អាមេរិក៖ ប្រជាជនអាមេរិក ជិតមួយភាគបី ជួបប្រទះគុណភាពខ្យល់មិនល្អកាលពីថ្ងៃព្រហស្បតិ៍ ខណៈផ្សែងពីចំហេះព្រៃពីប្រទេសកាណាដា អូសបន្លាយពេល បានរាលដាលនៅពាសពេញផ្ទៃមេឃនៅភាគខាងលិច និងភាគខាងកើត ដែលបណ្តាលមានសុខភាពមិនល្អ ហើយនៅកន្លែងមួយចំនួនស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។អង្គភាពសេវាអាកាសធាតុជាតិបាននិយាយថា ការព្រមានពីគុណភាពខ្យល់បានចូលជាធរមាន រហូតដល់ពាក់កណ្តាលអធ្រាត្រសម្រាប់តំបន់ភាគច្រើននៅសហរដ្ឋអាមេរិក ដែលបានលាតសន្ធឹងចាប់ពីរដ្ឋ Wisconsin និងភាគខាងជើងរដ្ឋ Illinois រហូតដល់រដ្ឋ Michigan និងលាតសន្ធឹងចូលទៅក្នុងទីក្រុង New York និងតំបន់ East Coast។
ប្រជាជនអាមេរិកជាង ១០០ លាននាក់ ត្រូវបានជំរុញឱ្យកំណត់សកម្មភាពនៅខាងក្រៅលំនៅឋានរយៈពេលយូរ ហើយប្រសិនបើចាំបាច់ សូមពាក់ម៉ាស់ ប្រសិនបើពួកគេមានជំងឺសួត ឬផ្លូវដង្ហើម។
កុមារ និងមនុស្សចាស់ក៏ត្រូវបានណែនាំឱ្យកាត់បន្ថយ ឬចៀសវាងសកម្មភាពដែលនឿយហត់។ ប្រជាជនដែលរស់នៅក្នុងទីក្រុងធំៗរបស់សហរដ្ឋអាមេរិកដូចជា ទីក្រុងញូវយ៉ក ឈីកាហ្គោ និងហ្វីឡាដែលហ្វៀ អាចមើលឃើញផ្ទៃមេឃស្រអាប់ និងមានក្លិនឆ្ងៀមអុសឆេះពេញមួយថ្ងៃ។អភិបាលក្រុងញូវយ៉ក លោក Eric Adams បាននិយាយនៅលើបណ្តាញ Twitter កាលពីថ្ងៃព្រហស្បតិ៍ ថា សូមមានការប្រុងប្រយ័ត្នជាមូន ។ ប្រសិនបើអ្នកមានស្ថានភាពសុខភាព រួមមានលក្ខខណ្ឌផ្លូវដង្ហើម ដូចជាជំងឺហឺត សូមកាត់បន្ថយពេលវេលារបស់អ្នកនៅខាងក្រៅ៕