Alynana Media Cambodia
Icon Collap
clinic narit

មាសរងសម្ពាធពីការដំឡើងការប្រាក់ខណៈអ្នកជំនាញថានឹងបន្តដាំក្បាលចុះ

Media LNN | Jun 29, 2023
មាសរងសម្ពាធពីការដំឡើងការប្រាក់ខណៈអ្នកជំនាញថានឹងបន្តដាំក្បាលចុះ
Clinic narith

ហាងឆេងមាសលើទីផ្សារអន្តរជាតិបានចាប់ផ្ដើមបន្តដាំក្បាលចុះខណៈព័ត៌មាននៅអាមេរិកនិងអឺរ៉ុបបានដាក់សម្ពាធជាបន្តបន្ទាប់។ គិតត្រឹមថ្ងៃនេះមាសលើទីផ្សារអន្តរជាតិបានធ្លាក់ចុះមកដល់១៩០៧ដុល្លារក្នុងមួយអោន(ស្មើនឹង២២៩៨ដុល្លារក្នុងមួយតម្លឹង)។

បើយោងតាមការចុះផ្សាយរបស់Kitco បានឲ្យដឹងថាមាសបានបន្តធ្លាក់ថ្លៃដោយសាររងសម្ពាធពីការដំឡើងការប្រាក់ដុល្លារអាមេរិកនិងការដំឡើងការប្រាក់នៅទីផ្សារអឺរ៉ុប។

លើសពីនេះព័ត៌មានថ្មីមួយទៀតចេញពីទឹកដីអាមេរិកក៏បន្តដាក់សម្ពាធផងដែរ។ ជាក់ស្ដែងទិន្នន័យស្ដីពីទំនុកចិត្តនៃអ្នកប្រើប្រាស់ដែលហៅកាត់ថាCCIនៅសហរដ្ឋអាមេរិកមានការកើនឡើងដែលមានន័យប្រជាជនចាប់ផ្ដើមមានទំនុកចិត្តលើផ្នែកហិរញ្ញវត្ថុហើយចាប់ផ្ដើមធ្វើសកម្មភាពចាយវាយធ្វើឲ្យមានសកម្មភាពសេដ្ឋកិច្ចនិងជួយជំរុញដល់សេដ្ឋកិច្ច។ ដូច្នេះកត្តាមួយនេះគឺជាកត្តាធំមួយដែលបានបន្តដាក់សម្ពាធលើមាសឲ្យធ្លាក់ចុះបន្តទៀត។ក្រៅពីនេះព័ត៌មាននៅអាមេរិកក៏មានកត្តាផ្សេងទៀតដែលដាក់សម្ពាធបន្ថែមលើមាស ដូចជានៅទីផ្សារអឺរ៉ុបប្រទេសអង់គ្លេសបានចាប់ផ្ដើមដំឡើងអត្រាការប្រាក់ផោនចំនួន០.៥០%ពី៤.៥០%មក៥%ដើម្បីប្រឆាំងនឹងអតិផរណាដែលកំពុងស្ថិតនៅអត្រាមួយខ្ពស់។ ចំណែកលោកស្រី Christine Lagarde ប្រធានធនាគារកណ្ដាលរបស់អឺរ៉ុបបានឲ្យដឹងថាអតិផរណានៅជាបញ្ហាចោទដូច្នេះការដំឡើងការប្រាក់នឹងត្រូវធ្វើបន្តទៀត។

 ជុំវិញកត្តាដែលបានរៀបរាប់ខាងលើត្រូវបានលោក Edward Moya អ្នកវិភាគទីផ្សារនៃក្រុមហ៊ុនOANDA លើកឡើងថាមាសស្ថិតក្នុងចំណុចហានិភ័យពោលគឺអាចនឹងធ្លាក់ថ្លៃក្រោម១៩០០ដុល្លារក្នុងមួយអោន។ លោកបានបន្តទៀតថាមាសរងសម្ពាធហើយធ្លាក់ថ្លៃជាបន្តបន្ទាប់ចាប់តាំងពីដើមខែឧសភាមកម្ល៉េះ។

បើទោះបីជាមាសលើទីផ្សារអន្តរជាតិចាប់ផ្ដើមបន្តធ្លាក់ថ្លៃក៏ដោយតែហាងឆេងមាសនៅទីផ្សារស្រុកយើងមិនទាន់ានការប្រែប្រួលនៅឡើយ។ នៅថ្ងៃនេះហាងឆេងមាសក្នុងស្រុកមានតម្លៃ២២៨ដុល្លារក្នុងមួយជី។ សូមរងចាំតាមដានឆេងហាងមាសនៅថ្ងៃស្អែកថាតើនឹងប្រែប្រួលឬអត់។