សៀមរាបៈ ផ្អាវជារុក្ខជាតិមួយប្រភេទដុះដោយឯកឯងដែលភាគច្រើនដុះនៅក្នុងព្រៃ តែវាបានផ្តល់ប្រយោជន៍ជាច្រើនក្នុងជីវភាពប្រចាំថ្ងៃ។ បច្ចុប្បន្នមានប្រជាពលរដ្ឋចំនួន ៣ ភូមិប្រមាណ ៤០០ គ្រួសារ នៅឃុំលាងដៃ ក្នុងស្រុកអង្គរធំ ខេត្តសៀមរាប នៅតែរក្សាប្រពៃណីត្បាញកន្ទេលផ្អាវដោយដៃតពីដូនតាមក។
ក្នុងសភាពស្បែកជ្រីវជ្រួញស្ទើរតែពេញផ្ទៃមុខ និងយូរៗម្តងយកដៃសើយក្រមាដាក់នៅក្បាល នោះហើយគឺជាស្ត្រីវ័យចំណាស់ម្នាក់ដែលកំពុងអង្គុយត្បាញកន្ទេលផ្អាវនៅក្រោមផ្ទះសង់ពីឈើប្រក់ស័ង្កសីខ្ពស់ពីដីក្នុងភូមិតាប្រុក ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។
អ្នកស្រី នាម វ៉ើន អាយុ ៦៨ ឆ្នាំបានរៀបរាប់ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ អ្នកស្រីរស់នៅភូមិតាប្រុក ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។ អ្នកស្រីមានកូនចំនួន ៤ នាក់ (ប្រុស ៣ ស្រី១) តែពួកគេមានប្តី-ប្រពន្ធរៀងៗខ្លួនអស់ហើយ។ បច្ចុប្បន្នអ្នកស្រីមានរបរត្បាញកន្ទេលពីដើមផ្អាវ និងពឹងអាស្រ័យនៅជាមួយកូនស្រីម្នាក់។
អ្នកស្រីបានឱ្យដឹងថា ការត្បាញកន្ទេលពីដើមផ្អាវនេះគឺជារបររបស់អ្នកភូមិតាប្រុកដែលមានតាំងពីដូនតាមក ហើយអ្នកស្រីចេះត្បាញកន្ទេលនេះតាំងពីនៅអាយុ ១៤ ឆ្នាំម្ល៉េះ។ ប៉ុន្តែបច្ចុប្បន្នអ្នកប្រកបរបរនេះភាគច្រើនមានតែមនុស្សចាស់ទេ ដែលនៅតស៊ូធ្វើកន្ទេលផ្អាវ ចំណែកឯយុវជនបច្ចុប្បន្នវិញមិនអាចតស៊ូត្បាញបានដូចមនុស្សជំនាន់មុនទេ ព្រោះការងារត្បាញកន្ទេលនេះមានច្រើនដំណាក់កាល ទម្រាំតែអាចផលិតឱ្យកើតចេញជាកន្ទេល ១ បាន។
បើតាមអ្នកស្រី នាម វ៉ើន នៅក្នុងស្រុកអង្គរធំឬនៅតំបន់ផ្សេងៗក្នុងខេត្តសៀមរាប មិនមានដើមផ្អាវសម្រាប់កាប់ធ្វើកន្ទេលទេ ដូច្នេះអ្នកដែលស្វែងរកដើមផ្អាវមកលក់ គឺពួកគាត់ទៅកាប់រហូតដល់ខេត្តកំពង់ធំឯណោះទើបមានហើយមានតែនៅក្នុងព្រៃជ្រៅៗប៉ុណ្ណោះ។ អ្នកស្រីបានទិញដើមផ្អាវគិតជាបាច់ដោយក្នុង ១ បាច់ៗមាន ១០ ដើមតម្លៃ ២ ៥០០ រៀល។
ចំពោះដំណើរការធ្វើកន្ទេលវិញអ្នកស្រីប្រាប់ថា មុនដំបូងយើងយកដើមផ្អាវមកសកសម្បកចេញ បន្ទាប់មកពុះជាចម្រៀកជាចម្រៀកហើយយកទៅហាលថ្ងៃចន្លោះពី ៣ ទៅ ៤ ថ្ងៃឱ្យស្ងួតល្អទើបយកវាទៅត្រាំទឹកឱ្យបាន ១ ថ្ងៃ ហើយបន្ទាប់មកយកទៅហាលថ្ងៃឱ្យស្ងួតម្តងទៀត។
អ្នកស្រីបានរៀបរាប់ទៀតថា ចម្រៀកផ្អាវ ក្រោយពីហាលថ្ងៃលើកទី២ រួច ទើបគេយកវាទៅស្ងោរជ្រលក់ល័ក្តឱ្យទៅជាពណ៌ផ្សេងៗដែលចង់បាន ហើយបន្ទាប់មកយកទៅចងព្យួរហាលខ្យល់ឱ្យស្ងួតទើបយកមកត្បាញ។ ចំពោះខ្នាតដែលពេញនិយមគឺកន្ទេលផ្អាវ ១ មានទទឹង ១ ម៉ែត្រកន្លះ និងបណ្ដោយ២ម៉ែត្រត្រូវចំណាយពេលអង្គុយត្បាញជាងកន្លះខែ ទើបរួចរាល់។
អ្នកស្រីបាននិយាយថា៖ «អ្នកធ្វើកន្ទេលផ្អាវទាល់តែអ្នកនោះអត់ធ្មត់ និងព្យាយាមណាស់ទើបអាចធ្វើទៅបានតែបើមិនអ៊ីចឹងទេធ្វើមិនកើតទេ។ ខ្ញុំចង់ថែរក្សាទំនៀមទម្លាប់មានតាំងពីដូនតាមកក៏ចេះតែខំព្យាយាមទៅតែបើអត់ពីជំនាន់ខ្ញុំប្រហែលជាគ្មានអ្នកបន្តវេនទេ»។
ចំពោះការលក់កន្ទេលវិញ អ្នកស្រីបានបញ្ជាក់ថា បើកន្ទេលដែលមានខ្នាតទទឹង ១ ម៉ែត្រកន្លះ (១,៥០ម៉ែត្រ) និងបណ្តោយ ២ ម៉ែត្រលក់ក្នុងតម្លៃ ១២ ម៉ឺនរៀល តែបើខ្នាត ១,៦០ ម៉ែត្រ និងបណ្តោយ ២ ម៉ែត្រ លក់ ១៣ ម៉ឺនរៀលក្នុងកន្ទេល ១ ហើយបើទទឹង ១ ម៉ែត្រកន្លះ និងបណ្តោយ ២ ម៉ែត្រកន្លះ លក់ថ្លៃ ១៥ ម៉ឺនរៀល។ដោយសារតែកន្ទេលរបស់អ្នកស្រីមានថតរូបបង្ហោះតាមហ្វេសប៊ុក ដូច្នេះមានមនុស្សដឹងច្រើន ហើយគេតែងតែកុម្ម៉ង់ទិញពីតាមបណ្តាខេត្តផ្សេងៗ ពិសេសអតិថិជននៅរាជធានីភ្នំពេញ។
ពាក់ព័ន្ធនឹងរបរត្បាញកន្ទេលផ្អាវនេះ លោក គឿន កើប មេឃុំលាងដៃ បានឱ្យដឹងថា របរត្បាញកន្ទេលផ្អាវក្នុងឃុំលោកមានច្រើនជាងគេ ព្រោះជាមុខរបរប្រពៃណីតាំងពីដូនតាមក ហើយក្រោយពីថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩ ប្រជាពលរដ្ឋបានបន្តមុខរបររបស់គាត់ទៀត។ របរត្បាញកន្ទេលផ្អាវនេះតាមពិតទៅមានស្ទើរគ្រប់ភូមិ តែមានភូមិចំនួន ៣ ប្រជាពលរដ្ឋត្បាញច្រើនជាងគេ គឺភូមិតាប្រុក ភូមិសំរោង និងភូមិស្ពានថ្មីក្នុងចំណោមភូមិចំនួន ៨ នៃមេឃុំលាងដៃដោយមានពលរដ្ឋប្រមាណចន្លោះពី ៣០០ ទៅ ៤០០ គ្រួសារជាអ្នកត្បាញកន្ទេលពីដើមផ្អាវ។
លោកបានបញ្ជាក់ថា៖ «កាលពីមុន វាមានធនធានដើមផ្អាវនៅក្នុងស្រុក តែឥឡូវដើមផ្អាវខ្សត់ដោយសារតែអ្នកត្បាញកន្ទេលកាប់។ ម្យ៉ាងដើមផ្អាវនេះវាពឹងផ្អែកលើធនធានធម្មជាតិ ដល់ពេលដើមឈើមិនសូវដុះ វាក៏មិនដុះដែរព្រោះអាផ្អាវនេះបើមានព្រៃធម្មជាតិដុះច្រើនវាក៏លូតលាស់តាមគេដែរ»។
លោកបានបន្តថា ទាំង ៣ ភូមិខាងលើនេះអាចនិយាយបានថា ពួកគាត់ជាអ្នកកាន់ខ្ជាប់នូវទំនៀមទម្លាប់ប្រពៃណីពីដូនតាតរៀងមក ហើយកន្ទេលផ្អាវដែលពួកគាត់ត្បាញស្អាតៗណាស់។ ប៉ុន្តែអ្នកត្បាញភាគច្រើនជាមនុស្សមានវ័យពី ៤០ ដល់ ៧០ ឆ្នាំ រីឯក្មេងៗដែលនៅមានកម្លាំង គឺគេទៅធ្វើការងារណាឆាប់រកលុយបាន ព្រោះកន្ទេលកន្លះខែទើបត្បាញបាន ១។ ការត្បាញកន្ទេលផ្អាវនេះចេះតែថយចំនួនអ្នកត្បាញបន្តិចម្តងៗដោយសារពិបាករកដើមផ្អាវ។
បើតាមលោក គឿន កើប កន្ទេលផ្អាវនេះមិនមែនងាយស្រួលក្នុងការធ្វើទេ វាទាមទារឱ្យអ្នកនោះមានចិត្តអំណត់អត់ធ្មត់ខ្លាំងណាស់ទើបធ្វើបាន។ ដោយសារទៅកាប់់បានពីព្រៃហើយយកមកត្រូវស្ទោះយកបន្លាចេញ ហើយត្រូវពុះច្រៀកដើមរបស់ឱ្យវាតូចៗ រួចយកទៅហាលថ្ងៃហើយបន្ទាប់មកស្ងោរជ្រលក់ពណ៌ទើបអង្គុយត្បាញជាក្រឡា។ ទោះយ៉ាងណារបរត្បាញកន្ទេលផ្អាវក៏ជួយជីវភាពអ្នកភូមិបានល្អប្រសើរដែរ។
ពាក់ព័ន្ធនឹងកន្ទេលផ្អាវនេះដែរ លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបប្រាប់ភ្នំពេញប៉ុស្តិ៍ថា នៅឃុំលាងដៃ ស្រុកអង្គរធំ ប្រជាពលរដ្ឋភាគច្រើនដែលរស់នៅតំបន់នោះបានប្រកបរបរត្បាញកន្ទេលផ្អាវលក់ ដោយសារដើមផ្អាវពីមុនៗមកសម្បូរ។ ប៉ុន្តែក្រោយៗមក កន្លែងដែលពួកគាត់ធ្លាប់រកដើមផ្អាវបាន ត្រូវគេទិញដីឬគេចាក់ដីលុបអស់ទៅក៏កាន់តែធ្វើឱ្យដើមផ្អាវថយចុះ។
លោកបានបញ្ជាក់ដែរថា៖ «កន្ទេលផ្អាវនេះជាទូទៅគេធ្វើនៅគ្រប់ខេត្តដែរហ្នឹង គ្រាន់តែថានៅខេត្តសៀមរាបគេចូលចិត្តប្រើច្រើនជាងគេ បើនៅខេត្តដទៃគេមិនសូវសម្បូរផ្អាវ គេប្រើតែស្លឹកត្នោតទៅ។ កន្ទេលផ្អាវវាជាប់ជាង មើលទៅវាទន់រលោងហើយប្រើប្រាស់ស្រួលជាងកន្ទេលស្លឹកត្នោតឬកន្ទេលកក់»៕