អន្តរជាតិ៖ ការិយាល័យស្ថិតិទូទៅរបស់ប្រទេសបាននិយាយថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) របស់វៀតណាមក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះបានកើនឡើង ៣,២៩ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈដែលអតិផរណាស្នូលរបស់ប្រទេសបានកើនឡើង ៤,៧៤ ភាគរយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ យោងតាមការិយាល័យខាងលើ បានឱ្យដឹងថា ក្នុងរយៈពេលប្រាំមួយខែនេះ មុខទំនិញដែលប្រកាសឡើងថ្លៃដ៏សំខាន់បំផុតរួមមាន
សម្ភារៈសិក្សាដែលមានការកើនឡើង ៧,៩៥ ភាគរយ លំនៅឋាន និងសម្ភារៈសំណង់មានការកើនឡើង ៦,៦ ភាគរយ ចំណែកផ្នែកវប្បធម៌ ការកម្សាន្ត និងទេសចរណ៍កើនឡើង ៣,៧៤ ភាគរយ។ នៅឆ្នាំ ២០២២ ប្រទេសវៀតណាមបានមើលឃើញថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ កើនឡើង ៣,១៥ ភាគរយបើធៀបនឹងឆ្នាំមុន។ បើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានឱ្យដឹងថា ប្រទេសនេះមាន គោលដៅ រក្សាអតិផរណានៅកម្រិត ៤,៥ ភាគរយនៅឆ្នាំ ២០២៣ ៕