ប្រទេសថៃ ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់មួយរបស់តំបន់អាស៊ីអាគ្នេយ៍ ទំនងមិនសម្រេចគោលដៅក្នុងការទទួលភ្ញៀវទេសចរបរទេសចំនួន ៣០ លាននាក់ ក្នុងឆ្នាំ ២០២៣ ដូចដែលខ្លួនរំពឹងទុកនោះទេ ដោយសារការមកដល់របស់ភ្ញៀវចិនថយចុះដែលរងផលប៉ះពាល់ពីកត្តាថមថយសកម្មភាពសេដ្ឋកិច្ចរបស់ប្រទេសចិននៅឆមាសទី ២ ខាងមុខនេះ។
លោក Barnabas Gan សេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារ RHB បានសរសេរក្នុងកំណត់ត្រាមួយថា ការមកដល់របស់ភ្ញៀវទេសចរពីប្រទេសចិនទៅកាន់ប្រទេសថៃ ឆ្នាំ ២០២៣ អាចធ្លាក់ចុះក្រោម ៥ លាននាក់ ដែលទាបជាងការរំពឹងទុករបស់រដ្ឋាភិបាលថៃចំនួន ៧ លាននាក់។ នេះបើយោងតាមសារព័ត៌មាន Bloomberg។
លទ្ធភាពនៃសកម្មភាពសេដ្ឋកិច្ចរបស់ប្រទេសចិន ដែលធ្លាក់ចុះនៅក្នុងឆមាសទី២ នៃឆ្នាំនេះនឹងកាត់បន្ថយការធ្វើដំណើរចេញក្រៅប្រទេសរបស់ទេសចរចិន។
អ្នកធ្វើដំណើរជាង ១,៣ លាននាក់ទៅប្រទេសថៃ ក្នុងឆ្នាំ ២០២៣ គឺមកពីប្រទេសចិន។ប្រទេសថៃទទួលទេសចរបរទេសចំនួន ១២,៥ លាននាក់គិតចាប់ថ្ងៃទី ១ មករាដល់ថ្ងៃ ២៥ ខែមិថុនា។ តាមតួលេខថៃទទួលបានទេសចរប្រមាណ ២ លាននាក់ក្នុង ១ ខែពីខែមករាដល់ខែឧសភា។ នេះយោងតាមក្រសួងទេសចរណ៍ និងកីឡារបស់ប្រទេសថៃ។
តាមលទ្ធផលនេះ ការមកដល់របស់ភ្ញៀវទេសចរបរទេសប្រចាំឆ្នាំរបស់ប្រទេសថៃនឹងមានចន្លោះពី ២៦ ទៅ ២៨ លាននាក់ ក្នុងឆ្នាំ ២០២៣។ ចំនួននេះក៏នៅឃើញកំណើនលើសទ្វេដងធៀបឆ្នាំ ២០២២ ដែលមានចំនួន ១១,២ លាននាក់។ នេះបើយោងតាមការព្យាកររបស់ RHB។ មុនកូវីដ ១៩ ប្រទេសថៃ បានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិប្រមាណជា ៤០ លាននាក់៕