ្ឈិមបូព៌ា​ឱ្យបាន​ឆាប់ ដើម្បី​ជំរុញ​ការនាំចេញ និង​អាចជួយ​ឱ្យ​ម្រេច​ទទួលបាន​តម្លៃ​ប្រសើរ​ជាង​មុន​។ បច្ចុប្បន្ន​ដោយ​សារ​មិនសូវមាន​ទីផ្សារ​នាំចេញ​ផ្លូវការ ម្រេច​កម្ពុជា​ប្រហែល ៨០​ ភាគរយ ​ត្រូវបាន​ឈ្មួញ​ប្រមូល​ទិញ​យកទៅលក់​ឱ្យ​ប្រទេស​វៀត​ណា​ម​។

​លោក​បន្តថា នៅពេល​មាន​ទីផ្សារ​នាំចេញ​កាន់តែច្រើន នឹងធ្វើ​ឱ្យ​អ្នក​នាំចេញ​មាន​ជម្រើស​កាន់​តែ​ច្រើន ហើយ​តម្លៃ​ក៏​ខ្ពស់​ដែរ​។​

​លោក​បញ្ជាក់ថា​៖ «​រហូតមក​ដល់ពេល​នេះ​ការនាំចេញ​ម្រេច​របស់​ក្រម​ហ៊ុន​ជា​សមាជិក CPSF ទៅ​បណ្តា​ប្រទេស​នៅ​តំបន់​មជ្ឈិមបូព៌ា គឺ​មិនទាន់មាន​ទេ ដោយ​បច្ចុប្បន្ន​យើង​កំពុងធ្វើការ​ជាមួយ​អ្នកបញ្ជា​ទិញ​នៅ​តំបន់​នោះ ព្រោះ​ការនាំ​ចេញទៅ​ទីនោះ​នឹង​អាចមាន​របាំង​មួយចំនួន រួមទាំង​នីតិវិធី​បង់ពន្ធ​នាំចូល ជា​​ដើម​។ ទោះយ៉ាងណា យើង​សង្ឃឹមថា ការនាំ​ចេញទៅ​ទីនោះ​នឹង​ចាប់ផ្តើម​ក្នុងពេល​ឆាប់ៗ​ដើម្បី​អាច​ប្រកួតប្រជែង​ជាមួយ​ម្រេច​មកពី​ប្រទេស​ផ្សេងៗ​។​

​បើតាម​លោក ណាក់ នី ផលិតផល​ម្រេច​ដែល​កំពុង​ដាក់លក់​នៅ​ប្រទេស​តំបន់​មជ្ឈិមបូព៌ា គឺមាន​ភាគច្រើន​នាំ​ចូល​ពី​ប្រទេស​វៀតណាម ឥណ្ឌូនេស៊ី និង​ប្រេ​ស៊ី​ល ជាដើម​។​

 

​ប្រធាន​សមាគម​លើកកម្ពស់​ម្រេច​​កំពត លោក ងួន ឡាយ បាន​និយាយថា សម្រាប់​ម្រេច​កំពត​ដែលជា​ផលិត​ផល​សម្គាល់​ភូមិសាស្ត្រ គឺ​មិនមាន​ក្តី​បារម្ភ​ពី​បញ្ហា​តម្លៃ និង​ទីផ្សារ​ឡើយ ព្រោះ​ផល​ដែល​កសិករ​ប្រមូលបាន​គឺ​មិនដែល​សល់​ទេ និង​មានតម្លៃ​ខ្ពស់ជាង​ម្រេច​ទូទៅ​ទៀត​។ ជាធម្មតា ការ​ប្រមូល​ផល​ម្រេច​កំពត​ក្នុង​១​ឆ្នាំ គឺមាន​បរិមាណ​ក្នុង​រង្វង់​ប្រហែល​ ១០០ ​តោន​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ម្រេច​កំពត គឺ​តែងមាន​ក្រុមហ៊ុននាំចេញ​មក​បញ្ជា​ទិញ​ស្ទើរ​អស់​នៅមុន​ពេល​ប្រមូល​ផល​ម្តងៗ​»​។ បើតាម​លោក ងួន ឡាយ ចាប់​តាំងពី​ឆ្នាំ​ ២០១៥ មក​តម្លៃ​ម្រេច​កំពត ​(GI) គឺ​មិន​ប្រែប្រួល​ឡើយ ដោយ​ម្រេចខ្មៅ (​នៅ​ចម្ការ​) ​មានតម្លៃ​មធ្យម ១៥ ​ដុល្លារ​ក្នុង​ ១ ​គីឡូក្រាម​, ម្រេច​ក្រហម ២៥ ​ដុល្លារ និង​ម្រេចស ២៨ ​ដុល្លារ​។​

​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម នឹង​ក្លាយជា​កម្លាំងចលករ ជំរុញ​ទំនាក់ទំនង​កិច្ចសហ ប្រតិបត្តិការ ទូលំទូលាយ រវាង​ប្រទេស​ទាំង​ ២ ដែល​នឹង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន​។ តាមរយៈ​កិច្ចព្រមព្រៀង​នេះ កម្ពុជា​នឹងមាន​លទ្ធភាព​ក្នុង​ការធ្វើ​ពិពិធ​កម្ម​ទីផ្សារ​នាំចេញ​របស់ខ្លួន​ទៅកាន់​ប្រទេស​អារ៉ាប់​រួម និង​អាច​ឈានទៅ​ចាប់យក​ឱកាស​ទីផ្សារ​តំបន់​មជ្ឈិមបូព៌ា និង​តំបន់​នៅក្បែរៗ​នោះ​ផងដែរ​។​

​ជាទូទៅ​កម្ពុជា​អាច​ផលិត​ម្រេច​ (​ធម្មតា​) បាន​ក្នុង​រង្វង់ ១,៧​ ទៅ ២ ​ម៉ឺន​តោន​ក្នុង​ ១ ​ឆ្នាំ លើ​ផ្ទៃដី​ដាំ​ម្រេច​សរុប​ជិត ៧ ០០០​ ហិកតា តែ​បច្ចុប្បន្ននេះ​បាន​ថយចុះ​ប្រមាណ​ពី ១០​ ទៅ​ ២០ ​ភាគរយ​។ លោក​អះអាងថា ការដាំដុះ​ម្រេច​គឺ​ភាគច្រើន​សម្រាប់​បំពេញ​តម្រូវ​ការនាំចេញ​ប៉ុណ្ណោះ ដោយសារ​ការប្រើប្រាស់​ម្រេច​ក្នុងស្រុក​មាន​តិចតួច​គឺ​ប្រមាណ​ ៥-៧​ ភាគរយ​ប៉ុណ្ណោះ​ក្នុង​ ១ ​ឆ្នាំ​។ នេះ​បើតាម​លោក ម៉ាក នី​។​

​ទិន្នន័យ​ក្រសួងកសិកម្ម ឱ្យដឹងថា ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២៣ ការនាំចេញ​ម្រេច​សម្រេចបាន ៨២២,៦៥​ តោន ក្នុងនោះ​នាំចេញ​ទៅ​ប្រទេស​វៀតណាម​ចំនួន ៧៦៥​ តោន​, អាមេរិក ២៦,១៤​ តោន​, កូរ៉េ ១៦,២​ តោន​, បារាំង ៩,៥៤​ តោន​, បែលហ្ស៊ិក ២,៣៦ ​តោន​, ជប៉ុន ១,៣៨​ តោន​, ឥណ្ឌា ០,៩៦ ​តោន​, អាល្លឺម៉ង់ ០,៩០​ តោន​, សិង្ហ​បុរី ០,១០​ តោន​, កោះ​​តៃវ៉ាន់ ០,០៤​ តោន​, អូស្ត្រាលី ០,០៣ តោន និង​ប្រទេស​ម៉ាឡេស៊ី ០,០០២​ តោន​៕