ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានឱ្យដឹងថា មកដល់បច្ចុប្បន្ន ចំនួនទុនដែលមានក្នុងផ្សារមូលបត្រកម្ពុជាបានហក់ដល់៣៣០លានដុល្លារ ខណៈក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួញដូរមូលបត្រកម្មសិទ្ធិសាធារណៈ និងបោះផ្សាយសញ្ញាបណ្ណកើនដល់ចំនួន២០ក្រុមហ៊ុន បន្ទាប់ពីបង្កើត និងចាប់បដិសន្ធិនៅក្នុងឆ្នាំ២០១២ ។
ថ្លែងក្នុងពិធីចុះបញ្ជី និងគោះជួងនៃការលក់មូលបត្រកម្មសិទ្ធិជាផ្លូការរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នៅក្រុមហ៊ុនផ្សារមូល បត្រកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម ហុង សុហួរ បានបញ្ជាក់ថា នេះជាសញ្ញាវិវឌ្ឍវិជ្ជមានឆ្ពោះទៅមុខមួយនៃផ្សារមូលបត្រកម្ពុជា បើទោះបីជាមិន ទាន់ខ្ពស់ដូចប្រទេសជិតខាងដូចជាថៃ និងវៀតណាមក្តី។
បើតាមការបញ្ជាក់របស់ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានឱ្យដឹងថា មានក្រុមហ៊ុនសក្តានុពលផ្សេង ទៀតកំពុងត្រៀម ដើម្បីធ្វើការបោះ ផ្សាយលក់មូលបត្រជាបន្តបន្ទាប់ ខណៈគិតត្រឹមឆមាសទី១ ឆ្នាំ ២០២៣នេះ មានក្រុមហ៊ុនចំនួន៣ ដែលធ្វើការចុះបញ្ជីនៅផ្សារមូល បត្រកម្ពុជា ក្នុងនោះក្រុមហ៊ុន ម៉េងលី ជេ. គួច អេខ្យូខេសិន ម.ក. គឺជាក្រុមហ៊ុនដំបូងគេក្នុងវិស័យអប់រំ ដែលបានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈដែលបានកៀរគរទុនបានប្រមាណ៥,១លានដុល្លារ គិតត្រឹមថ្ងៃចុះបញ្ជីលក់ជាផ្លូវការ។
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិកប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្ដិក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានឱ្យដឹងថា ភាគហ៊ុនមូលបត្រកម្មសិទ្ធិ សាធារណៈ ហៅកាត់ IPO មានចំនួនជាង១៩លានភាគហ៊ុន ស្មើ នឹង៥,៨៨ភាគរយនៃភាគហ៊ុនក្រុម ហ៊ុនសរុប ហើយតម្លៃក្នុងមួយហ៊ុន២,០៨០រៀល។ អ្នកឧកញ៉ា គ្រោងប្រមូលទុនឱ្យបានចំនួន ១០ លានដុល្លារ ដើម្បីវិនិយោគបន្ថែមទៀតទៅលើអគារសិក្សាឱ្យបាន ១៦០កន្លែងនៅគ្រប់រាជធានី-ខេត្ត ក្រុង ខណៈបច្ចុប្បន្ន អគារសិក្សាមានចំនួន១៦សាខា នៅក្នុងរាជធានី-ខេត្ត។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងសេដ្ឋ កិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា អះអាងថា ទីផ្សារមូលបត្រកម្ពុជា មានការរីកចម្រើនទៅមុខ បន្ទាប់ពីមានការចុះបញ្ជីលក់មូលបត្រជាបន្តបន្ទាប់ពីសំណាក់ក្រុមហ៊ុនបោះផ្សាយមូលបត្រក្នុងស្រុក ដែលបានសបញ្ជាក់ឱ្យឃើញពីការយល់ដឹងទៅលើវិស័យដ៏ក្មេង ខ្ចីរបស់កម្ពុជាមួយនេះ។
សូមបញ្ជាក់ថា ការចូលរួមវិនិយោគរបស់វិស័យឯកជន និងសាធារណ ជន ក្នុងផ្សារមូលបត្រកម្ពុជា អាចទទួលបានប្រាក់ចំណេញពីការជួញ ដូរភាគហ៊ុន ដើមទុនពង្រីកអាជីវ កម្ម ការបន្ធូរបន្ថយពន្ធ និងទំនាក់ ទំនងខ្ចីទុនដោយមិនចាំបាច់ដាក់ទ្រព្យតម្តល់ ជាដើម៕